FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ទីបំផុត​អា​ហ្ស​ង់​ទីន​នៅតែ​ខ្លាំង​ដោយ​ទទួលបាន​កៅអី​ទៅ​វគ្គ​បន្ត​ជាមួយ​ក្រូ​អាស៊ី
27, Jun 2018 , 4:09 am        
រូបភាព
អាហ្សង់ទីនឈ្នះនីហ្សេរីយ៉ា ក្រូអាស៊ីឈ្នះអ៊ីស្លង់។ រូបថត Getty/FIFA
អាហ្សង់ទីនឈ្នះនីហ្សេរីយ៉ា ក្រូអាស៊ីឈ្នះអ៊ីស្លង់។ រូបថត Getty/FIFA
ដោយ: ថ្មីៗ
​អា​ហ្ស​ង់​ទីន ដែលមាន​ការចាប់ផ្តើម​ទាំង​ត្រដាបត្រដួស​ក្នុង​ពូ​ល D នៃ​ព្រឹត្តិការណ៍ FIFA World Cup 2018 បាន​ឆ្លង​ចូល​វគ្គ​១៦​ក្រុម​ចុងក្រោយ បន្ទាប់​ពួកគេ​បាន​យកឈ្នះ​នី​ហ្សេ​រី​យ៉ា ២-១ ស្រប​ពេលដែល​ក្រុម​កំពូល​តារាង ក្រូ​អាស៊ី​ឈ្នះ​អ៊ី​ស្លង់​ក្នុង​លទ្ធផល ២-១ ដូចគ្នា​។​



Marcos Rojo រកបាន​គ្រាប់​បញ្ចូល​ទី​នៅ​៤​នាទី​មុន​បញ្ចប់​ការប្រកួត​ដែល​នាំ​ឲ្យ​អា​ហ្ស​ង់​ទីន​ឡើងទៅ​កាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ FIFA World Cup 2018 ជាមួយនឹង​ជ័យជម្នះ ២-១ លើ​នី​ហ្សេ​រី​យ៉ា​។​

​ក្រោយ​ស្មើ​អ៊ី​ស្លង់ ១-១ និង​ចាញ់​ក្រូ​អាស៊ី​រហូតដល់​ទៅ ៣-០ អា​ហ្ស​ង់​ទីន​បាន​ត្រៀម​យុទ្ធសាស្ត្រ​យ៉ាងខ្លាំង​ក្នុងការ​វាយលុក​លើ​នី​ហ្សេ​រី​យ៉ា​។ Lionel Messi ដែល​ខកខាន​ឱកាស​ជាច្រើន​នាពីរ​ប្រកួត​កន្លងមក បានបង្ហាញ​ភាពខ្លាំង​របស់ខ្លួន តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​នាំមុខ​ក្រោយ​ការប្រកួត​បាន​១៤​នាទី​។​

​ភាព​តានតឹង​បន្ត​មាន​សារជាថ្មី ក្រោយ​នី​ហ្សេ​រី​យ៉ា តាម​ពីក្រោយ​បាន​មួយ​គ្រាប់​វិញ ដែលជា​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​របស់ Victor Moses នៅ​នាទី​៥៦ ។ Marco Rojo បាន​ក្លាយជា​តារា​សំណាង​ជាមួយនឹង​គ្រាប់​បាល់​បញ្ចូល​ទី​យ៉ាង​អស្ចារ្យ​នៅ​នាទី​៨៦ ដែល​នាំ​ឲ្យ​អា​ហ្ស​ង់​ទីន​បាន​សរុប​៤​ពិន្ទុ ដើម្បី​ឡើងទៅ​កាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ​។​

​រីឯ​ជំនួប​មួយគូ​ទៀត អ៊ី​ស្លង់​ខកចិត្ត​យ៉ាងខ្លាំង​ដោយ​ពួកគេ​បរាជ័យ​ក្នុងការ​ឈានទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ជា​លើកដំបូង​។ អ៊ី​ស្លង់​បាន​ចាញ់​ក្រុម​កំពូល​តារាង​ក្រូ​អាស៊ី ២-១ នៅ​ចុង​ម៉ោង ដែល​នាំ​ឲ្យ​ពួកគេ​មានតែ​១​ពិន្ទុ​នៅក្នុង​ពូ​ល​។​

​គ្រាប់​បាល់​បញ្ចូល​ទី​ក្នុងជំនួប​នេះ សុទ្ធតែ​បានកើត​ឡើង​នៅ​តង់​ទី​ពីរ ដោយ Milan Badeji រកបាន​នាំមុខ​ឲ្យ​ក្រូ​អាស៊ី នៅ​នាទី​៥៣ ហើយ Gylfi Sirgurosson ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​តាម​ស្មើ​វិញ​នៅ​នាទី​៧៦ ។ ខណៈ​ការប្រកួត​ឈានដល់​នាទី​បន្ថែម Ivan Perisic បាន​ស៊ុត​បាល់​បញ្ចូល​ទី​នាំ​ជ័យជម្នះ ២-១ សម្រាប់​ក្រូ​អាស៊ី​។​

​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ ក្រូ​អាស៊ី​ដែលមាន​៩​ពិន្ទុ​ក្នុង​ពូ​ល D ត្រូវ​តទល់​ជាមួយ​ដា​ណឺ​ម៉ាក លេខ​ពីរ​ពូ​ល C រីឯ​អា​ហ្ស​ង់​ទីន ត្រូវ​ប្រជែង​ជាមួយ​បារាំង លេខ​មួយ​ពូ​ល C៕
អត្ថបទទាក់ទង



Tag:
 FIFA World Cup
  GroupD
© រក្សាសិទ្ធិដោយ thmeythmey.com