ជាតិ
លោកស្រី ម៉ី​សន សុធា​រី​៖ រឿង​«​បាតដៃ​ខ្មៅ​»​ចង់​ឲ្យ​យុវវ័យ​ចេះ​សាមគ្គី និង​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯង​
28, Jun 2018 , 8:39 pm        
រូបភាព
​រឿង​«​បាតដៃ​ខ្មៅ​» និពន្ធ​ឡើង​ដើម្បី​ផ្ដល់​សារ​អប់រំ​ទៅដល់​យុវវ័យ​សម័យថ្មី​ឲ្យ​ចេះ​សាមគ្គី​គ្នា និង​ចេះ​ស្វែងយល់​ពី​ដើមហេតុ​នៃ​បញ្ហា មក​រួមគ្នា​ដោះស្រាយ​។ រឿងនេះ​ក៏​បញ្ចូល​បញ្ហា​ដែល​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ជំនឿ​អ​រូបិយ​ខ្មែរ​ផងដែរ ដើម្បី​កុំ​ឲ្យ​យុវវ័យ​មានការ​ប្រមាថ​ពេល​ទៅ​តំបន់​ឆ្ងាយ​ពី​ភូមិ​ស្រុក​របស់ខ្លួន​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនិពន្ធ ម៉ី​សន សុធា​រី ម្ចាស់​ស្នាដៃ​រឿង​ខាងលើ​។​



​អ្នកនិពន្ធ ម៉ី​សន សុធា​រី លើកឡើងថា តម្លៃ​ស្នូល​នៃ​រឿង​«​បាតដៃ​ខ្មៅ​» គឺ​ចង់​ផ្ដល់​សារ​មួយ​ទៅកាន់​យុវវ័យ​បច្ចុប្បន្ន​ឲ្យ​ស្គាល់​គុណ​តម្លៃ​នៃ​ភាព​សាមគ្គី​គ្នា និង​ចេះ​ស្វែងរក​ដើមហេតុ​នៃ​បញ្ហា ហើយ​រួមគ្នា​ដោះស្រាយ​ដោយ​ខ្លួនឯង​។ លោកស្រី សុធា​រី បាន​បញ្ជាក់ថា រឿងនេះ​ក៏​ចង់បង្ហាញ​ដល់​យុវជន ឲ្យ​ចេះ​ប្រយ័ត្ន​ពាក្យសម្ដី នៅពេល​ទៅ​ទីកន្លែង​ណាមួយ ព្រោះ​ខ្មែរ​មាន​ជំនឿ​អ​រូបិយ​ច្រើន​។



​បើតាម​អ្នកនិពន្ធ​រូបនេះ ភាពស្មុគស្មាញ​នៃ​បញ្ហា​នៅក្នុង​រឿង ពាក់ព័ន្ធ​នឹង​ជំនឿ​ខ្មែរ ដែល​ឲ្យ​តម្លៃ​ពាក្យ​ថា​ខ្មៅ​ជា​រឿង​មិនល្អ ជា​ភាព​ងងឹត និង​ប្រៀប​ទៅ​រឿង​អ​បិ​យ​ជំនឿជាមូល​ហេតុ​នាំឱ្យអ្នកស្រី​ជ្រើស​រើស​ឈ្មោះ«បាតដៃខ្មៅ» មកធ្វើ​ជា​ចំណងជើងរឿង។ 

​អ្នកនិពន្ធ​រូបនេះ​បញ្ជាក់ថា​៖« ចំណងជើង​«​បាតដៃ​ខ្មៅ​» យកតាម​ឈ្មោះ​ក្រុម​ចម្រៀង​ក្នុង​រឿងនេះ  ហើយដោយ​គិត​ទៅលើ​អារម្មណ៍​របស់​ខ្មែរ​តែង​យល់ថា​អ្វីដែល​ខ្មៅ​មិនល្អ ជា​ភាព​ងងឹត ជា​រឿង​អ​បិ​យ​ជំនឿ​ដែល​មើលមិនឃើញ ខ្ញុំ​ក៏​យក​ចំណងជើង​នេះ​។ ចំណែក​ជំនឿ​នៅក្នុង​រឿងនេះ​មិនមាន​អ្វី​ជាក់លាក់​ឡើយ ខ្ញុំ​គ្រាន់តែ​ចង់​បង្ហាញថា មានរឿង​មួយចំនួន​យុវវ័យ​ដែល​មិនបាន​ជឿ​ពាក្យចាស់ គាត់​នឹង​ជួប​បញ្ហា​។ អ្វីដែល​សំខាន់​នៅក្នុង​រឿងនេះ ខ្ញុំ​ចង់​ឲ្យ​យុវវ័យ​សម័យ​ឥឡូវ​គាត់​ចេះ​ស្វែងយល់​ពី​ឬ​សគល់​នៃ​បញ្ហា ហើយ​រួមគ្នា​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯង​»​។​



​ឆ្លើយតប​នឹង​ការរំពឹង​ថា​រឿង «​បាតដៃ​ខ្មៅ​» នេះ​នឹង​ជោគជ័យ​កម្រិតណា​នោះ អ្នកនិពន្ធ​ដែលមាន​ស្នាដៃ​ល្អ​រូបនេះ បាន​បញ្ជាក់ថា ភាពជោគជ័យ​របស់លោក​ស្រី គឺ​ភាពយន្ត​ដែល​លោកស្រី​និពន្ធ​ឡើង ​មិន​ស្រដៀង​រឿង​ថៃ ចិន​ឬ​រឿង​ប្រទេស​ផ្សេងទៀត​។  បើតាម​លោកស្រី សុធា​រី ការផលិត​ភាពយន្ត​មួយ ដែល​ផ្ដល់ឱកាស​ឲ្យ​ផលិតករ​ខ្មែរ​ជា​យុវវ័យ​មានការ​ងារ​ធ្វើ និង​មានឱកាស​បញ្ចេញ​សមត្ថភាព គឺជា​ជោគជ័យ​សម្រាប់​ខ្លួន​ហើយ ។ ប្រាក់ចំណេញ​ពី​ការ​លក់​សំបុត្រ លោកស្រី​មិន​រំពឹង​យក​ចូល​ផ្ទះ​ឡើយ ប៉ុន្ដែ​វា​នឹងត្រូវ​យកទៅ​ផលិត​រឿង​ថ្មី ដែលមាន​គុណភាព​ខ្ពស់​និង​ទ្រង់ទ្រាយ​ធំ​ជាង​មុន​។ បើតាម​ការបញ្ជាក់​ពី​ម្ចាស់​ស្នាដៃ​រឿង «​បាតដៃ​ខ្មៅ​» រូបនេះ ការ​បញ្ចាំង​រឿង​ថ្ងៃ​ដំបូង​មាន​មនុស្ស​ចូល​មើល​ពេញៗ​គ្រប់​ម៉ោង​ដែល​បញ្ចាំង​៕


Tag:
 ភាពយន្ត​
  សិល្បៈ​
© រក្សាសិទ្ធិដោយ thmeythmey.com