ជាតិ
អាជ្ញាធរហាមការលក់ដូរនៅមុខអង្គរវត្ត ៣ថ្ងៃ ដើម្បីប្រារព្ធទិវាមច្ឆជាតិ
× សៀមរាប៖ កម្ពុជា នឹងប្រារព្ធទិវាមច្ឆជាតិ នៅថ្ងៃទី១ ខែកក្កដា នៅកសិន្ធុអង្គរវត្ត។ ដើម្បីឲ្យពិធីនេះប្រព្រឹត្តិទៅដោយរលូន អាជ្ញាធរជាតិអប្សរា បានហាមការលក់ដូរ នៅមុខអង្គរវត្ត (តាមរទេះ តូប...) រយៈពេល៣ថ្ងៃ ពីថ្ងៃទី៣០ មិថុនា ដល់ថ្ងៃទី២ ខែកក្កដា។
សេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា បញ្ជាក់ថា៖«អាជីវករទាំងអស់ត្រូវផ្អាកសកម្មភាពលក់ដូរ និងយកសម្ភារលក់ដូររបស់ខ្លួន ចេញពីបរិវេណខាងមុខអង្គរ ចាប់ពីថ្ងៃទី៣០ ខែមិថុនា រហូតដល់ថ្ងៃទី២ ខែកក្កដា»។
អាជ្ញាធរ ក៏បានទៅស្ថាប័នពាក់ព័ន្ធ ពិសេសអ្នកបម្រើការក្នុងវិស័យទេសចរណ៍ ដែលត្រូវដឹកភ្ញៀវទេសចរទៅទស្សនាអង្គវត្តផងដែរ ដោយយានយន្តដឹកភ្ញៀវទេសចរ ដាក់ភ្ញៀវចុះដើម្បីចូលទស្សនាអង្គរវត្ត នៅទីតាំងបណ្ដោះអាសន្ន គឺនៅខាងជើងអង្គភាពនគរបាលបេតិកភណ្ឌ រួចបន្តយកយានជំនិះ ទៅចតនៅចំណតខាងលិចផ្នែកខាងត្បូង។ ឯចំណតខាងជើង ដែលប្រើប្រាស់សព្វថ្ងៃ ទុកសម្រាប់ភ្ញៀវដែលចូលរួមកម្មវិធីខាងលើ។ ចំណែកយានយន្តផ្សេងៗ ដែលមានបំណងទៅកាន់គោលដៅទស្សនាផ្សេងក្រៅពីអង្គរវត្ត ត្រូវប្រើប្រាស់ផ្លូវ៦០ម៉ែត្រ បន្តតាមផ្លូវវង់តូច និងវង់ធំ៕
© រក្សាសិទ្ធិដោយ thmeythmey.com