កីឡាជាតិ
ជាតិ
បឹងកេតឈរកំពូលតារាងក្រោយយកឈ្នះណាហ្គាវើល ខណៈវេស្ទើនភ្នំពេញជាក្រុមដុនដាបជាងគេ កីឡាករ Maycon លើកដៃធ្វើជាសញ្ញាអបអរគ្រាប់បាល់របស់ខ្លួន, រូបភាពពីហ្វេសប៊ុកក្លិបបាល់ទាត់បឹងកេត
× ក្រុមបឹងកេតបានឡើងឈរកំពូលតារាងបណ្តោះអាសន្ន ក្រោយយកឈ្នះណាហ្គាវើលក្នុងលទ្ធផល ៣-២ នាការប្រកួតបញ្ចប់ជើងទី១នៃពានរង្វាន់បាល់ទាត់ក្របខណ្ឌកំពូលកម្ពុជា កាលពីល្ងាចថ្ងៃទី២៤ មិថុនា នៅពហុកីឡដ្ឋានជាតិ។ ចំណែកក្រុមវេស្ទើនភ្នំពេញ ជាក្រុមដុនដាបជាងគេនៅឆ្នាំនេះ ក្រោយបរាជ័យទាំង១១ប្រកួតក្នុងជើងទី១។ បច្ចុប្បន្នក្រុមនេះឈរបាតតារាងគ្មានពិន្ទុរាប់ ដែលអាចប្រឈមនឹងការចាត់ចេញពីក្របខណ្ឌនៅរដូវកាលក្រោយ។
កីឡាករ ម៉ាត់ យ៉ាមីន បានបង្កើតភាពសប្បាយរីករាយសម្រាប់ប្រធានក្លិប និងអ្នកគាំទ្រក្លិបបឹងកេត បន្ទាប់ពីរូបគេស៊ុតបាល់ពីចម្ងាយយ៉ាងអស្ចារ្យបំប៉ោងសំណាញ់ទីណាហ្គាវើល ដើម្បីជួយឲ្យបឹងកេតនាំមុខ ១-០ នៅ១៥នាទីដំបូងក្នុងតង់ទី១។ សម្លេងស្រែកហ៊ោរបស់អ្នកគាំទ្របឹងកេតត្រូវបានគ្របដណ្តប់ដោយសម្លេងអ្នកគាំទ្រណាហ្គាវើល បន្ទាប់ពីប្រធានក្រុម គួច សុគម្ភៈ បានសម្រេចគ្រាប់បាល់តាមស្មើ ១-១ ឲ្យណាហ្គាវើលនៅនាទីទី២៧ ក្រោយការបញ្ជូនយ៉ាងល្អរបស់ខ្សែប្រយុទ្ធ George Bisan។
លទ្ធផលស្មើ ១-១ នេះបានធ្វើឲ្យជំនួបបញ្ចប់ជើងទី១រវាងក្រុមបឹងកេតជាមួយណាហ្គាវើលកាលពីល្ងាចថ្ងៃអាទិត្យ ក្លាយជាជំនួបដ៏ជក់ចិត្តសម្រាប់អ្នកគាំទ្រនៃក្លិបទាំងពីរនៅពហុកីឡដ្ឋានជាតិ។ ក្រុមទាំងពីរបានវាយសម្រុកគ្នាទៅវិញទៅមក និងបានបង្កើតឱកាសមាសរៀងៗខ្លួន តែធ្វើមិនបានសម្រេចដោយរក្សាលទ្ធផលនេះរហូតចប់តង់ទី១។
ក្រោយខ្សែប្រយុទ្ធ Samuel Gbenga Ajayi ដូរចូលជំនួសកីឡាករ ស្លេះ សេន ក្រុមបឹងកេតហាក់មានប្រៀបជាងណាហ្គាវើល តាមរយៈការបង្កើតឱកាសមាសជាច្រើនមកលើណាហ្គាវើល។ ក្រោមការសហការគ្នាយ៉ាងល្អរវាង Gbenga ជាមួយខ្សែប្រយុទ្ធប្រេស៊ីល Maycon ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Esoh Paul Omogba បានសម្រេចគ្រាប់បាល់នាំមុខ ២-១ សម្រាប់បឹងកេតនៅនាទីទី៧៧ ដើម្បីនាំសប្បាយរីករាយសាជាថ្មីសម្រាប់អ្នកគាំទ្រ។
ប៉ុន្តែភាពសប្បាយរីករាយនេះត្រូវរលត់ទៅវិញនៅ១០នាទីក្រោយ បន្ទាប់ពីខ្សែប្រយុទ្ធនីហ្សេរីយ៉ា Mathew Osa ទាត់បាល់ពីចម្ងាយឲ្យផុតដៃអ្នកចាំទីដៃទី២ គឹម មករា របស់បឹងកេត សម្រេចគ្រាប់បាល់តាមស្មើ ២-២ សម្រាប់ណាហ្គាវើល។ ៤នាទីក្រោយមកខ្សែប្រយុទ្ធប្រេស៊ីល Maycon Rogerio Silva Calijuri បានសម្រេចគ្រាប់បាល់ជ័យជម្នះ ៣-២ សម្រាប់បឹងកេត តាមរយៈការទាត់បាល់ពិន័យ១១ម៉ែត្រ ក្រោយខ្សែការពារកូតឌីវ័រ Anderson Zogbe ធ្វើឲ្យរូបគេក្នុងតំបន់គ្រោះថ្នាក់។
ការសម្រេចផ្តល់បាល់ពិន័យ១១ម៉ែត្រដល់បឹងកេតពីសំណាក់អាជ្ញាកណ្តាលធ្វើឲ្យគ្រូបង្វឹក និងកីឡាកររបស់ណាហ្គាវើលបង្ហាញការមិនពេញចិត្តតាមរយៈការតវ៉ា និងសម្តែងកាយវិការផ្សេងៗ។ តែយ៉ាងណា ការតវ៉ារបស់គ្រូ និងកីឡាករណាហ្គាវើលមិនមានប្រសិទ្ធិភាពនោះទេ ដោយព្រមទទួលយកការពិន័យទាំងមិនសប្បាយចិត្ត។
ជ័យជម្នះនេះជួយឲ្យបឹងកេតឡើងឈរកំពូលតារាងបណ្តោះអាសន្នមាន២៧ពិន្ទុក្នុងជើងទី១នៃពានរង្វាន់បាល់ទាត់ក្របខណ្ឌកំពូលកម្ពុជា។ រីឯណាហ្គាវើលក្រោយចាញ់បឹងកេតបានធ្លាក់ទៅឈរលេខរៀងទី២ ដោយមាន២៥ពិន្ទុ។
វេស្ទើនភ្នំពេញជាក្រុមដុនដាបជាងគេនៅឆ្នាំនេះ
ក្នុងចំណោមក្រុមទាំង១២ វេស្ទើនភ្នំពេញជាក្រុមមានសមត្ថភាពនិងទម្រង់លេងខ្សោយជាងគេ ដែលអាចចាត់ទុកថា ជាក្រុមដុនដាបជាងគេ សម្រាប់ការប្រកួតពានរង្វាន់បាល់ទាត់ក្របខណ្ឌកំពូលកម្ពុជានៅរដូវកាលនេះ។ ១១ប្រកួតក្នុងជើងទី១ ក្រុមនេះមិនដែលស្គាល់ជ័យជម្នះឡើយ ហើយក្នុងចំណោមបរាជ័យទាំងនេះ វេស្ទើនភ្នំពេញត្រូវបានគូប្រកួតបំប៉ោងសំណាញ់ទីរហូត១០គ្រាប់ក៏មាន។ ជាក់ស្តែងកាលពីសប្តាហ៍ទី១០ ណាហ្គាវើលបានយកឈ្នះក្រុមនេះក្នុងលទ្ធផល ១០-១ ខណៈក្នុងជំនួបបញ្ចប់ជើងទី១កាលពីថ្ងៃសៅរ៍ទី២៣ មិថុនា ក្រុមនេះត្រូវបាលក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងលត់ក្នុងលទ្ធផល ៨-០។
បច្ចុប្បន្នក្រុមវេស្ទើនភ្នំពេញឈរបាតតារាងគ្មានពិន្ទុរាប់ ក្រោយ១១ប្រកួតរកបាន៤គ្រាប់ នឹងត្រូវគូប្រកួតបំប៉ោងសំណាញ់ទីរហូត៥១គ្រាប់។ លទ្ធផលក្នុងជើងទី១អាចបញ្ជាក់បានថា ក្រុមវេស្ទើនភ្នំពេញអាចប្រឈមនឹងការកាត់ចេញពីក្របខណ្ឌកំពូលនៅរដូវកាលក្រោយ បើគ្មានការកែទម្រង់ក្នុងជើងទី២។
ក្រសួងការពារជាតិ(ទ័ព)លត់អគ្គស្នងការនគរបាលជាតិ(ប៉ូលិស) ៤-០
ក្រុមកីឡាបាល់ទាត់ក្រសួងការពារជាតិបានផ្តល់មេរៀនយ៉ាងជូរចត់ដល់ក្រុមអគ្គស្នងការនគរបាលជាតិ តាមរយៈការលត់ ៤-០ នាការប្រកួតបញ្ចប់ជើងទី១កាលពីថ្ងៃអាទិត្យ ទី២៤ ខែមិថុនា នៅពហុកីឡដ្ឋានជាតិ។ ខ្សែការពារកូរ៉េខាងត្បូង Yoo Jae-ho បានរកគ្រាប់នាំមុខសម្រាប់ក្រសួងការពារជាតិនៅនាទីទី២២ មុនខ្សែប្រយុទ្ធកូរ៉េខាងត្បូង Na Hyo-sang រកបានគ្រាប់ទី២នៅនាទីទី២៦។
បន្ទាប់មកនៅនាទី៥៦កីឡាករ រ៉ឹង ប៊ុនហៀង បានសម្រចគ្រាប់ទី៣សម្រាប់ក្រសួងការពារជាតិ មុនខ្សែការពារកូរ៉េខាងត្បូង Yoo Jae-ho សម្រេចគ្រាប់ទី២របស់ខ្លួន ដែលជាគ្រាប់ជ័យជម្នះ ៤-០ នៅនាទីទី៥៦។ ជ័យជម្នះនេះ ជួយឲ្យក្រសួងការពារជាតិបន្តឈរលេខរៀងទី៤មាន២១ពិន្ទុ ខណៈប៉ូលិសធ្លាក់ទៅឈរលេខរៀងទី៧ដោយរក្សា១៧ពិន្ទុ។
នាការប្រកួតនៅកីឡដ្ឋានអគ្គិសនីកម្ពុជាកាលពីថ្ងៃអាទិត្យនោះដែរ ក្រុមម្ចាស់ផ្ទះអគ្គិសនីកម្ពុជាត្រូវបានក្រុមភ្ញៀវអាស៊ីអឺរ៉ុបយកឈ្នះក្នុងលទ្ធផល ២-០។ ជ័យជម្នះបានជួយឲ្យអាស៊ីអឺរ៉ុបឡើងទៅឈរលេខរៀងទី៥មាន១៨ពិន្ទុ ស្មើភ្នំពេញក្រោនដែលឈរលេខរៀងទី៦។ ចំណែកអគ្គិសនីកម្ពុជាបន្តឈរលេខរៀងទី១១ក្នុងតំបន់ក្រហម ជាមួយ៥ពិន្ទុ។
សម្រាប់ការប្រកួតនៅក្នុងជើងទី១ ក្រុមការពារតំណែងជើងឯកបឹងកេតឈរកំពូលតារាងមាន២៧ពិន្ទុ, ណាហ្គាវើលឈរលេខ២មាន២៥ពិន្ទុ, វិសាខាឈរលេខ៣មាន២៣ពិន្ទុ, ក្រសួងការពារជាតិឈរលេខ៤មាន២១ពិន្ទុ, អាស៊ីអឺរ៉ុបឈរលេខ៥មាន១៨ពិន្ទុ, ភ្នំពេញក្រោនឈរលេខ៦មាន១៨ពិន្ទុ, អគ្គស្នងការនគរបាលជាតិឈរលេខ៧មាន១៧ពិន្ទុ, ព្រះខ័នរាជស្វាយរៀងឈរលេខ៨មាន១៤ពិន្ទុ, អង្គរថាយហ្គឺរឈរលេខ៩មាន១១ពិន្ទុ, សូលទីឡូអង្គរឈរលេខ១០មាន៨ពិន្ទុ, អគ្គិសនីឈរលេខ១១មាន៥ពិន្ទុ និងវេស្ទើនភ្នំពេញឈរបានតារាងមានសូន្យពិន្ទុ៕
Tag:
Cambodian League 2018
បឹងកេត
វេស្ទើនភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com