ជាតិ
លោក ហង់ ជួន ណា​រ៉ុ​ន​៖ តើ​អ្វី​ជា​បំ​និ​ន​សតវត្សរ៍​ទី​២១?
26, Jun 2018 , 8:39 pm        
រូបភាព
រូបភាពហ្វេសប៊ុកក្រសួងអប់រំ
រូបភាពហ្វេសប៊ុកក្រសួងអប់រំ
ដោយ:
​ភ្នំពេញ​៖ ការសិក្សា​យកចំណេះ​ដឹង​នៅ​សាលារៀន ជា​វិជ្ជា​សម្ប​ទា ឬ​បំ​និ​ន​សម្បទា និង​អាកប្បកិរិយា​ល្អ ជា​ចរិយា​សម្បទា ជា​គុណសម្បត្តិ នៃ​បំ​និ​ន​សតវត្សរ៍​ទី​២១ ដូច្នេះ សិស្ស​-​និស្សិត ត្រូវ​ចេះ​ត្រិះរិះ​ពិចារណា ដោះស្រាយ​បញ្ហា ធ្វើការ​ងារ​ជា​ក្រុម ចេះ​ជួយ​ទុក្ខ​ធុរៈ​គ្នា​ទៅវិញទៅមក ទាំងអស់នេះ​ទទួលបាន​ការសូត្រ​ពី​រៀន​នៅ​សាលា និង​ក្រៅ​សាលា​ផងដែរ​។ នេះ​ជាការ​លើកឡើង​របស់ លោក ហង់ ជួន ណា​រ៉ុ​ន ក្នុង​ពិធី​បើក​ការប្រកួត​សម្ដែង​មតិ​ និង​វោហារ​សព្ទ​ឆ្នើម The Perspective Cambodia វគ្គ​ផ្ដាច់ព្រ័ត្រ កាលពី​ថ្ងៃទី​២៣ ខែមិថុនា នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​។​



​លោក ហង់ ជួន ណា​រ៉ុ​ន​បាន​បន្តថា បច្ចុប្បន្ន​យើង​ស​ង្កេ​រ​ឃើញថា ​មាន​យុវជន​យើង​បាន​ចូលរួម គឺ​នៅពេល​មាន​បញ្ហា​ ជា​ឱកាស​មួយ​ ដែល​ពួកគេ​បាន​ត្រៀមខ្លួន ​នៅ​ថ្ងៃ​ខាងមុខ និង​ជា     ស​សរ​ទ្រូង​នៃ​ប្រទេសជាតិ ​ត្រូវមាន​ទាំង​ចំ​ណេះ​ដឹង បំ​និ​ន និង​ជំនាញ​ផ្សេងៗ ហើយ​ជំនាញ​នោះ ​មិន​ត្រឹមតែ​ជា​ជំនាញ​ចំណេះដឹង​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ជា​ជំនាញ ​ដែល​ចេញទៅ​ដោះស្រាយ​បញ្ហា​ផងដែរ​។

​មូលហេតុ​អ្វី​បានជា​យើង​ហៅថា បំ​និ​ន​សតវត្សរ៍​ទី​២១? ពីព្រោះថាបច្ចេកទេស​ជឿនលឿន ចំណេះដឹង​ក៏​ដើ​រលឿន​ផងដែរ​ សូម្បីតែ​ទូរ​សព្ទ​ដៃ​ក៏​ជឿនលឿន។ អ៊ីចឹង​នៅពេល​បច្ចេកវិទ្យា​ជឿនលឿន យើង​ត្រូវ​ត្រៀម​អ្វីខ្លះ​? នេះ​ជា​សំណួរ​ពញ្ញាក់​អារម្មណ៍​ដែល​រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​ចោទឡើង​ក្នុង​វេទិកា​ខាងលើ​ ដើម្បី​ឲ្យ​សិស្ស​-​និស្សិត ​ត្រៀមខ្លួន​​ក្នុង​សតវត្សរ៍​ទី​២១​នេះ​។​

​លោក រដ្ឋមន្ត្រីក្រសួង​អប់រំ​ បាន​បន្ថែមថា អ្វីដែល​ចាំបាច់​នោះ ​គឺ​មនុស្ស​ចេះ​គិត ចេះ​ដោះស្រាយ​បញ្ហា ប៉ុន្តែ​ប្រសិនជា​មនុស្ស​បានត្រឹមតែ​រៀន​ទន្ទិញ​ចាំ មិនចេះ​គិត មិនចេះ​ពិចារណា តើ​ត្រូវ​ដោះស្រាយ​បញ្ហា​ដោយ​របៀប​ណា​? ដូច្នេះ​មិនអាច​បំពេញ​នូវ​ចំណេះវិជ្ជា​របស់ខ្លួន​បាន​ពេញលេញ​ឡើយ​។

​ក្នុង​វេទិកា​ដដែល លោក ហង់ ជួន ណា​រ៉ុ​ន បន្តទៀតថា ទាំងចំណេះ​ ​បំ​និ​ន​ និង​របៀប​រៀន​នៅ​សតវត្សរ៍​ទី​២១នេះ គឺ"ខុសពី​សតវត្សរ៍​មុន ​ព្រោះ​គ្រាន់តែ​ទូ​សរ​ព្ទ​ដៃ​ទំនើប ​មាន​ព័ត៌មាន​គ្រប់បែបយ៉ាង ឲ្យ​តែ​ចង់ដឹង ចង់​អាន​។ ប៉ុន្តែ​អ្វីដែល​សំខាន់ តើ​យើង​ចេះ​ប្រើ​ព័ត៌មាន​នោះ ​ដោយ​របៀប​ណា ហើយ​ចេះ​ប្រើ​ព័ត៌មាន​នោះ​ មាន​សារៈសំខាន់​បែបណា និង​ធ្វើយ៉ាងណា​ អាច​ដោះស្រាយ​បញ្ហា​ព័ត៌មាន​នោះបាន។ ដូច្នេះ​ត្រូវ​ចេះ​ដោះស្រាយ​បញ្ហា​។ លោក សង្កត់ធ្ងន់ថា ៖«​អ្វីដែល​ទាមទារ​នោះ​គឺមនុស្ស​ព្យាយាម​អត់ធ្មត់ ​នៅពេល​ជួប​ឧបសគ្គ ហើយ​មិន​រាថយ​នោះ នឹង​ទទួលបាន​ជោគជ័យ។ ដូច្នេះហើយ​​បានជា​ គេ​ហៅថា​បំនិត​សតវត្សរ៍​ទី​២១»​។​

​លោក រដ្ឋមន្ត្រី​លើកឡើងថា ការបង្កើត​វេទិកា​ខាងលើ​ឡើង ​ដើម្បី ឲ្យ​សិស្ស​-​និស្សិត ចេះ​គិត ចេះ​ដេញដោល និង​ចេញ​ដោះស្រាយ​បញ្ហា។ ប្រសិនជា​មិនចេះ​ដោះស្រាយ​ខ្លួនឯង​​ទេ គ្មាន​នរណាម្នាក់​អាចជួយ​យើង​បានទេ។ មានតែ​ខ្លួនឯង​ ដោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯង​ប៉ុណ្ណោះ ទើប​ទទួលបាន​បទពិសោធ​ន៍ និង​ជោគជ័យ​។ ស្ថានភាព​នឹង​វិ​វឌ្ឍ​ន៍ទៅ​លឿន ដោយ​យើង​មិនដឹងថា​ទៅ​លឿន​ដល់​កម្រិតណា​ឡើយ ប៉ុន្តែ​អ្វីដែល​យើង​ត្រូវមាន​ជំនឿ​ជឿជាក់ គឺ​លើ​សមត្ថភាព ចេះ​គិត ចេះ​ដោះស្រាយ​បញ្ហា នោះ​យើង​ជា​ផ្នែក​មួយ ​នៃ​ដំណោះស្រាយ។ ផ្ទុយទៅវិញ​ បើតាម​ការលើកឡើងរបស់លោក ហង់ ជួន ណារ៉ូន បើមិនចេះដោះស្រាយបញ្ហានោះ មានន័យថា នោះ​ជា​ផ្នែក​មួយ​នៃ​បញ្ហា​។

​លោក រដ្ឋមន្ត្រីអប់រំ ​បាន​បន្ថែមទៀតថា ​សតវត្សរ៍​ទី​២១ ជា​ការរៀន​ដើម្បី​ចេះ​​ ​ហើយដើម្បីឲ្យ​ការរៀន​មានចំណេះ​ចេះ​ទៅ​លឿន ​​ទាមទារ​ឲ្យ​យុវជន​ជំនាន់​ក្រោយ​​ចេះ​គិតគូរ និងរៀនសូត្រជាប់​ជានិច្ច ព្រមទាំង​រៀន​ដើម្បី​ដោះស្រាយ​បញ្ហា​ទៅ​អនាគតផងដែរ៕



Tag:
 ហង់ ជួន ណា​រ៉ុ​ន​
 ​បំ​និ​ន​សតវត្សរ៍​ទី​២១
© រក្សាសិទ្ធិដោយ thmeythmey.com