កីឡាអន្តរជាតិ
អន្តរជាតិ
កូរ៉េខាងត្បូង​ទាញ​អាល្លឺម៉ង់​ឲ្យ​ធ្លាក់​តាម​ខ្លួន ខណៈ​ស៊ុយអែត និង​ម៉ិ​ក​ស៊ិ​ក ឡើងទៅ​វគ្គ​១៦​ក្រុម​
27, Jun 2018 , 11:17 pm        
រូបភាព
ម្ចាស់​ការពារ​តំណែង​ជើងឯក​អាល្លឺម៉ង់ បាន​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍ FIFA World Cup 2018 ក្រោយ​ចាញ់​កូរ៉េខាងត្បូង ២-០ នៅ​នាទី​បន្ថែម​ទាំងពីរ​គ្រាប់ នា​ជំនួប​ចុងក្រោយ​ពូ​ល F ស្រប​ពេលដែល​ស៊ុយអែត និង​ម៉ិ​ក​ស៊ិ​ក​ឡើងទៅ​វគ្គ​បន្ត តែ​ស៊ុយអែត​បាន​លេខ​១​ក្នុង​ពូ​ល​ជាមួយនឹង​ជ័យជម្នះ ៣-០ ។​

 
​ការប្រកួត​៩០​នាទី​ពេញ មិនមាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ឡើយ​។ ប៉ុន្តែ​ម្ចាស់​ជើងឯក​៤​ជំនាន់​អាល្លឺម៉ង់ រង​នូវ​កា​រខក​ក្រោយ​ជំនួយការ​វីដេអូ សម្រេច​ថា ការ​ស៊ុត​បាល់​បញ្ចូល​ទី​របស់ Kim Young-Gwon នៅ​នាទី​៩០+២ គឺជា​គ្រាប់​បានការ ហើយ​ឈាន​នាទី​៩០+៦ ខ្សែប្រយុទ្ធ​ឆ្នើម Son Heung-Min បន្ថែម​គ្រាប់​បាល់​បញ្ចូល​ទី​១​ទៀត​។​

​នេះ​ជា​លើកដំបូង​បំផុត​សម្រាប់​ក្រុម​អាល្លឺម៉ង់ ឬ​អាល្លឺម៉ង់​ខាងលិច បើ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៣៨​មក ដែល​មិន​មានឱកាស​ឈានទៅ​វគ្គ​បន្ត​ក្នុង​ព្រឹត្តិការណ៍ World Cup​។ វា​ជា​កំណត់ត្រា​ដ៏​អាក្រក់​មួយ សម្រាប់​ក្រុម​ដែលមាន​ចំណាត់ថ្នាក់ FIFA Rankings ខ្ពស់ តែ​បែរជា​បញ្ចប់​ចំណាត់ថ្នាក់​បាត​តារាង​ក្នុង​ពូ​ល F​។​

​សម្រាប់​ជំនួប​មួយគូ​ទៀត ស៊ុយអែត  ក្លាយជា​ក្រុម​លេខ​មួយ​ក្នុង​ពូ​ល តាមរយៈ​ជ័យជម្នះ ៣-០ លើ​ម៉ិ​ក​ស៊ិ​ក​។ គ្រាប់​បាល់​បញ្ចូល​ទី​កើតឡើង​នៅ​តង់​ទី​ពីរ ដែល​រកបាន​ដោយ Ludwig Augustinsson ការ​ទាត់​ប៉េ​ណា​ល់​ទី​របស់ Andreas Granqvist និង​គ្រាប់​ចូល​ទី​ខ្លួនឯង​របស់ Edson Alvarez​។​

​ស៊ុយអែត​ឈរលើ​កំពូល​តារាង​ដោយមាន​៦​ពិន្ទុ​ស្មើ​ម៉ិ​ក​ស៊ិ​ក ប៉ុន្តែ​មានប្រៀប​លើ​ចំនួន​គ្រាប់​បាល់​បញ្ចូល​ទី ដូចគ្នា​ទៅនឹង​កូរ៉េខាងត្បូង ដែល​ត្រឡប់ទៅផ្ទះ​វិញ​ជាមួយនឹង​ចំណាត់ថ្នាក់​លេខ​៣ ក្រោយ​ជ័យជម្នះ​ជា​កំណត់ត្រា​លើ​អាល្លឺម៉ង់​៕





Tag:
 FIFA World Cup
  GroupF
© រក្សាសិទ្ធិដោយ thmeythmey.com