ជាតិ
សេដ្ឋកិច្ច
ធនាគារពិភពលោក​ផ្តល់​ហិរញ្ញប្បទាន​១១០​លាន​ដុល្លារ​សម្រាប់​ផ្លូវជាតិ​លេខ​៤
25, Jun 2018 , 7:59 pm        
រូបភាព
ដោយ: VOA
 ភ្នំពេញ ៖ ធនាគារពិភពលោក​នៅ​ថ្ងៃ​សុក្រ​នេះ បានសម្រេច​ផ្តល់ជំនួយ​ហិរញ្ញប្បទាន​គ្មាន​ការប្រាក់​បន្ថែមចំនួន​១១០​លាន​ដុល្លារ​អាមេរិក ដើម្បី​កែលម្អ​លក្ខខណ្ឌ សុវត្ថិភាព និង​ភាព​ធន់​អាកាសធាតុ​របស់​ផ្លូវជាតិ​លេខ​៤ ដែលជា​ផ្លូវ​មាន​ប្រយោជន៍​ខាង​សេដ្ឋកិច្ច​របស់​កម្ពុជា​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​របស់​ការិយាល័យ​ធនាគារពិភពលោក​ប្រចាំ​នៅ​កម្ពុជា​។​



​សេចក្តីប្រកាស​របស់​ធ​នាគារ​ពិភពលោក​ចុះ​ថ្ងៃទី​២១​ខែមិថុនា និង​ដែល​បាន​ផ្ញើជូន​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ បានបញ្ជាក់​ឲ្យ​ដឹងថា ប្រទេស​កម្ពុជា​នឹង​បន្ត​កែលម្អ​លក្ខខណ្ឌ សុវត្ថិភាព និង​ភាព​ធន់​នឹង​អាកាសធាតុ​នៃ​ផ្លូវជាតិ​ដ៏​សំខាន់​មួយ​«​ជាមួយនឹង​ហិរញ្ញវត្ថុ​បន្ថែមចំនួន​១១០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ក្រុមប្រឹក្សានាយក​ប្រតិបត្តិ​របស់​ធនាគារពិភពលោក​បានអនុម័ត​នៅថ្ងៃនេះ​»​។​

​ការគាំទ្រ​ខាង​ហិរញ្ញវត្ថុ​បន្ថែម​សម្រាប់​គម្រោង​គ្រប់គ្រង​សម្បត្តិ​ផ្លូវថ្នល់​ជំហាន​ទី​២ (Road Asset Management Project II/RAMP/II)​នេះ​ក៏​នឹងត្រូវ​បាន​គេ​រំពឹងថា នឹង​ជួយផ្តល់​ការឆ្លើយតប​ភ្លាមៗ​និង​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុងករណី​មាន​ស្ថានភាព​បន្ទាន់​។​

​ធនាគារពិភពលោក​បាន​បញ្ជាក់​បន្ត​ក្នុង​សេចក្តីប្រកាស​របស់ខ្លួន​ទៀតថា បច្ចុប្បន្ន ផ្លូវជាតិ​លេខ​៤ ដែលជា​ផ្លូវជាតិ​ត​ភ្ជាប់​រាជធានី​ភ្នំពេញ​ទៅ​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​របស់​កម្ពុជា​តែមួយគត់​នៅក្នុង​ខេត្ត​ព្រះសីហនុ កំពុង​រង​សម្ពាធ​ចរាចរណ៍​យ៉ាង​មមាញឹក​ឆ្លងកាត់​តំបន់​សេដ្ឋកិច្ច​មួយចំនួន និង​តំបន់កសិកម្ម​ជាច្រើន ក្នុងនោះ​រួមមាន​កសិដ្ឋាន​ខ្នាត​ធំ​ផងដែរ​។​

​លោក ផែង សុវិជ្ជា​នោ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ត្រូវបាន​ស្រង់​ប្រសាសន៍​ក្នុង​សេចក្តីប្រកាស​នោះ​តាមន័យ​ដើម​ថា​៖

«​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា​ពឹងផ្អែក​លើផ្លូវ​ជាតិ​លេខ​៤​នេះ ដោយសារ​ថា វា​ជា​ផ្លូវ​តែមួយគត់​សម្រាប់​ត​ភ្ជាប់​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ជាមួយ​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​របស់​កម្ពុជា​»​។​

​លោក​ត្រូវបាន​ស្រង់​ប្រសាសន៍​បន្ថែមថា​៖

«​ការកែលម្អ​ស្ថានភាព​ផ្លូវ​ដ៏​សំខាន់​មួយ​នេះ​នឹង​ជួយ​កាត់បន្ថយ​ការចំណាយ​ពេលវេលា និង​ការចំណាយ​លើ​ការដឹកជញ្ជូន​ដែល​អាចជួយ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​កម្ពុ​ជាកា​ន់​តែមាន​ភាព​ប្រកួតប្រជែង​ខ្លាំង​ឡើង​ថែមទៀត​នៅក្នុង​តំបន់​»​។​

VOA ព្យាយាម​សុំ​ការអធិប្បាយ​បន្ថែម​ពី​លោក ផែង សុវិជ្ជា​នោ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន តែ​លោក​បដិសេធ​មិន​ផ្តល់​ការអធិប្បាយ ដោយបាន​បង្វែរ​សំណួរ​ទៅ​លោក វ៉ា ស៊ីម​សូរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។ វី​អូ​អេ​បាន​ព្យាយាម​ទាក់ទង​លោក​ដើម្បី​សុំ​ការអធិប្បាយ តែ​មិនអាច​ទាក់ទង​បានទេ​នៅ​ថ្ងៃ​សុក្រ​នេះ​។​

​ផ្លូវជាតិ​លេខ​៤​ជា​ផ្លូវ​សំខាន់​មួយ ដែល​ភា្ជ​ប់​ការធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​នៅតាម​តំបន់​សមុទ្រ​កម្ពុជា ក្នុងនោះ​មាន​ខេត្ត​ព្រះសីហនុ ដែលជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​កន្លែង​ទេសចរណ៍​ដ៏​សំខាន់​មួយ​របស់​កម្ពុជា​។​

​នៅក្រោម​ជំនួយ​ហិរញ្ញប្បទាន​បន្ថែម​នេះ ផ្លូវ​ប្រវែង​ជាង​២០០​គីឡូម៉ែត្រ​នេះ​នឹង​ទទួលបាន​ការបង្កើន​គុណភាព​ឲ្យ​ល្អ​ជាង​មុន តាមរយៈ​ការ​អ៊ុត​កៅស៊ូ​ថ្មី​ពីលើ និង​ការរៀបចំ​ឡើងវិញ​នូវ​ចិញ្ចើម​សងខាង​ផ្លូវ ការដាក់​លូបង្ហូរទឹក និង​ការធ្វើ​ស្ពាន នៅក្នុង​តំបន់​ងាយ​លិច​ទឹក នៅតាម​ដងផ្លូវ​នេះ​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ធនា​គារ​ពិភពលោក​ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​។​

​អ្នកស្រី Inguna Dobraja នាយិកា​គ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំ​នៅ​កម្ពុជា  ត្រូវបាន​ស្រង់​ប្រសាសន៍​ក្នុង​សេចក្តីប្រកាស​នោះ​តាមន័យ​ដើម​ថា​៖

«​ការខ្វះចន្លោះ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ជាការ​ប្រឈម​ដ៏​ធំ​មួយ​ដល់​សមត្ថភាព​ប្រកួតប្រជែង និង​ការអភិវឌ្ឍ​វិស័យ​ឯកជន​។ គម្រោង​ដែល​នឹង​កែលម្អ​ស្ថានភាព​ផ្លូវជាតិ​លេខ​៤​នេះ នឹង​ជួយ​ដោះស្រាយ​ភាព​ប្រឈម​ទាំងនោះ ហើយ​វា​នឹង​ពង្រីក​កាលានុវត្តភាព​ផ្នែក​សេដ្ឋកិច្ច​សម្រាប់​ពលរដ្ឋ​កម្ពុជា​»​។​

​ការិយាល័យ​របស់​ធនា​គារ​ពិភពលោក​ប្រចាំ​ទីក្រុង​ភ្នំពេញ​មិនទាន់មាន​ការឆ្លើយតប​សំណួរ​តាម​សារ​អេឡិចត្រូនិក Email ទេ​មកដល់​ល្ងាច​ថ្ងៃ​សុក្រ​នេះ​។​

​ធនាគារពិភពលោក​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្តទៀត​ក្នុង​សេចក្តីប្រកាស​របស់ខ្លួន​ថា ហិរញ្ញប្បទាន​បន្ថែម​នេះ​បាន​ពង្រីក​វិសាលភាព​របស់​គម្រោង​គ្រប់គ្រង​សម្បត្តិ​ផ្លូវថ្នល់​ជំហាន​ទី​២ ហៅ​កាត់​ថា (RAMP II) ដែល​ត្រូវ​បានអនុម័ត​កាលពី​ខែឧសភា ឆ្នាំ​២០១៦ ក្នុង​គោលដៅ​កែលម្អ​ផ្លូវជាតិ​នៅក្នុង​ខេត្តកំពត ខេត្ត​ព្រះសីហនុ ខេត្ត​ត្បូងឃ្មុំ និង​ខេត្តក្រចេះ​។ កញ្ចប់​ហិរញ្ញប្បទាន​នេះ​នឹង​ជួយ​សម្រួល​ដល់​ការឆ្លើយតប​ភ្លាមៗ​ផងដែរ​ក្នុងករណី​ស្ថានភាព​មាន​វិបត្តិ ឬ​ស្ថានភាព​បន្ទាន់​ណាមួយ​ដែល​ចាំបាច់​។​

​ធនាគារពិភពលោក​បាន​ថ្លែង​បញ្ជាក់ថា មូលនិធិ​បន្ថែម សម្រាប់​គាំទ្រ​គម្រោង​ដែល​ពង្រីក​រហូតដល់រ​យៈ​ពេល​ប្រាំបី​ឆ្នាំកន្លះ​នេះ​បានផ្តល់​ហិរញ្ញវត្ថុ​ដោយ​សមាគម​អភិវឌ្ឍន៍​អន្តរជាតិ ដែលជា​ផ្នែក​មួយ​របស់​ក្រុម​ធនាគារពិភពលោក​សម្រាប់​ប្រទេស​ក្រីក្រ​។ មូលនិធិ​នេះ​ជា​ឥណទាន​ដែល​គ្មាន​ការប្រាក់ ហើយនឹង​ត្រូវ​សង​ទូទាត់​ក្នុង​រយៈពេល​៣៨​ឆ្នាំ រាប់ទាំង​ដំណាក់កាល​អនុគ្រោះ​រយៈពេល​៦​ឆ្នាំ​ផងដែរ​។​

​ការសម្រេច​បន្ថែម​ហិរញ្ញប្បទាន​គ្មាន​ការប្រាក់​នេះ​កើតមានឡើង ក្រោយ​ការប្រកាស​របស់​ការិយាល័យ​ធនាគារពិភពលោក​ប្រចាំ​ទីក្រុង​ភ្នំពេញ​កាលពី​ខែឧសភា​ថា  កំណើនសេដ្ឋកិច្ច​កម្ពុជា​នៅតែមាន​ភាពខ្លាំង​ក្លា ទោះបី​ជាមាន​ល្បឿន​យឺត​ជាង​មុន​បន្តិច​ក្តី​។ កំណើនសេដ្ឋកិច្ច​កម្ពុជា​មាន​ត្រឹម​៦,៨​ភាគរយ​ក្នុង​ឆ្នាំ​២០១៧​គឺ​ទាប​ជាង​កំណើន​ក្នុង​ឆ្នាំ​២០១៦​ដែល​សម្រេចបាន​ដល់​ទៅ​៧,០​ភាគរយ​។ កំណើនសេដ្ឋកិច្ច​កម្ពុជា​ត្រូវបាន​រំពឹងទុក​ថា នឹងមាន​ភាពរឹងមាំ ដោយសារ​ការ​ទ្រទ្រង់​មួយផ្នែក​កើតចេញពី​ការចំណាយ​កាន់តែច្រើន​របស់​រដ្ឋាភិបាល និង​លក្ខខណ្ឌ​សេដ្ឋកិច្ចពិភពលោក​មាន​អំ​ណាយ​ផល ក្នុងនោះ​រួមមាន​តម្រូវការ​យ៉ាងច្រើន​នៅក្នុង​បណ្តា​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន​ផង​។​

​ក៏ប៉ុន្តែ​ក្រុម​សេដ្ឋវិទូ​របស់​ធនាគារ​នេះ​បាន​ព្រមាន​ថា  អត្រាកំណើន​សេដ្ឋកិច្ចកម្ពុជា​នឹងត្រូវ​ចុះថមថយ​ដោយ​សន្សឹមៗ ប្រសិនបើ​បញ្ហា​រចនាសម្ព័ន្ធ ជា​ឧទាហរណ៍ ការបាត់បង់​សមត្ថភាព​ប្រកួតប្រជែង ត្រូវបាន​ទុកចោល​មិន​ដោះស្រាយ​នោះ​។​

​បន្ថែម​លើ​ការជួយ​ទ្រទ្រង់​ក្នុង​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ ធនាគារពិភពលោក​បាន​បន្ត​ជួយ​កម្ពុជា​ក្នុង​កិច្ច​ការអប់រំ​សិក្សាធិការ ដែលជា​ផ្នែក​មួយ​នៃ​ការ​ទ្រទ្រង់​ការ​ចម្រើន​ជឿនលឿន​ទៅមុខ​របស់​ប្រទេស​ក្រីក្រ​មួយ​នេះ​។​

​កាលពី​ខែមេសា ធនាគារ​នេះ​បាន​យល់ព្រម​ផ្តល់​ហិរញ្ញប្បទាន​ចំនួន​៩០​លាន​ដុល្លារ​ដើម្បី​កែលម្អ​ការស្រាវជ្រាវ និង​ការអប់រំ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​នៅ​កម្ពុជា​។​

​ធនាគារពិភពលោក​បាន​និយាយថា ថវិកា​នេះ​នឹងត្រូវ​ផ្តល់ទៅឱ្យ​គម្រោង​កែលម្អ​សមត្ថភាព​នៃ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​សម្រាប់​រយៈពេល​៦​ឆ្នាំ ហើយ​មាន​គោលបំណង​លើកកម្ពស់​គុណភាព​នៃ​ការអប់រំ និង​ការស្រាវជ្រាវ​នៅតាម​ស្ថាប័ន​គោលដៅ​ដើម្បី​ពង្រីក​លទ្ធភាព​ទទួលបាន​ការអប់រំ​ថ្នាក់ខ្ពស់​និង​លើកកម្ពស់​អភិបាលកិច្ច​៕

សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com