ជាតិ
សេដ្ឋកិច្ច
​បច្ចេកវិទ្យា
ក្រុមហ៊ុន​៣​បោះទុន​៧០​លាន​បង្កើត​«Data Center»​លើដី​៥​ហិកតា សម្រាប់​អាជីវកម្ម​នៅ​កម្ពុជា
25, Jun 2018 , 7:19 pm        
រូបភាព
ដោយ:
 ភ្នំពេញ​៖ ក្រុមហ៊ុន​ចំនួន​បី​បាន​សហការគ្នា​វិនិយោគ​បង្កើត​មជ្ឈមណ្ឌល​ទិន្នន័យ (Data Center) ដំបូង​គេ​នៅ​កម្ពុជា និង​ផ្ដល់​សេវាកម្ម​គ្រប់គ្រង​លំហូរ​ទិន្នន័យ ដែល​នឹង​បម្រើ​ឲ្យ​តម្រូវការ​របស់​បណ្ដា​ក្រុមហ៊ុន​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​ឌីជីថល និង​ស្ថាប័នរដ្ឋ​ផងដែរ​។



​គម្រោង​បង្កើត Data Center នេះ ត្រូវ​សហការគ្នា​រវាង​ក្រុមហ៊ុន​ក្នុងស្រុក តែ អៀក​ហុង អេ​ន​ធើ​ប្រាយ និង​ក្រុមហ៊ុន Kepstar Data Center និង​ក្រុមហ៊ុន​ម៉ាឡេស៊ី Fourtitute Asia ។ ក្រុមហ៊ុន​ទាំងបី​នេះ​បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា នៅ​ថ្ងៃទី​២២​ខែមិថុនា នៅក្នុង​កម្មវិធី​បច្ចេក​វិទ្យា​មួយ​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។

​ក្រុមហ៊ុន​ទាំងបី​បានប្រកាស​ទឹកប្រាក់​វិនិយោគ​ចំនួន ៧០​លាន​ដុល្លារ ដើម្បី​បង្កើត Data Center ដំបូង​គេ​នៅ​កម្ពុជា​។ គម្រោង​នេះ នឹងត្រូវ​ប្រើ​រយៈពេល ១៨​ខែ ដើម្បី​បង្កើត Data Center លើ​ទីតាំង​ពីរ​កន្លែង ក្នុង​ទំហំ​ផ្ទៃដី​សរុប ៥​ហិកតា​។ មជ្ឈមណ្ឌល​ទិន្នន័យ​នេះ ត្រូវបាន​អះអាងថា​នឹង​ចាប់ផ្ដើម​សាងសង់​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ប៉ុន្តែ​ក្រុមហ៊ុន​មិនអាច​បញ្ជាក់​ពី​ទីកន្លែង​នៃ​គម្រោង​នេះនោះ​ទេ បើទោះបី​មន្ត្រីជាន់ខ្ពស់​របស់​ក្រសួង​ប្រៃសណីយ៍​បាន​បង្ហើប​ថា​គម្រោង​នេះ​ត្រូវធ្វើ​នៅ កំបូល ផ្លូវជាតិ​លេខ​៤ ក្រុងភ្នំពេញ​។​



Data Center គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍​ឌីជីថល​។ ក្រុមហ៊ុន​ដែល​ប្រតិបត្តិការ​អាជីវកម្ម​បែប​ឌីជីថល ពឹង​ផ្អែកលើ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ​។ ក្រុមហ៊ុន​អាជីវកម្ម ត្រូវការ​សេវាកម្ម​គ្រប់គ្រង រក្សាទុក និង​ចរាចរ​ទិន្នន័យ​របស់​ស្ថាប័ន​ខ្លួន ដូចជា​ព័ត៌មាន​អតិថិជន ទិន្នន័យ​ប្រតិបត្តិការ​អាជីវកម្ម​ផ្សេងៗ​ជាដើម​។

​លោក តែ​ជួរ ប្រធាន​ក្រុមហ៊ុន តែ អៀក​ហុង បាន​ថ្លែង​ដូច្នេះ​ថា​៖«Data Center គឺជា​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​សំខាន់​។ អ្នកវិនិយោគ​ធំៗ ដូចជា Amazon, Alibaba ជាដើម បើ​ចង់​មក​កម្ពុជា គេ​នឹង​ស្វែងយល់ថា​កម្ពុ​ជាមាន​ហេដ្ឋារចនាសម្ព័ន្ធ​អ្វីខ្លះ ដើម្បី​ផ្ទុក​ទិន្នន័យ​របស់គេ​»​។​

​ដៃគូ​ម្ចាស់​គម្រោង​នេះ បាន​សំឡឹង​ឃើញ​អតិថិជន​គោលដៅ​របស់ខ្លួន ដែលមាន​ដូចជា ធនាគារ ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍ ជាដើម​។

​សព្វថ្ងៃ បណ្ដា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍ និង​គ្រឹះស្ថាន​ធនាគារ មាន​មណ្ឌល​ទិន្នន័យ​ផ្ទាល់ខ្លួន តែ​ទ្រង់ទ្រាយ​តូច និង​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​។ ហើយ​ក្រុមហ៊ុន​ខ្លះ​ជាវ​សេវា​ផ្ទុក​ទិន្នន័យ​ពី​ក្រៅប្រទេស​។  លោក កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ឲ្យ​ដឹងថា​៖«​ឥឡូវនេះ​ទិន្នន័យ​មាន​ច្រើន ដូចនេះ​ប្រតិបត្តិ​ករ បើ​ខ្វះ​ហេដ្ឋារចនាសម្ព័ន្ធ ហើយ​មិន​ចង់​ចំណាយ​វិនិយោគ​ដោយ​ខ្លួនឯង​ច្រើន ពួកគេ​នឹង​រក​សេវាកម្ម​ពី​គម្រោង​ខាងលើនេះ ដើម្បី​ពង្រីក​លំហូរ​ទិន្នន័យ​របស់ខ្លួន​ធំ​ជាង​មុន​»​។​

​លោក កាន ច័ន្ទ​មេត្តា បានចាត់ទុក Data Center ជា​ឆ្អឹងខ្នង​នៃ​ប្រព័ន្ធ​សេដ្ឋកិច្ច​ឌីជីថល ដែល​កម្ពុជា​កំពង់តែ​តម្រង់ផ្លូវ​របស់ខ្លួន​តា​ម​និន្នាការ​មួយ​នេះ​។ លោក​មានប្រសាសន៍​ដូច្នេះ​ថា​៖«​មជ្ឈមណ្ឌល​ទិន្នន័យ គឺជា​អនាគត​សេដ្ឋកិច្ច​ឌីជីថល​របស់​យើង​។ ហើយ​មជ្ឈមណ្ឌល​ទិន្នន័យ​នេះ នឹង​ជួយ​ទ្រទ្រង់​លំហូរ​ទិន្នន័យ​ដ៏​សំខាន់​»៕



Tag:
 data center
© រក្សាសិទ្ធិដោយ thmeythmey.com