FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ទីបំផុតអាហ្សង់ទីននៅតែខ្លាំងដោយទទួលបានកៅអីទៅវគ្គបន្តជាមួយក្រូអាស៊ី អាហ្សង់ទីនឈ្នះនីហ្សេរីយ៉ា ក្រូអាស៊ីឈ្នះអ៊ីស្លង់។ រូបថត Getty/FIFA
× អាហ្សង់ទីន ដែលមានការចាប់ផ្តើមទាំងត្រដាបត្រដួសក្នុងពូល D នៃព្រឹត្តិការណ៍ FIFA World Cup 2018 បានឆ្លងចូលវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពួកគេបានយកឈ្នះនីហ្សេរីយ៉ា ២-១ ស្របពេលដែលក្រុមកំពូលតារាង ក្រូអាស៊ីឈ្នះអ៊ីស្លង់ក្នុងលទ្ធផល ២-១ ដូចគ្នា។
Marcos Rojo រកបានគ្រាប់បញ្ចូលទីនៅ៤នាទីមុនបញ្ចប់ការប្រកួតដែលនាំឲ្យអាហ្សង់ទីនឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup 2018 ជាមួយនឹងជ័យជម្នះ ២-១ លើនីហ្សេរីយ៉ា។
ក្រោយស្មើអ៊ីស្លង់ ១-១ និងចាញ់ក្រូអាស៊ីរហូតដល់ទៅ ៣-០ អាហ្សង់ទីនបានត្រៀមយុទ្ធសាស្ត្រយ៉ាងខ្លាំងក្នុងការវាយលុកលើនីហ្សេរីយ៉ា។ Lionel Messi ដែលខកខានឱកាសជាច្រើននាពីរប្រកួតកន្លងមក បានបង្ហាញភាពខ្លាំងរបស់ខ្លួន តាមរយៈការស៊ុតបាល់បញ្ចូលទីនាំមុខក្រោយការប្រកួតបាន១៤នាទី។
ភាពតានតឹងបន្តមានសារជាថ្មី ក្រោយនីហ្សេរីយ៉ា តាមពីក្រោយបានមួយគ្រាប់វិញ ដែលជាការស៊ុតបាល់ប៉េណាល់ទីរបស់ Victor Moses នៅនាទី៥៦ ។ Marco Rojo បានក្លាយជាតារាសំណាងជាមួយនឹងគ្រាប់បាល់បញ្ចូលទីយ៉ាងអស្ចារ្យនៅនាទី៨៦ ដែលនាំឲ្យអាហ្សង់ទីនបានសរុប៤ពិន្ទុ ដើម្បីឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។
រីឯជំនួបមួយគូទៀត អ៊ីស្លង់ខកចិត្តយ៉ាងខ្លាំងដោយពួកគេបរាជ័យក្នុងការឈានទៅវគ្គ១៦ក្រុមចុងក្រោយជាលើកដំបូង។ អ៊ីស្លង់បានចាញ់ក្រុមកំពូលតារាងក្រូអាស៊ី ២-១ នៅចុងម៉ោង ដែលនាំឲ្យពួកគេមានតែ១ពិន្ទុនៅក្នុងពូល។
គ្រាប់បាល់បញ្ចូលទីក្នុងជំនួបនេះ សុទ្ធតែបានកើតឡើងនៅតង់ទីពីរ ដោយ Milan Badeji រកបាននាំមុខឲ្យក្រូអាស៊ី នៅនាទី៥៣ ហើយ Gylfi Sirgurosson ស៊ុតបាល់ប៉េណាល់ទីតាមស្មើវិញនៅនាទី៧៦ ។ ខណៈការប្រកួតឈានដល់នាទីបន្ថែម Ivan Perisic បានស៊ុតបាល់បញ្ចូលទីនាំជ័យជម្នះ ២-១ សម្រាប់ក្រូអាស៊ី។
នៅវគ្គ១៦ក្រុមចុងក្រោយ ក្រូអាស៊ីដែលមាន៩ពិន្ទុក្នុងពូល D ត្រូវតទល់ជាមួយដាណឺម៉ាក លេខពីរពូល C រីឯអាហ្សង់ទីន ត្រូវប្រជែងជាមួយបារាំង លេខមួយពូល C៕
Tag:
FIFA World Cup
GroupD
© រក្សាសិទ្ធិដោយ thmeythmey.com