កីឡាជាតិ
ជាតិ
ទិ​ត្យ ឌី​ណា ចាក​ចេញពី​ក្លិប​នគរបាលជាតិ ទៅ​ចូលរួម​ជាមួយ​វិសាខា​
28, Jun 2018 , 4:26 pm        
រូបភាព
កីឡាករ ទិត្យ ឌីណា បង្ហាញស្លាកក្លិបវិសាខាក្រោយចុះកិច្ចសន្យារួម, រូបភាពពីហ្វេសប៊ុកក្លិបបាល់ទាត់វិសាខា
កីឡាករ ទិត្យ ឌីណា បង្ហាញស្លាកក្លិបវិសាខាក្រោយចុះកិច្ចសន្យារួម, រូបភាពពីហ្វេសប៊ុកក្លិបបាល់ទាត់វិសាខា
ដោយ:
​ខ្សែបម្រើ​ឆ្នើម​របស់​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ និង​ជម្រើសជាតិ កីឡាករ ទិ​ត្យ ឌី​ណា បានសម្រេច​ចាកចេញ​ពី​ក្លិប ដែល​ខ្លួន​ធ្លាប់​ចំណាយពេល​ជាង​១០​ឆ្នាំ ទៅ​រួមរស់​ជាមួយ​ក្រុម​ចំណូល​ថ្មី​វិសាខា​។ វត្តមាន​របស់​របស់​ខ្សែបម្រើ​រូបនេះ នឹង​ជួយ​ឲ្យ​តំបន់​កណ្តាល​របស់​វិសាខា​កាន់តែ​ល្អប្រសើរ សម្រាប់​ការប្រកួត​ជើង​ទី​២​នៃ​ពានរង្វាន់​បាល់ទាត់​ក្របខណ្ឌ​កំពូល​កម្ពុជា​ឆ្នាំ​២០១៨​។​



​ខ្សែបម្រើ​ឆ្នើម ទិ​ត្យ ឌី​ណា បាន​ចុះកិច្ចសន្យា​លេង​ឲ្យ​ក្លិប​ចំណូល​ថ្មី​វិសាខា សម្រាប់​ការប្រកួត​ជើង​ទី​២​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​រដូវ​កាល​ឆ្នាំ​២០១៨ ដែល​ចាប់ផ្តើម​ប្រកួត​នៅ​សប្តាហ៍​នេះ​។ កីឡាករ ទិ​ត្យ ឌី​ណា បាន​ចំណាយពេល​ជាង​១០​ឆ្នាំ​ជាមួយ​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ ពោលគឺ​តាំងពី​ឆ្នាំ​២០០៨​។ មិន​ត្រឹមតែ​ជា​ខ្សែបម្រើ​ឆ្នើម​ក្នុង​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​នោះទេ ឌី​ណា ក៏​ជា​ខ្សែបម្រើ​ល្អ​មួយរូប​ក្នុង​ក្រុម​ជម្រើសជាតិ​ផងដែរ​។

​ក្រោយ​រួមរស់​ជាមួយ​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិប្រមាណ​ជា​៣​ឆ្នាំ កីឡាករ ទិ​ត្យ ឌី​ណា បាន​ក្លាយជា​សមាជិក​១​រូប​ក្នុង​ក្រុម​ជម្រើសជាតិ​លើកដំបូង​នា​អំឡុង​ឆ្នាំ​២០១១​។ ដោយសារ​មាន​សមត្ថ​ភាពល្អ ឌី​ណា ត្រូវបាន​គ្រូបង្វឹក​ផ្តល់ឱកាស​ឲ្យ​ជាប់​ជម្រើសជាតិ​ជា​បន្តបន្ទាប់​។ ប៉ុន្តែ​មួយរយៈ​ចុងក្រោយ​នេះ រូបគេ បាន​បាត់​កៅអី​ក្នុង​ក្រុម​ជម្រើសជាតិ ដោយសារ​ជាប់រវល់​ជាមួយ​ការងារ​ក្នុង​ក្របខណ្ឌ​ប៉ូលិស​។​

​ការចូលរួម​របស់ ទិ​ត្យ ឌី​ណា នឹងធ្វើ​ឲ្យ​តំបន់​កណ្តាល​របស់​វិសាខា​កាន់តែ​រឹងមាំ​និង​ល្អប្រសើរ​ថែមទៀត​។ បច្ចុប្បន្ន​វិសាខា​ឈរ​លេខ​រៀង​ទី​៣​មាន​២៣​ពិន្ទុ ក្រោម​ក្រុម​កំពូល​តារាង​បឹងកេត​៤​ពិន្ទុ និង​ក្រុម​លេខ​២​ណាហ្គា​វើ​ល​២​ពិន្ទុ​។ ក្រុម​វិសាខា​ត្រូវ​ជួប​ប្រកួត​បើកឆាក​ជើង​ទី​២​ជាមួយ​ក្រុម​អគ្គស​នី​កម្ពុជា នៅ​ថ្ងៃអាទិត្យ ទី​១ ខែកក្កដា ឆ្នាំ​២០១៨ នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា​៕


Tag:
 ទិ​ត្យ ឌី​ណា​
  Cambodian League 2018
  វិសាខា
© រក្សាសិទ្ធិដោយ thmeythmey.com