ជាតិ
សេដ្ឋកិច្ច
កម្ពុជា​រៀនសូត្រ​ពី​ការរៀបចំ​អគារ​ខ្ពស់​!
27, Jun 2018 , 2:42 pm        
រូបភាព
ដោយ:
 ភ្នំពេញ​៖ សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា (EuroCham Cambodia) នៅ​ថ្ងៃទី​២៦​ខែមិថុនា បានរៀបចំ​កម្មវិធី​ពិភាក្សា​មួយ​ជុំវិញ​ការរៀបចំ​គ្រប់គ្រង​អគារ​ខ្ពស់ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​។ អ្នកជំនាញ​របស់​កម្ពុ​ជា និង​មកពី​បណ្ដា​ប្រទេស​ផ្សេងៗ បាន​ចែករំលែក​បទពិសោធន៍ និង​ការស្រាវជ្រាវ​របស់ខ្លួន ជុំវិញ​បញ្ហា​ប្រឈម និង​សក្ដា​ស​នុព​ល​នៃ​ការអភិវឌ្ឍ​អគារ​ខ្ពស់​របស់​ទីក្រុង​មួយចំនួន នៅលើ​សកលលោក​។



​នេះ​ជា​ឱកាស​ដែល​កម្ពុជា​អាច​រៀនសូត្រ និង​ចាប់យក​ចំណុច​សំខាន់ ដើម្បី​រៀបចំ​អភិវឌ្ឍន៍​អគារ​ខ្ពស់ៗ​នៅក្នុង​ប្រទេស​របស់ខ្លួន​។ លោក គី​លី​យ៉ង់ ប្លែ​ស នាយក​ប្រតិបត្តិ​ស្ដីទី Eurocham Cambodia បាន​ថ្លែង​ដូចនេះ​។​

​ថ្លែង​នៅក្នុង​កម្មវិធី​នេះ លោក Tassilo Brinzer អនុប្រធាន EuroCham បាន​ណែនាំ​ឲ្យ​កម្ពុជា យកចិត្តទុកដាក់​ខ្លាំង លើ​បទបញ្ញត្តិ​ច្បាប់​សម្រាប់​រៀបចំ​ទីក្រុង ដែល​កំពុង​តែមាន​ល្បឿន​អភិវឌ្ឍន៍​មួយ​នេះ​។ លោក​ថ្លែង​ដូច្នេះ​ថា​៖«​វិធាន​ផ្នែក​ច្បាប់​ទាន់​សម័យកាល​ជាច្រើន​ត្រូវការ​ចាំបាច់ ដើម្បី​ទាក់ទាញ​ការវិនិយោគ និង​ធានា​និរន្តរភាព​នៃ​ការអភិវឌ្ឍ​»​។



​លោក ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ មានប្រសាសន៍ថា សំណង់​អគារ​ខ្ពស់ៗ បាន​ដើរតួនាទី​សំខាន់ ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា និង​បាន​ឆ្លើយតប​នឹង​តម្រូវការ​លំនៅឋាន និង​សំណង់​លក្ខណៈ​ពាណិជ្ជកម្ម​ជាដើម​។​

​បើតាម​លោក ប៉ែន សុផល រាជធានី​ភ្នំពេញ​មាន​ប្លង់​មេ ដែល​កំណត់​តំបន់​អាច​សាងសង់​អគារ​ខ្ពស់​កម្រិត​ណាមួយ និង​តំបន់ហាមឃាត់​ប្រភេទ​អគារ​ខ្ពស់ៗ​។ លោក​ថ្លែង​ដូច្នេះ​ថា​៖«​ភ្នំពេញ និង​ទីក្រុង​ដទៃទៀត​នៅ​កម្ពុជា គឺ​ការសង់​អគារ​ខ្ពស់​ត្រូវធ្វើ​ទៅតាម​តំបន់​ដែល​បានកំណត់​សម្រាប់​ដង់ស៊ីតេ​ខ្ពស់ មធ្យម និង​ទាប​»​។ ការហាមឃាត់​ស្ថាប​អគារ​ខ្ពស់ៗ គឺធ្វើឡើង​សម្រាប់​តំបន់​វប្បធម៌ ខេត្តសៀមរាប​។ រីឯ​នៅ​ភ្នំពេញ គឺ​នៅ​តំបន់​ជុំវិញ​ព្រះបរមរាជវាំង វិមានឯករាជ្យ វត្តភ្នំ ជាដើម​។

​លោក ប៉ែន សុផល អះអាងថា រដ្ឋាភិបាល​បានអនុម័ត​ប្លង់​មេ​របស់​ភ្នំពេញ សម្រាប់​អនុវត្ត​ដល់​ឆ្នាំ​២០៣៥ និង​បានរៀបចំ​ប្លង់​មេ​សម្រាប់​បណ្ដា​ខេត្ត ក្រុងមា​នស​នុព​ល​មួយចំនួនទៀត​។

​ប្រសាសន៍​លោក ប៉ែន សុផល ៖




​កម្ពុ​ជាមាន​អគារ​ខ្ពស់​សរុប ១០៤៩ ហើយ​ក្នុងអំឡុងពេល​៥​ខែ​ដើម​ឆ្នាំនេះ គម្រោង​អគារ​ខ្ពស់​ចំនួន ៥៣​គម្រោង ត្រូវបាន​អនុម័ត​។  នេះ​បើតាម​លោក ឡៅ ទិព្វ​សីហា អនុ​រដ្ឋលេខា​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។ យោងតាម​របាយការណ៍​ក្រសួង​រៀបចំ​ដែនដី ទឹកប្រាក់​ប្រមាណ ៦៧៩០​លាន​ដុល្លារ​ត្រូវបាន​វិនិយោគ​ក្នុង​វិស័យ​សំណង់​ក្នុង​ឆ្នាំ​២០១៧ ជាមួយនឹង​កំណើន ២២​ភាគរយ​៕


Tag:
 អគារ​ខ្ពស់​
  អចលនទ្រព្យ​
© រក្សាសិទ្ធិដោយ thmeythmey.com