FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
អ៊ុយរូហ្គាយនឹងជួបព័រទុយហ្គាល់ ហើយអេស្ប៉ាញត្រូវប៉ះម្ចាស់ផ្ទះរុស្ស៊ីនៅវគ្គ១៦ក្រុមចុងក្រោយ ជំនួបទាំង៤ប្រកួតកាលពីយប់មិញ។ រូបថត Getty/FIFA
× អ៊ុយរូហ្គាយ បានយកឈ្នះម្ចាស់ផ្ទះរុស្ស៊ី ៣-០ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ១នៅក្នុងពូល A រីឯអារ៉ាប៊ីសាអូឌីត ឈ្នះអេហ្ស៊ីប ២-១ ក្នុងជំនួបបង្ក្រប់កិច្ចនៅព្រឹត្តិការណ៍ FIFA World Cup 2018 នេះ។ សម្រាប់ជំនួបពូល B អេស្ប៉ាញឈរលេខ១ ក្រោយតាមស្មើម៉ារ៉ុក ២-២ នៅនាទីបន្ថែម ហើយក្នុងនាទីបន្ថែមផងដែរ អ៊ីរ៉ង់តាមស្មើព័រទុយហ្គាល់ ១-១ ប៉ុន្តែក្រុមពីអាស៊ីមួយនេះ បានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៣ ប៉ុណ្ណោះ។
ពូល A៖ អ៊ុយរូហ្គាយ លេខ១ រុស្ស៊ី លេខ២ អារ៉ាប៊ីសាអូឌីត និងអេហ្ស៊ីប ធ្លាក់
អ៊ុយរូហ្គាយ រក្សាជ័យជម្នះទាំងបីប្រកួតដើម្បីដណ្តើមចំណាត់ថ្នាក់លេខ១ក្នុងពូល A។ Luis Suarez, Edinson និងការភ្លាត់ស្នៀតធ្វើឲ្យចូលទីខ្លួនឯងរបស់ Denis Cheryshev នាំឲ្យក្រុមពីអាមេរិកខាងត្បូងមួយនេះ ឈ្នះម្ចាស់ផ្ទះរុស្ស៊ី ៣-០ ។ រុស្ស៊ីដែលឡើងដោយស្វ័យប្រវត្តិរួចជាស្រេចហើយនោះ នៅសល់គ្នា១០នាក់ចាប់ពីនាទី៣៦ ដោយ Igor Smolnikov បានកាតលឿងលើកទីពីរ។
អ៊ុយរូហ្គាយក្លាយជាក្រុមដំបូងដែលឈ្នះទាំងបីប្រកួតក្នុងពូល ដោយមិនមានការស៊ុតបាល់បញ្ចូលទីតបតវិញ បើគិតចាប់តាំងពីអាហ្សង់ទីនសម្រេចបានកាលពីឆ្នាំ១៩៩៨ ខណៈ Cavani សម្រេចបានកំណត់ត្រាស្មើ Suarez ជាមួយនឹងការស៊ុតបាល់បញ្ចូលទីនៅព្រឹត្តិការណ៍ World Cup បីលើក (២០១០, ២០១៤ និង២០១៨)។
អ៊ុយរូហ្គាយ បានលេខ១ក្នុងពូល ដោយមាន៩ពិន្ទុពេញ ម្ចាស់ផ្ទះរុស្ស៊ី មាន៦ពិន្ទុ។ រីឯជំនួបបង្គ្រប់ អារ៉ាប៊ីសាអូឌីត បានលេខ៣ ក្រោយឈ្នះអេហ្ស៊ីប ២-១ ។ នៅពាក់កណ្តាលតង់ទីមួយ Mohamed Salah បានស៊ុតបាល់បញ្ចូលទីនាំមុខសម្រាប់អេហ្ស៊ីប មុន Salman Al-Faraj ទាត់ប៉េណាល់ទីតាមស្មើវិញនៅមុនសម្រាកតង់។ ទីបំផុតអារ៉ាប៊ីសាអូឌីត បាន៣ពិន្ទុត្រឡប់ទៅផ្ទះវិញ ក្រោយការស៊ុតបាល់បញ្ចូលទីរបស់ Salem Al-Dawsari នៅនាទីបន្ថែម។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកចាំទីអេហ្ស៊ីប Essam El Hadary អាយុ៤៥ឆ្នាំ ក្លាយជាកីឡាករដែលចាស់ជាងគេនៅ World Cup និងបានរារាំងគ្រាប់បាល់ប៉េណាល់ទីរបស់ Fahad Al Muwallad នៅនាទី៤១ ។
ពូល B៖ អេស្ប៉ាញលេខ១ ព័រទុយហ្គាល់លេខ២ អ៊ីរ៉ង់ និងម៉ារ៉ុកធ្លាក់
Iago Aspas ស៊ុតបាល់បញ្ចូលទីតាមស្មើម៉ារ៉ុក ២-២នៅក្នុងនាទីបន្ថែម ដែលនាំឲ្យអេស្ប៉ាញបានចំណាត់ថ្នាក់លេខ១នៅក្នុងពូល B។ គ្រាបបាល់ចុងក្រោយនេះ ត្រូវបានទទួលស្គាល់ដោយវីដេអូ VAR ក្រោយអាជ្ញាកណ្តាលខ្សែបន្ទាន់ បានលើកទង់ថា ជាបាល់ក្រៅល្បែង (Off-side)។
លេងបានជាង១០នាទី Khalid Boutaib ស៊ុតបាល់បញ្ចូលទីនាំមុខសម្រាប់ម៉ារ៉ុក ប៉ុន្តែ ៥នាទីក្រោយមក Isco តាមស្មើវិញ។ Youssef En-Nesyri នាំមុខសារជាថ្មីសម្រាប់ម៉ារ៉ុក តែឈានដល់នាទីបន្ថែមទៅហើយ Iago Aspas បាននាំសំណាងដល់អេស្ប៉ាញ ជាមួយនឹងជំនួយរបស់ VAR ។
សម្រាប់ជំនួបមួយគូទៀត ព័រទុយហ្គាល់បានចំណាត់ថ្នាក់លេខ២ បើទោះបីជាអ៊ីរ៉ង់តាមស្មើ ១-១ នៅនាទីបន្ថែមក៏ដោយ។ ជំនួបនេះមានការត្រួតពិនិត្យពី VAR រហូតដល់ទៅ២លើក។ Richardo Quaresma រកបានគ្រាប់នាំមុខសម្រាប់ព័រទុយហ្គាល់នៅចុងតង់ទីមួយ ហើយ Cristiano Ronaldo មានឱកាសបន្ថែមគ្រាប់ទីពីរដោយការទាត់បាល់ប៉េណាល់ទី ក្រោយវីដេអូ VAR បង្ហាញថា កីឡាករអ៊ីរ៉ង់បង្កកំហុសនៅតំបន់គ្រោះថ្នាក់ ប៉ុន្តែការស៊ុតរបស់គេត្រូវរារាំងដោយអ្នកចាំទី Ali Beiranvand។
ឈានដល់នាទីបន្ថែម VAR បានសម្រេចម្តងទៀតសម្រាប់គ្រាប់បាល់ប៉េណាល់ទី ក្រោយពិនិត្យឃើញថា ខ្សែការពារ Cedric Soares ប៉ះដៃនៅតំបន់គ្រោះថ្នាក់។ Karim Ansarifard បានស៊ុតបាល់បញ្ចូលទីតាមស្មើ ១-១ ប៉ុន្តែអ៊ីរ៉ង់នៅតែរងការខកចិត្ត ដោយសារពួកគេមានតែ៤ពិន្ទុប៉ុណ្ណោះ។
សម្រាប់ពូល B នេះ អេស្ប៉ាញ បានលេខ១ ព័រទុយហ្គាល់លេខ២ ដោយមាន៥ពិន្ទុស្មើគ្នា ប៉ុន្តែអេស្ប៉ាញមានប្រៀបលើសគ្រាប់បាល់ដែលបានស៊ុតបញ្ចូលទីចំនួន១គ្រាប់ ។ អ៊ីរ៉ង់ បានចំណាត់ថ្នាក់លេខ៣ នារាត្រីដ៏ខកចិត្ត ខណៈម៉ារ៉ុកយក១ពិន្ទុត្រឡប់ទៅផ្ទះវិញ។
នៅថ្ងៃទី៣០ ខែមិថុនា អ៊ុយរូហ្គាយ ត្រូវតទល់ជាមួយ ព័រទុយហ្គាល់ នៅកីឡដ្ឋាន Fisht Stadium មួយថ្ងៃមុនជំនួបរវាងអេស្ប៉ាញ ជាមួយម្ចាស់ផ្ទះរុស្ស៊ី នាវគ្គ១៦ក្រុមចុងក្រោយនៅកីឡដ្ឋាន Luzhniki Stadium៕
Tag:
FIFA World Cup
GroupA
GroupB
© រក្សាសិទ្ធិដោយ thmeythmey.com