ជាតិ
សង្គមជាតិ
EU ប្តេជ្ញា​បន្ត​រក​មធ្យោបាយ ការពារ​ជនរងគ្រោះ​ពី​អំពើ​ទារុណកម្ម និង​ការរំលោភ​សិទ្ធិ​
27, Jun 2018 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្នុងឱកាស​នៃ​ទិវា​អន្តរជាតិ​គាំទ្រ​ដល់​ជនរងគ្រោះ​ដោយសារ​អំពើ​ទារុណកម្ម សហភាព​អឺរ៉ុប​បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​បញ្ជាក់​ជាថ្មី​ពី​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​បំផុត​របស់ខ្លួន ចំពោះ​ការបង្ការ ថ្កោលទោស និង​លុបបំបាត់​រាល់​ទម្រង់​ទាំងអស់ នៃ​អំពើ​ទារុណកម្ម និង​អំពើ ឬ​ការដាក់ទណ្ឌកម្ម​ឃោរឃៅ​អមនុស្សធម៌ ឬ​បន្ទាបបន្ថោក​ផ្សេងទៀត​។



​ការគូសបញ្ជាក់​ដូច្នេះ ដោយសារ​សហភាព​អឺរ៉ុប មើលឃើញថា ទារុណកម្ម​នៅតែ​ត្រូវបាន​គេ​បន្ត​អនុវត្ត​ជុំវិញ​ពិភពលោក ក្នុង​រូប​ភាពជា​ករណី​ដាច់ដោយឡែកៗ ឬ​ក្នុង​លក្ខណៈ​ជា​ប្រព័ន្ធ តាមរយៈ​ទម្រង់​ផ្សេងៗ បើទោះជា​ការធ្វើ​ទារុណកម្ម ត្រូវបាន​ហាមឃាត់​ដាច់ខាត ក្រោម​ក្របខណ្ឌ​ច្បាប់​អន្តរជាតិ​ក៏ដោយ​។ បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សហភាព​អឺរ៉ុប  អំពើ​ទារុណកម្ម អាច​កើតមាន​ចំពោះ​មនុស្ស​គ្រប់គ្នា ដូចជា បុរស ស្ត្រី និង​កុមារ​ជាដើម ហើយ  អំពើ​នេះ​ទៀតសោត ជា​បទល្មើស​មិនអាច​អត់ឱន​ឱ្យបាន ដែល​ទាមទារ​ឱ្យមាន​ការផ្តន្ទាទោស​ជន​ប្រព្រឹត្ត​ម្នាក់ៗ ចំពោះ​ច្បាប់​។​

​លោកស្រី Federica Mogherini តំណាង​ជាន់ខ្ពស់​សហភាព​អឺរ៉ុប បានបញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​យ៉ាង​ដូច្នេះ​៖ «​យើង​នឹង​បន្ត​កៀរគរ​មធ្យោបាយ​ទាំងអស់​របស់​យើង ដើម្បី​ផ្តល់​ការការពារ​ដល់​អ្នក​ដែល​បាន​និង​បន្ត​ទទួលរង​ការរំលោភបំពាន​សិទ្ធិមនុស្ស ដ៏​គួរឱ្យ​ស្អប់ខ្ពើម​មួយ​នេះ​។ យើង​ក៏​នៅតែ​ប្រកាន់​គោលជំហរ​គាំទ្រ​ដល់​មនុស្ស​ទាំងអស់ ដែលមាន​សេចក្តីក្លាហាន ចេញមុខ​តតាំង​នឹង​បទល្មើស​នេះ តាមរយៈ​ការបង្កើន​ការយល់ដឹង ការចូល​រួមសហការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ឬ​ការគាំទ្រ​ដល់​ជនរងគ្រោះ​»​។ 

​ក្រៅតែពី​ការប្តេជ្ញាចិត្ត សហភាព​អឺរ៉ុប បានលើកឡើង​ពី​យន្តការ​ច្បាប់​នានា​ដែល​ខ្លួន​បានដាក់​ចេញ​ផងដែរ​។ សេចក្តីប្រកាស​ព័ត៌មាន បាន​បញ្ជាក់ថា ការប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ទារុណកម្ម និង​ការ​ធ្វើបាប​ក្នុង​រូបភាព​ផ្សេងទៀត ត្រូវបាន​ដាក់ចេញ​ក្នុង​សន្ធិសញ្ញា និង​ធម្មនុញ្ញ​ស្តីពី​សិទ្ធិ​ជា​មូលដ្ឋាន​របស់​សហភាព​អឺរ៉ុប និង​ជា​អាទិភាព​ដ៏​សំខាន់​មួយ នៃ​ផែនការ​សកម្មភាព​រប​ស់​សហភាព​អឺរ៉ុប ស្តីពី​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ២០១៥-២០១៩​។​

«​យើង​ប្រើប្រាស់​អភិក្រម​សកល​ដើម្បី​លុបបំបាត់​អំពើ​ទារុណកម្ម រួមមាន​ការហាមឃាត់ ការបង្ការ ការប្រយុទ្ធ​ប្រឆាំងនឹង​និ​ទណ្ឌ​ភាព និង​ការផ្តល់​ដំណោះស្រាយ​ដល់​ជនរងគ្រោះ ដោយ​ប្រើប្រាស់​កិច្ចសន្ទនា​ស្តីពី​នយោបាយ និង​សិទ្ធិមនុស្ស​រួមគ្នា សកម្មភាព​បង្កើន​ការយល់ដឹង និង​ជំនួយ​ហិរញ្ញវត្ថុ ជា​ឧបករណ៍​របស់​អឺរ៉ុប ដើម្បី​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ក៏ដូចជា​គោលនយោបាយ​ផ្តល់ជំនួយ​អភិវឌ្ឍន៍​របស់​យើង​»​។ នេះ​ជាការ​លើកឡើង របស់លោក​ស្រី Federica Mogherini នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​។

​សហភាព​អឺរ៉ុប ក៏​លើកកម្ពស់​ភាពចាំបាច់​ដើម្បីឱ្យ​មានការ​ការពារ និង​បង្ការ​ការធ្វើ​ទារុណកម្ម ក្នុង​គ្រប់​សកម្មភាព​ទាំងអស់​របស់ខ្លួន និង​ផ្តល់​ការការពារ​បែបនេះ ដល់​អ្នក​ដែល​កំពុងស្ថិត​ក្នុងស្ថានភាព​ងាយ​រងគ្រោះ​បំផុត ដូចជា​ក្នុង​បរិបទ​នៃ​ការប្រឆាំង​អំពើ​ភេ​វរ​កម្ម ការគ្រប់គ្រង​វិបត្តិ និង​ទេសន្តរប្រវេសន៍​ជាដើម​។​

​តួនាទី​របស់​យន្តការ​អន្តរជាតិ និង​យន្តការ​តំបន់ ក៏ដូចជា​តួនាទី​ដ៏​សំខាន់​របស់​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ និង​យន្តការ​បង្ការ​ការធ្វើ​ទារុណកម្ម​នៅ​ថ្នាក់ជាតិ គឺជា​គន្លឹះ​សម្រាប់​លុបបំបាត់​អំពើ​ទារុណកម្ម​។ សហភាព​អឺរ៉ុប​ផ្តល់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ការងារ​សំខាន់ៗ របស់​យន្តការ​ទាំងនេះ ក្នុងប្រទេស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​។ ការបង្កើត​នូវ​យន្តការ​ឯករាជ្យ​ដើម្បី​បង្ការ​ការធ្វើ​ទារុណកម្ម​នៅ​ថ្នាក់ជាតិ អាច​ធានាឱ្យមាន​ការបន្ត​ពិនិត្យ​តាមដាន និង​ពិគ្រោះ​យោបល់ ដែល​នឹង​នាំឱ្យមាន​ការផ្លាស់ប្តូរ​ដ៏​មាន​អត្ថន័យ ក្នុងការ​បង្ការ​មិន​ឱ្យមាន​ការធ្វើ​ទារុណកម្ម​កើតមានឡើង​។​

​សម្រាប់​សហភាព​អឺរ៉ុប ការលុបបំបាត់​ការធ្វើ​ទារុណកម្ម អាច​សម្រេច​ទៅបាន តែ​តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​ជាស​កល តាមរយៈ​ការ​ផ្គួប​កម្លាំង​គ្នា ការកំណត់​នូវ​យុទ្ធសាស្ត្រ​រួម និង​ការអនុវត្ត​សកម្មភាព​រួមគ្នា​។ ទន្ទឹមនឹងនេះ សហភាព​អឺរ៉ុប ក៏​នៅតែ​ចាត់ទុក​ការបន្ត​ចូលរួម​សហការ​ជាមួយ​ដៃគូ​ដទៃ​របស់ខ្លួន​នៅ​កម្រិត​តំបន់ និង​កម្រិត​ពហុភាគី រួមជាមួយ​សង្គម​ស៊ីវិល ជា​សារៈសំខាន់​យ៉ាងខ្លាំង​ផងដែរ ដើម្បី​សម្រេច​វឌ្ឍនភាព​នេះ​។​

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដដែល សហភាព​អឺរ៉ុប បាន​អំពាវនាវ​សាជាថ្មី ឱ្យមាន​ការផ្តល់​សច្ចាប័ន​ឱ្យបាន​ទូលំទូលាយ និង​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព នូវ​អនុសញ្ញា​សហប្រជាជាតិ​ប្រឆាំងនឹង​ការធ្វើ​ទារុណកម្ម និង​ពិធីសារ​បន្ថែម នៃ​អនុសញ្ញា​នេះ និង​សូម​ស្វាគមន៍​ការ     ផ្តល់​សច្ចាប័ន​កាលពីពេល​ថ្មីៗ​នេះ ដោយ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន អូស្ត្រាលី ម៉ា​ដា​កា​ស្កា ស្រីលង្កា និង​ប៉ា​ឡេ​ស្ទី​ន​។​

​ជាមួយគ្នានេះ សហភាព​អឹ​រ៉ុ​ប​បាន​ប្តេជ្ញា​ថា ខ្លួន​នឹង​បន្ត​ខិតខំ​ទប់ស្កាត់ និង​លុបបំបាត់​អំពើ​ទារុណកម្ម នៅ​ទូទាំង​សកលលោក​ទាំងមូល និង​ស្វែងរក​ដំណោះស្រាយ ចំពោះ​ការឈឺចាប់ ដែល​ទទួលរង​ដោយ​ជនរងគ្រោះ​នៃ​អំពើ​ទារុណកម្ម​៕



Tag:
 EU
  សហភាព​អឺរ៉ុប​
 ​សិទ្ធិមនុស្ស​
 Federica Mogherini
© រក្សាសិទ្ធិដោយ thmeythmey.com