កីឡាជាតិ
ជាតិ
កីឡាករ​សាច់ដុំ សាំង ម៉ូ​និ​ញ ចំណាយ​ថវិកា​ជិះ​យន្តហោះ​ពី​នូ​វែ​ល​សេ​ឡង់ មក​ប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​នៅ​កម្ពុជា​
27, Jun 2018 , 5:59 pm        
រូបភាព
ដោយ:
​អ្នកលេង​សាច់ដុំ​ខ្មែរ​-​នូ​វែ​ល​សេ​ឡង់ សាំង ម៉ូ​និ​ញ បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន ជិះ​យន្តហោះ​ពី​ប្រទេស​នូ​វែ​ល​សេ​ឡង់​មកកាន់​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​ប្រកួត​កីឡា​កាយ​វប្បកម្ម​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី​១៥ ដែល​រៀបចំ​នៅ​ខេត្តសៀមរាប​ចន្លោះ​ពីថ្ងៃ​ទី​២៥-៣០ ខែមិថុនា ឆ្នាំ​២០១៨​។ ម៉ូ​និ​ញ មាន​វ័យ​២៨​ឆ្នាំ​ជា​កីឡាករ​កាយ​វប្បកម្ម​ល្បីល្បាញ​មួយរូប​នៅ​នូ​វែ​ល​សេ​ឡង់ ដែល​ធ្លាប់​ឈ្នះ​មេដាយ​លើ​ឆាក​អន្តរជាតិ​ជាច្រើន​ដូចជា​នៅ​សហរដ្ឋអាមេរិក និង​ចិន​ជាដើម​។



​ក្រោយ​ទទួលបាន​ដំណឹង​ថា កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​កាយ​វប្បកម្ម​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី​១៥​ឆ្នាំនេះ​។ អ្នកលេង​សាច់ដុំ​ឆ្នើម​ខ្មែរ​-​នូ​វែ​ល​សេ​ឡង់ សាំង ម៉ូ​និ​ញ បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ទិញ​សំបុត្រ​យន្តហោះ​ពី​ប្រទេស​នូ​វែ​ល​សេ​ឡង់​មកកាន់​កម្ពុជា ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​តំណាង​ឲ្យ​កម្ពុជា​។ សម្រាប់ ម៉ូ​និ​ញ ការលះបង់​ពេលវេលា​និង​ថវិកា​ផ្ទាល់ខ្លួន​ក្នុងការ​ចូលរួម​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ និង​ជួយ​លើកស្ទួយ​វិស័យ​កីឡា​កាយ​វប្បកម្ម​នៅ​កម្ពុជា​។​



​ទន្ទឹមនឹង​បង្ហាញ​អារម្មណ៍​រំភើប​សប្បាយរីករាយ ដែល​បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ជា​លើកដំបូង​ឲ្យ​កម្ពុជា កីឡាករ​វ័យ​២៨​រូបនេះ​អះអាងថា រូបគេ​ស្វាគមន៍​ជានិច្ច​ក្នុងការ​ប្រកួត​ឲ្យ​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ បើ​ថ្នាក់ដឹកនាំ​ត្រូវការ​។ សម្រាប់​ការប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី​១៥​ឆ្នាំនេះ កីឡាករ សាំង ម៉ូ​និ​ញ ប្រកួត​លើ​វិញ្ញាសា​បង្អួត​សាច់ដុំ និង​មាន​រាង​ស្អាត​ជាងគេ​។​

​ទោះបី​ធ្លាប់​ទទួលបាន​ជោគជ័យ​នៅលើ​ឆាក​អន្តរជាតិ​ជាច្រើន​ក៏ដោយ កីឡាករ សាំង ម៉ូ​និ​ញ មិនបាន​បង្ហាញ​ក្តី​រំពឹង​ខ្ពស់​សម្រាប់​ការប្រកួត​របស់ខ្លួន​ឡើយ​។ ប៉ុន្តែ​រូបគេ​ប្តេជ្ញា​ថា នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ស្វែងរក​មេដាយ​ជូន​ជាតិ​មាតុភូមិ​។


ថ្នាក់ដឹកនាំ និងតំណាងប្រទេសដែលចូលរួមប្រកួតជើងឯកអាស៊ីអាគ្នេយ៍ថតជុំគ្នាក្រោយសន្និសីទសារព័ត៌មាន

​កីឡាករ​ដែលមាន​ឈ្មោះ​នូ​វែ​ល​សេ​ឡង់ Marcus Lim រូបនេះ បាន​ចាក​ចេញពី​កម្ពុជា​ទៅ​រស់នៅ​ប្រទេស​នូ​វែ​ល​សេ​ឡង់​តាំងពី​អាយុ​១៣​ឆ្នាំ​។ ក្រោយ​ប្រឡូក​ក្នុង​វិស័យ​កីឡា​កាយ​វប្បកម្ម​ជាង​១០​ឆ្នាំកន្លងមក Marcus ធ្លាប់​ឈ្នះ​មេដាយមាស​ជាច្រើន​សម្រាប់​ការប្រកួត​ថ្នាក់ជាតិ​នៅ​ប្រទេស​នូ​វែ​ល​ស៊ី​ឡង់​។ Marcus គ្រង​ជើងឯក​ប្រចាំការ​ប្រកួត​ជើងឯក​ទូទាំងប្រទេស​នូ​វែ​ល​សេ​ឡង់​ពីរ​ឆ្នាំ​ជាប់​គ្នា គឺ​ឆ្នាំ​២០១៦ និង ២០១៧​។ ក្រៅពីនេះ​ក៏មាន​មេដាយមាស​ជាច្រើន​ទៀតផង​ដែរ​។​

​លើសពីនេះ សាំង ម៉ូ​និ​ញ ធ្លាប់​តំណាង​ឲ្យ​ប្រទេស​នូ​វែ​ល​សេ​ឡង់ ចូលរួម​ប្រកួត​នៅ​សហរដ្ឋអាមេរិក និង​ចិន​ផងដែរ​។ សម្រាប់​ការប្រកួត​ជើងឯក​ពិភពលោក​នៅ​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំ​២០១៧ រូបគេ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១០​ក្នុងចំណោម​កីឡាករ​ជាង​៤០​នាក់​។ ហើយ​កាលពីពេល​ថ្មីៗ រូបគេ​ទទួលបាន​ចំណាយ​ថ្នាក់​លេខ​៥​នា​ការប្រកួត Olympain នៅ​ទីក្រុង​ប៉ី​ជី​ង​ប្រទេស​ចិន​។


លោក រស្មី សុខ​មង្គល ប្រធាន​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម និង​ហាត់ប្រាណ​កម្ពុជា​ថ្លែង​ក្នុង​ពិធី​សន្និសីទ​សារព័ត៌​មាននៅ​សណ្ឋាគារ​សុខា​ល័យ​អង្គរ​

​បើ​យោងតាម​លោក រស្មី សុខ​មង្គល ប្រធាន​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម និង​ហាត់ប្រាណ សម្រាប់​ការប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​ដែល​រៀបចំ​នៅ​សណ្ឋាគារ​សុខា​ល័យ​អង្គរ​ក្នុង​ខេត្តសៀមរាប ចន្លោះ​ពីថ្ងៃ​ទី​២៥-៣០ ខែមិថុនា ឆ្នាំ​២០១៨ មាន​អត្ត​ព​លិ​ក​ចំនួន​២២៥​នាក់​មកពី​៨​ប្រទេស​ចូលរួម​៕


Tag:
 កាយ​វប្បកម្ម​
  សាំង ម៉ូ​និ​ញ​
  ជើងឯក​អាស៊ីអាគ្នេយ៍​
© រក្សាសិទ្ធិដោយ thmeythmey.com