ជាតិ
នយោបាយជាតិ
សម្ដេច ហ៊ុន សែន៖ ការលើកតម្កើងគណបក្សថ្មី ជាផលប្រយោជន៍ធំដល់CPP
× ភ្នំពេញ៖ គណបក្សថ្មី ដែលរិះគន់ការដឹកនាំរបស់រដ្ឋាភិបាល ទទួលបានប្រជាប្រិយភាពមិនតិចទេ ក្រោយពីមានការតមាត់ តបសម្ដីពីសម្ដេច ហ៊ុន សែន ដែលធ្វើឲ្យប្រជាពលរដ្ឋ ស្គាល់គណបក្សនោះ។ ប៉ុន្តែការឆ្លើយឆ្លងសម្ដីទៅគណបក្សថ្មីនេះ ក៏ផ្ដល់ផលប្រយោជន៍ច្រើនដែរ ដល់នាយករដ្ឋមន្ត្រី ហ៊ុន សែន។ នេះជាការបង្ហើបរបស់ប្រមុខរដ្ឋាភិបាល នៅចំពោះមុខកម្មកររោងចក្រ ក្នុងខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៧ មិថុនា។
ផលប្រយោជន៍ពីការឆ្លើយឆ្លងសម្ដីទៅគណបក្សថ្មី ដែលរិះគន់មកលើរដ្ឋាភិបាលនេះ គឺជាយុទ្ធសាស្ត្រនយោបាយមួយ ដែលសម្ដេច ហ៊ុន សែន ប្រើប្រាស់ដើម្បីបំភាន់អារម្មណ៍របស់ប្រជាពលរដ្ឋ ឲ្យបំភ្លេចអតីតប្រធានគណបក្សសង្គ្រោះជាតិ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មកររោងចក្រជាង២ម៉ឺននាក់ នាយករដ្ឋមន្ត្រី បាននិយាយដូច្នេះថា៖«យុទ្ធសាស្ត្រគណបក្សខ្លះ គេនឹងវាយប្រហារមកលើខ្ញុំ គេនឹងវាយប្រហារមកលើគណបក្សប្រជាជន ដើម្បីឲ្យខ្ញុំ ឬគណបក្សប្រជាជន វាយបកត្រឡប់ទៅវិញ គឺស្មើនឹងការឃោសនាឲ្យគេស្គាល់។ សូមកុំសង្ឃឹម សូមកុំលេងជាមួយនឹងជើងចាស់ ផ្នែកយុទ្ធសាស្ត្រមួយនេះ។ មិនថាយុទ្ធសាស្ត្រផ្នែកអ្វីទេ សូមផ្ដាំជូនសារទៅអ្នក ខ្ញុំបានផ្ដល់ទៅអ្នកខ្លះហើយ ដើម្បីធ្វើជាដើមទុន ព្រោះនោះក៏មានផលប្រយោជន៍ឲ្យ ហ៊ុន សែន ដែរ ដើម្បី(ឲ្យពលរដ្ឋ)បំភ្លេចអាចោលចង្រៃ(សម រង្ស៊ី) មួយនោះ។ ហើយឲ្យអ្នក(គណបក្សថ្មី)ឡើងថ្លៃក្លាយជាតួអង្គមួយ ក្នុងចំណោមតួអង្គក្នុងការរត់ប្រណាំង»។
តែយ៉ាងណាសម្ដេច ហ៊ុន សែន បានបញ្ជាក់ថា សម្ដេចនឹងឈប់តបសម្ដីជាមួយគណបក្សថ្មីទាំងនោះ ឲ្យក្លាយជាបក្សមានប្រជាប្រិយភាពទៀតហើយ បើទោះជាការប្រឹងវាយប្រហារមកលើរដ្ឋាភិបាលក្តី ពោលគឺទុកឲ្យពួកគេប្រើប្រាស់គោលនយោបាយបក្សរៀងៗខ្លួន មកប្រកួតជាមួយគណបក្សប្រជាជន។ បន្ថែមពីនេះប្រមុខរដ្ឋាភិបាល ក៏ហាមមន្ត្រីខ្លួនឆ្លើយឆ្លងជាមួយគណបក្សដទៃផងដែរ។
«សូមផ្ដាំទៅគណបក្សដទៃថា សូមកុំរង់ចាំឡើងកូដ ដោយសារ ហ៊ុន សែន វាយបក ហើយខិតខំឃោសនាអំពីគោលនយោបាយរបស់ខ្លួនទៅ។ ហ៊ុន សែន បានផ្ដល់ខ្លះៗ ដូចជាកន្លងទៅ ធ្វើការឆ្លើយតបនេះ ធ្វើការឆ្លើយតបនោះ គឺជារបស់ដែល ហ៊ុន សែន ឲ្យដោយចេតនាតែម្ដង។ ប៉ុន្តែចាប់ពីពេលនេះទៅ មិនអាចទទួលបានយកផលពីការនិយាយរបស់ ហ៊ុន សែន បានទៀតទេ»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន៕
© រក្សាសិទ្ធិដោយ thmeythmey.com