FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
អ៊ុយ​រូ​ហ្គា​យ​នឹង​ជួប​ព័រ​ទុយ​ហ្គា​ល់ ហើយ​អេ​ស្ប៉ា​ញ​ត្រូវ​ប៉ះ​ម្ចាស់ផ្ទះ​រុស្ស៊ី​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​
26, Jun 2018 , 5:52 am        
រូបភាព
ជំនួបទាំង៤ប្រកួតកាលពីយប់មិញ។ រូបថត Getty/FIFA
ជំនួបទាំង៤ប្រកួតកាលពីយប់មិញ។ រូបថត Getty/FIFA
ដោយ: ថ្មីៗ
​អ៊ុយ​រូ​ហ្គា​យ បាន​យកឈ្នះ​ម្ចាស់ផ្ទះ​រុស្ស៊ី ៣-០ ដើម្បី​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១​នៅក្នុង​ពូ​ល A រីឯ​អា​រ៉ា​ប៊ី​សា​អូឌីត ឈ្នះ​អេ​ហ្ស៊ី​ប ២-១ ក្នុងជំនួប​ប​ង្ក្រ​ប់​កិច្ច​នៅ​ព្រឹត្តិការណ៍ FIFA World Cup 2018 នេះ​។ សម្រាប់​ជំនួប​ពូ​ល B អេ​ស្ប៉ា​ញ​ឈរ​លេខ​១ ក្រោយ​តាម​ស្មើ​ម៉ា​រ៉ុ​ក ២-២ នៅ​នាទី​បន្ថែម ហើយ​ក្នុង​នាទី​បន្ថែម​ផងដែរ អ៊ីរ៉ង់​តាម​ស្មើ​ព័រ​ទុយ​ហ្គា​ល់ ១-១ ប៉ុន្តែ​ក្រុម​ពី​អាស៊ី​មួយ​នេះ បានបញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​លេខ​៣ ប៉ុណ្ណោះ​។​



​ពូ​ល A៖ អ៊ុយ​រូ​ហ្គា​យ លេខ​១ រុស្ស៊ី លេខ​២ អា​រ៉ា​ប៊ី​សា​អូឌីត និង​អេ​ហ្ស៊ី​ប ធ្លាក់​
​អ៊ុយ​រូ​ហ្គា​យ រក្សា​ជ័យជម្នះ​ទាំងបី​ប្រកួត​ដើម្បី​ដណ្តើម​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ពូ​ល A​។ Luis Suarez, Edinson និង​ការ​ភ្លាត់ស្នៀត​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួនឯង​របស់ Denis Cheryshev នាំ​ឲ្យ​ក្រុម​ពី​អាមេរិក​ខាងត្បូង​មួយ​នេះ ឈ្នះ​ម្ចាស់ផ្ទះ​រុស្ស៊ី ៣-០ ។ រុស្ស៊ី​ដែល​ឡើង​ដោយ​ស្វ័យប្រវត្តិ​រួចជាស្រេច​ហើយ​នោះ នៅសល់​គ្នា​១០​នាក់​ចាប់ពី​នាទី​៣៦ ដោយ Igor Smolnikov បាន​កាត​លឿង​លើក​ទី​ពីរ​។​

​អ៊ុយ​រូ​ហ្គា​យ​ក្លាយជា​ក្រុម​ដំបូង​ដែល​ឈ្នះ​ទាំងបី​ប្រកួត​ក្នុង​ពូ​ល ដោយ​មិន​មានការ​ស៊ុត​បាល់​បញ្ចូល​ទី​តបត​វិញ បើ​គិត​ចាប់តាំងពី​អា​ហ្ស​ង់​ទីន​សម្រេចបាន​កាលពី​ឆ្នាំ​១៩៩៨ ខណៈ Cavani សម្រេចបាន​កំណត់ត្រា​ស្មើ Suarez ជាមួយនឹង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​ព្រឹត្តិការណ៍ World Cup បី​លើក (២០១០, ២០១៤ និង​២០១៨)​។​

​អ៊ុយ​រូ​ហ្គា​យ បាន​លេខ​១​ក្នុង​ពូ​ល ដោយមាន​៩​ពិន្ទុ​ពេញ ម្ចាស់ផ្ទះ​រុស្ស៊ី មាន​៦​ពិន្ទុ​។ រីឯ​ជំនួប​បង្គ្រប់ អា​រ៉ា​ប៊ី​សា​អូឌីត បាន​លេខ​៣ ក្រោយ​ឈ្នះ​អេ​ហ្ស៊ី​ប ២-១ ។ នៅ​ពាក់កណ្តាល​តង់​ទីមួយ Mohamed Salah បាន​ស៊ុត​បាល់​បញ្ចូល​ទី​នាំមុខ​សម្រាប់​អេ​ហ្ស៊ី​ប មុន Salman Al-Faraj ទាត់​ប៉េ​ណា​ល់​ទី​តាម​ស្មើ​វិញ​នៅមុន​សម្រាក​តង់​។ ទីបំផុត​អា​រ៉ា​ប៊ី​សា​អូឌីត បាន​៣​ពិន្ទុ​ត្រឡប់ទៅផ្ទះ​វិញ ក្រោយ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​របស់ Salem Al-Dawsari នៅ​នាទី​បន្ថែម​។ ទោះបីជា​យ៉ាងណាក៏ដោយ អ្នកចាំទី​អេ​ហ្ស៊ី​ប Essam El Hadary អាយុ​៤៥​ឆ្នាំ ក្លាយជា​កីឡាករ​ដែល​ចាស់​ជាងគេ​នៅ World Cup និង​បាន​រារាំង​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​របស់ Fahad Al Muwallad នៅ​នាទី​៤១ ។​

ពូ​ល B៖ អេ​ស្ប៉ា​ញ​លេខ​១ ព័រ​ទុយ​ហ្គា​ល់លេ​ខ​២ អ៊ីរ៉ង់ និង​ម៉ា​រ៉ុ​ក​ធ្លាក់​
Iago Aspas ស៊ុត​បាល់​បញ្ចូល​ទី​តាម​ស្មើ​ម៉ា​រ៉ុ​ក ២-២​នៅក្នុង​នាទី​បន្ថែម ដែល​នាំ​ឲ្យ​អេ​ស្ប៉ា​ញ​បាន​ចំណាត់ថ្នាក់​លេខ​១​នៅក្នុង​ពូ​ល B​។ គ្រាប​បាល់​ចុងក្រោយ​នេះ ត្រូវបាន​ទទួលស្គាល់​ដោយ​វីដេអូ VAR ក្រោយ​អាជ្ញាកណ្តាល​ខ្សែ​បន្ទាន់ បាន​លើក​ទង់​ថា ជា​បាល់​ក្រៅ​ល្បែង (Off-side)​។​

​លេង​បាន​ជាង​១០​នាទី Khalid Boutaib ស៊ុត​បាល់​បញ្ចូល​ទី​នាំមុខ​សម្រាប់​ម៉ា​រ៉ុ​ក ប៉ុន្តែ ៥​នាទី​ក្រោយមក Isco តាម​ស្មើ​វិញ​។ Youssef En-Nesyri នាំមុខ​សារជាថ្មី​សម្រាប់​ម៉ា​រ៉ុ​ក តែ​ឈានដល់​នាទី​បន្ថែម​ទៅហើយ Iago Aspas បាន​នាំ​សំណាង​ដល់​អេ​ស្ប៉ា​ញ ជាមួយនឹង​ជំនួយ​របស់ VAR ។​

​សម្រាប់​ជំនួប​មួយគូ​ទៀត ព័រ​ទុយ​ហ្គា​ល់​បាន​ចំណាត់ថ្នាក់​លេខ​២ បើទោះបីជា​អ៊ីរ៉ង់​តាម​ស្មើ ១-១ នៅ​នាទី​បន្ថែម​ក៏ដោយ​។ ជំនួប​នេះ​មានការ​ត្រួតពិនិត្យ​ពី VAR រហូតដល់​ទៅ​២​លើក​។ Richardo Quaresma រកបាន​គ្រាប់​នាំមុខ​សម្រាប់​ព័រ​ទុយ​ហ្គា​ល់​នៅ​ចុង​តង់​ទីមួយ ហើយ Cristiano Ronaldo មានឱកាស​បន្ថែម​គ្រាប់​ទី​ពីរ​ដោយ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី ក្រោយ​វីដេអូ VAR បង្ហាញថា កីឡាករ​អ៊ីរ៉ង់​បង្កកំហុស​នៅ​តំបន់​គ្រោះថ្នាក់ ប៉ុន្តែ​ការ​ស៊ុត​របស់គេ​ត្រូវ​រារាំង​ដោយ​អ្នកចាំទី Ali Beiranvand​។​

​ឈានដល់​នាទី​បន្ថែម VAR បានសម្រេច​ម្តងទៀត​សម្រាប់​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី ក្រោយ​ពិនិត្យឃើញថា ខ្សែការពារ Cedric Soares ប៉ះ​ដៃ​នៅ​តំបន់​គ្រោះថ្នាក់​។ Karim Ansarifard បាន​ស៊ុត​បាល់​បញ្ចូល​ទី​តាម​ស្មើ ១-១ ប៉ុន្តែ​អ៊ីរ៉ង់​នៅតែ​រង​ការខកចិត្ត ដោយសារ​ពួកគេ​មានតែ​៤​ពិន្ទុ​ប៉ុណ្ណោះ​។​

​សម្រាប់​ពូ​ល B នេះ អេ​ស្ប៉ា​ញ បាន​លេខ​១ ព័រ​ទុយ​ហ្គា​ល់លេ​ខ​២ ដោយមាន​៥​ពិន្ទុ​ស្មើគ្នា ប៉ុន្តែ​អេ​ស្ប៉ា​ញ​មានប្រៀប​លើស​គ្រាប់​បាល់​ដែល​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​១​គ្រាប់ ។ អ៊ីរ៉ង់ បាន​ចំណាត់ថ្នាក់​លេខ​៣ នា​រាត្រី​ដ៏​ខកចិត្ត ខណៈ​ម៉ា​រ៉ុ​ក​យក​១​ពិន្ទុ​ត្រឡប់ទៅផ្ទះ​វិញ​។​

​នៅ​ថ្ងៃទី​៣០ ខែមិថុនា អ៊ុយ​រូ​ហ្គា​យ ត្រូវ​តទល់​ជាមួយ ព័រ​ទុយ​ហ្គា​ល់ នៅ​កីឡដ្ឋាន Fisht Stadium មួយថ្ងៃ​មុន​ជំនួប​រវាង​អេ​ស្ប៉ា​ញ ជាមួយ​ម្ចាស់ផ្ទះ​រុស្ស៊ី នាវ​គ្គ​១៦​ក្រុម​ចុងក្រោយ​នៅ​កីឡដ្ឋាន Luzhniki Stadium៕



Tag:
 FIFA World Cup
  GroupA
  GroupB
© រក្សាសិទ្ធិដោយ thmeythmey.com