ជាតិ
កម្ពុជា រិះគន់សហភាពអឺរ៉ុប ដែលប្រើប្រាស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ជ្រៀតជ្រែករឿងនយោបាយកម្ពុជា ហ្វេសប៊ុក៖ ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំមន្ទីរអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នាទីក្រុងហ្សឺណែវ លោក ណី សំអុល (មានអក្សរCambodia ពីមុខ)
× ភ្នំពេញ៖ កម្ពុជា ច្រានចោលសេចក្តីថ្លែងការណ៍របស់សហភាពរដ្ឋអឺរ៉ុប ដែលប្រឆាំងកម្ពុជា ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស។ កម្ពុជា ចាត់ទុកសេចក្តីថ្លែងការណ៍នេះ ជារឿងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសកម្ពុជា។
ជារឿងដែលកម្ពុជា មិនអាចទទួលបានឡើយ ចំពោះសហភាពអឺរ៉ុប ដែលចេញសេចក្តីថ្លៃងការណ៍ដោយគណប្រតិភូប្រទេសប៊ុលហ្គារី បែលហ្ស៊ិក ហ្វាំងឡង់ អៀរឡង់ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនទៀត ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។
ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំមន្ទីរអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នាទីក្រុងហ្សឺណែវ លោក ណី សំអុល ចាត់ទុកសេចក្តីថ្លែងការណ៍ទាំងនោះ ជាការប្រើប្រាស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ជាឧបករណ៍ដើម្បីជ្រៀតជ្រែកចូលទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា។ ជាពិសេសបង្ខូចកេរ្តិ៍ឈ្មោះ ក្នុងគោលបំណងមិនទទួលស្គាល់ការបោះឆ្នោតកម្ពុជា ដែលនឹងឈានមកដល់នៅថ្ងៃទី២៩ កក្កដាខាងមុខ។
ការច្រានចោលរបស់លោក ណី សំអុល ធ្វើឡើងក្រោយពីបណ្ដាប្រតិភូសមាជិកអឺរ៉ុបទាំងនេះ យកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ទៅបកស្រាយនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ។ «របៀបវារៈទី៤របស់សម័យប្រជុំលើកទី៣៨ នៃក្រុមប្រឹក្សានេះ ត្រូវបានគេកំណត់ថា នឹងធ្វើការពិភាក្សាលើបញ្ហាសិទ្ធិមនុស្សនៃប្រទេសចំនួន៥ មានដូចជា ប្រទេសបេឡារូស អេរីទ្រា ស៊ីរី ប៊ូរុននី និងមីយ៉ាន់ម៉ា ហើយដែលមិនមានអ្វីដែលត្រូវពាក់ព័ន្ធនឹងកម្ពុជាទាល់តែសោះ»។ នេះជាការលើកឡើងរបស់លោក ណី សំអុល ដែលបានបន្ថែមថា បញ្ហាសិទ្ធិមនុស្សកម្ពុជា នឹងត្រូវពិភាក្សានៅក្នុងខែកញ្ញា នៅក្រោមរបៀបវារៈទី១០ ដែលបានកំណត់នៅក្នុងសេចក្តីសម្រេច កាលពីឆ្នាំមុន ពោលគឺមិនមែនលើកឡើងដូចសេចក្តីថ្លែងការណ៍របស់ប្រទេសសមាជិកអឺរ៉ុបនេះទេ។
ឯកអគ្គរាជទូតកម្ពុជារូបនេះ ក៏បានការពាររាល់សកម្មភាពរដ្ឋាភិបាល ដែលអនុវត្តច្បាប់ទៅលើក្រុមគណបក្សប្រឆាំង ដែលត្រូវតុលាការរំលាយ កាលពីចុងឆ្នាំ២០១៧កន្លងមក ។ លោក ណី សំអុល បានបញ្ជាក់ថា ការសម្រេចរបស់តុលាការរំលាយអតីតគណបក្សសង្គ្រោះជាតិ គឺមានលក្ខណៈផ្លូវច្បាប់ត្រឹមត្រូវ ដែលមិនអនុញ្ញាត្តឲ្យមានការប្ដឹងសុំជម្រះវិញឡើយ ខណៈរដ្ឋាភិបាលក៏គ្មានតួនាទី អន្តាគមន៍លើសេចក្តីសម្រេចតុលាការដែរ។
«ការស្នើឲ្យរដ្ឋាភិបាលសង្គ្រោះគណបក្សសង្គ្រោះជាតិ ឬដោះលែងជនជាប់ឃុំ វាមិនខុសអ្វីពីការស្នើឲ្យរាជរដ្ឋាភិបាលជ្រៀតជ្រែកក្នុងអំណាចតុលាការ ដែលជាអំណាចឯករាជ្យពីអង្គនីតិប្រត្តិបត្តិ ដូចមានចែងក្នុងមាត្រា១២៨ថ្មី និងមាត្រាថ្មីនៃរដ្ឋធម្មនុញ្ញ។ យ៉ាងដូច្នេះហើយ ការជួយធ្វើចលនាដង្ហើមឲ្យសាកសព វាមិនអាចធ្វើឲ្យសាកសពរស់ឡើងវិញបានឡើយ»។ នេះជាការបញ្ជាក់របស់ឯកអគ្គរាជទូតកម្ពុជា ដែលបានចំអកទៅបណ្ដាប្រទេសខាងលើវិញថា ប្រតិភូដែលបង្រៀនកម្ពុជាពីបញ្ហាសិទ្ធិមនុស្ស មិនបានគិតពីប្រទេសខ្លួនឯង ដែលដិតដាម និងប្រឡាក់ប្រឡូកយ៉ាងធ្ងន់ធ្ងរ ពោរពេញដោយគុណវិបត្តិ រាប់តាំងពីជាតិសាសន៍និយម និងការរើសអើងជាដើម៕
Tag:
ណី សំអុល
សិទ្ធិមនុស្ស
UN
© រក្សាសិទ្ធិដោយ thmeythmey.com