ពីនេះ ពីនោះ
ពាក្យមួយចំនួនយុវវ័យបង្កើតថ្មី ដើម្បីប្រើឲ្យស័ក្តិសមនឹងសម័យកាលនេះ
× រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពាក្យមួយចំនួនត្រូវបានយុវវ័យសម័យឌីជីថល បង្កើតឲ្យមានឡើង ដោយពួកគេទម្លាប់ប្រើជាភាសានិយាយ ឬសរសេរ ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយ ហើយពាក្យខ្លះ មានន័យថាចំអកចំអន់ ឬក្នុងន័យលេងសើច។ តើពាក្យទាំងនោះមានអ្វីខ្លះ? ហើយមានខ្លឹមសារច្បាស់លាស់ប៉ុនណា?
ពាក្យ «៤១៤១»
ពាក្យដែលយុវវ័យសម័យទំនើបនេះ តែងប្រើជារឿយៗនោះមានដូចជា «៤១៤១» គឺជាពាក្យពេញនិយមដែលកើតចេញពីយុវជនមួយក្រុម បានឡាយវីឌីអូតាមហ្វេសប៊ុកពីរយៈពេលកន្លងទៅនេះ ដោយពួកគេចង់និយាយថា ៤១៤១ នេះមានន័យថា Share មួយ Share មួយ។ ពួកគេចង់ឲ្យមិត្តភក្តិដែលកំពុងមើលការឡាយរបស់វីឌីអូ ជួយ Share វីឌីអូរបស់គេម្នាក់ៗមួយផង។
ពាក្យ «បែកស្លុយ»
ចំពោះ «បែកស្លុយ» នៅតែជាពាក្យពេញនិយមក្នុងស្រទាប់យុវវ័យ ដែលពួកគេ ចូលចិត្តនិយាយពាក្យនេះ សំដៅលើ ជនណាម្នាក់ដែល មានសតិបញ្ហាមិនប្រក្រតីផ្នែកគំនិត មានបញ្ហាផ្លូវចិត្តមិននឹងធឹង និយាយអ្វីមិនដឹងក្បាល មិនដឹងកន្ទុយ ចូលចិត្តនិយាយអ្វីប្លែកៗ និងតែងខ្លួនចម្លែកៗ ជាដើម។
ពាក្យ «អត់លិឍ»
សម្រាប់ពាក្យ «អត់លិឍ» ជាពាក្យជំនួសថា គ្មានសង្សារ គ្មានដៃគូ គ្មានអ្នកយល់ចិត្ត ជាដើម។ ពាក្យនេះ ស្តាប់ទៅដូចជាអាក្រក់បន្តិចមែន តែភាគច្រើនគេនិយាយក្នុងន័យថា សើចចំអក ឲ្យនរណាម្នាក់ដែលមិនទាន់មានគូ ឬសង្សារតែប៉ុណ្ណោះ។
ពាក្យ «ឡូយកប់លូ»
«ឡូយកប់លូ» ជាពាក្យថ្មីមួយ ដែលយុវជនបង្កើតឡើង ដោយផ្សំពាក្យខ្មែរ ថា «ឡូយ» ជាមួយពាក្យ «កប់លូ» ដែលសំដៅលើ ភាពអស្ចារ្យ ភាពទាន់សម័យ ឬភាពល្អប្រសើរ ជាដើម។ ពាក្យថា «ឡូយ» នៅក្នុងវចនានុក្រមខ្មែរ គឺជាពាក្យសាមញ្ញទំនើបថ្មីប្រើកាត់ខ្ចីមកពីពាក្យ «ឡូយថូយ» មានន័យថា ផ្តេសផ្តាស ខ្ជីខ្ជា, សោះអង្គើយ។
ពាក្យ «ម៉ាអេម»
«ម៉ាអេម» ក៏ជាពាក្យមួយដែលស្ថិតនៅក្នុងសម័យទំនើបផងដែរ ដែលសង្កេតឃើញគេប្រើក្នុងន័យថា ល្អ, អស្ចារ្យ, ធ្វើអ្វីមួយបានមួយចប់ ជាដើម។ ទោះបីជាពាក្យនេះ មិនមាននៅក្នុងវចនានុក្រមខ្មែរក្តី តែជាពាក្យរបស់យុវជនសម្រាប់ទៅតាមសម័យទំនើបនេះ។
ពាក្យ «ស្វានអ្អែង»
ពាក្យថា «ស្វានអ្អែង» នេះផងដែរ ត្រូវបានបង្កើតឡើងដោយយុវជនម្នាក់ល្បីនៅទំព័រហ្វេសប៊ុក ដែលគេចូលចិត្តបង្កើតជាវីឌីអូឃ្លីប សម្រាប់ឲ្យប្រិយមិត្តតាមដាន ទស្សនាដោយក្តីរីករាយ។ «ស្វានអ្អែង» នេះគេចង់បញ្ជាក់ថា ឌឺដងទៅនរណាម្នាក់ ដែលធ្វើឲ្យខ្លួនខឹងនឹងអ្វីមួយ។
នៅមានពាក្យមួយចំនួនផ្សេងទៀត ដែលយុវជនសម័យនេះបានបង្កើតវាឡើង ដោយពុំមាននៅក្នុងវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត។ ពាក្យទាំងនោះមានដូចជា JM( សាំចុយម្រាយ), ឡូយអស់ស្ទះ, ឡូយប្រាំបួន,២k១៨(ឆ្នាំ២០១៨), ឃ្យូតសន្លប់, ឃ្យូតកប់,ឃ្យូតកិប, ចាក់ដោត, ឌីប្រាំបួន, ចុម, honey bu kuk, អីយ៉ាស ។ល។
ទោះបីពាក្យទាំងប៉ុន្មាននោះ ពុំមាននៅក្នុងវចនានុក្រមខ្មែរមែន តែសម្រាប់យុវជនសម័យថ្មីនេះ បានចាត់ទុកពាក្យទាំងនោះ ក្នុងការសរសេរ ឬនិយាយ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ឬបណ្តាញសង្គមហ្វេសប៊ុកទៅហើយ។ ហើយពាក្យខ្មែរមួយចំនួនក៏ត្រូវបាត់បង់បន្តិចម្តងៗទៅហើយ ដោយសារគេយល់ថា ពាក្យទាំងនោះមិនទាន់សម័យកាលបច្ចុប្បន្ន៕
© រក្សាសិទ្ធិដោយ thmeythmey.com