ជាតិ
សង្គមជាតិ
កម្ពុជា​បាន​ដុត​គ្រឿងញៀន​ចោល​ជាង​៦៤​គីឡូក្រាម មានតម្លៃ​ជាង ២​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៨
26, Jun 2018 , 11:37 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ គណៈកម្មការ​ដុតបំផ្លាញ​គ្រឿងញៀន នៃ​ប្រទេស​កម្ពុជា បានធ្វើ​ពិធី​ដុតបំផ្លាញ​គ្រឿងញៀន​សរុប​ចំនួន​៦៤​គីឡូក្រាម និង​១៩១,២​ក្រាម ដែល​គិត​ជាង​ទឹកប្រាក់​ជាង​២​លាន​ដុល្លារ​។ ការដុត​បំផ្លាញ​គ្រឿងញៀន​នេះ ធ្វើឡើង​នៅក្នុង​ឱកាស​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៅ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៨​។ នេះ​បើតាម​របាយការណ៍​ស​ង្ខេ​ម​របស់​គណៈកម្មការ​ដុត​បំផ្លាញ​គ្រឿងញៀន ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។​



​គ្រឿងញៀន​ដែលមាន​ចំនួន​សរុប​ចំនួន​៦៤​គីឡូក្រាម និង​១៩១,២​ក្រាម ត្រូវបាន​ដុតបំផ្លាញ​ចោល​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៨​។ ក្នុងចំណោម​គ្រឿងញៀន​ជាង​៦៤​គីឡូក្រាម​នេះ មាន​ស្លឹក​រុក្ខជាតិ​ខាត (KHAT)​ក្រៀម ចំនួន​៣២២ក្រាម​។ ស្លឹក​រុក្ខជាតិ​ខាត (KHAT) នេះ​ជា​គ្រឿងញៀន​ប្រភេទ​ថ្មី ដែល​ស្លឹក​របស់​វា​មាន​សារធាតុ​ញៀន មាន​ឈ្មោះថា កា​ទី​ណូន (​ស្ថិតក្នុង​តារាង​លេខ​១) និង​សារធាតុ កា​ទីន (​ស្ថិតក្នុង​តារាង​លេខ​៣)​។ គ្រឿងញៀន​ថ្មី​នេះ ត្រូវបាន​នាំចូល​ពី​ប្រទេស អេ​ត្យូ​ពី មក​កម្ពុជា ដើម្បី​បន្តទៅ​សហរដ្ឋអាមេរិក បារាំង និង​អូស្ត្រាលី​។​



​ចំណែក​គ្រឿងញៀន​ចំនួន ៦៣​គីឡូក្រាម និង​៧៨៥,៦៦​ក្រាម ត្រូវបាន​យក​ពី​សុំ​ណុំ​រឿង​ព្រហ្មទណ្ឌ​ចំនួន​០៩ ករណី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ និង​គ្រឿងញៀន​ចំនួន ៤៣២,៥៤​ក្រាម​ទៀត ត្រូវបាន​យក​ពី​សុំ​ណូ​ម​រឿង​ព្រហ្មទណ្ឌ​របស់​សាលាដំបូង​ខេត្តកណ្ដាល​ចំនួន​១១០​ករណី​។ គ្រឿងញៀន​ទាំង​៦៤​គីឡូក្រាម និង​១៩១,២​ក្រាម​នេះ បើ​គិត​ជា​ទឹកប្រាក់​គឺមាន​តម្លៃ​ជាង​២​លាន​ដុល្លារ​អាម៉េរិក​។​



​សូមបញ្ជាក់ថា ជា​រឿង​រាល់​ឆ្នាំ​ប្រទេស​កម្ពុជា តែងតែ​ធ្វើ​ពិធី​ដុត​បំផ្លាញចោល​គ្រឿងញៀន​រៀងរាល់ ថ្ងៃទី​២៦ ខែមិថុនា ដើម្បី​ចូលរួម​ក្នុង​ទិវា​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​អន្តរជាតិ​។ ការដុត​បំផ្លាញ​នោះ​ក៏​តែងតែមាន​ចំនួន​ច្រើន​សន្ធឹកសន្ធាប់​បែបនេះ​ដែរ​៕


Tag:
 សន្តិសុខ​
 ​គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com