ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
ក្រុមអ្នកច្បាប់​អន្តរជាតិ​៖ សិទ្ធិមនុស្ស និង​នីតិរដ្ឋ​នៅ​កម្ពុជា កាន់តែ​យ៉ាប់យ៉ឺន​
29, Jun 2018 , 2:45 pm        
រូបភាព
តំណាងប្រទេសជាច្រើនលើពិភពលោក ចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិលើកទី៣៨។ រូបពី International Commission of Jurists (ICJ)
តំណាងប្រទេសជាច្រើនលើពិភពលោក ចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិលើកទី៣៨។ រូបពី International Commission of Jurists (ICJ)
​មាន​អង្គការ​អន្តរជាតិ​មួយទៀត​ហើយ ដែល​សមាជិក​សុទ្ធតែជា​មេធាវី បាន​ចេញមក​រិះគន់រ​ដ្ឋា​ភិ​បាល​កម្ពុជា ថា​ធ្វើ​ឲ្យ​សិទ្ធិមនុស្ស និង​នីតិរដ្ឋ ធ្លាក់ចុះ​។ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា ឆ្លើយតប​ថា អង្គការ​អន្តរជាតិ​នេះ និយាយ​ខុសពី​ការពិត និង​ផ្តេកផ្តួល​តាម​និន្នាការ​នយោបាយ នៃ​បណ្តា​ប្រទេស​មួយចំនួន​។



​ស្ថានភាព​សិទ្ធិមនុស្ស និង​នីតិរដ្ឋ​នៅ​កម្ពុជា កាន់តែ​យ៉ាប់យ៉ឺន​ហើយ​។ នេះ​គឺជា​ចំណង និង​ជា​ខ្លឹមសារ​សំខាន់​ក្នុង​សេចក្តីថ្លែងការណ៍ របស់​អង្គការ​អន្តរជាតិ​មួយ​ឈ្មោះ គណៈកម្មការ​នៃក្រុមអ្នកច្បាប់​អន្តរជាតិ (International Commission of Jurists) ដែល​យកទៅ​ថ្លែង​ក្នុង​កិច្ចប្រជុំ​លើក​ទី​៣៨ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ កាល​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ដោយមាន​ការចូលរួម​ពី​តំណាង​ប្រទេស​ជាច្រើន​លើ​ពិភពលោក​។

​តំណាង​មួយរូបរបស់គណៈកម្មការ​នៃក្រុមអ្នកច្បាប់​អន្តរជាតិ ដែល​ប្រមូលផ្តុំ​ទៅដោយ​អ្នកជំនាញ​​ច្បាប់ជាន់ខ្ពស់ ដូចជា មេធាវី និងចៅក្រម ជាដើម បាន​អាន​សេចក្តីថ្លែងការណ៍​ក្នុង​កិច្ចប្រជុំ​នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជា​តិ​ថា អាជ្ញាធរ​កម្ពុជា នៅតែ​បន្ត​ដាក់​សម្ពាធ​លើ​ក្រុម​អ្នកប្រឆាំង ក្រុម​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ លើសពីនេះ តំណាង​គណៈកម្មការ​ខាងលើ ក៏​រិះគន់​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ការព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​លើ​ក្រុម​ណា ដែល​អំពាវនាវ​មិន​ឲ្យ​ប្រជាពលរដ្ឋ ទៅ​បោះឆ្នោត​។

​តំណាង​គណៈកម្មការ​នៃក្រុមអ្នកច្បាប់​អន្តរជាតិ បាន​សង្កត់​យ៉ាង​ដូច្នេះ​ថា​៖«​ការបន្ត​មាន​វិបត្តិ​ផ្នែក​សិទ្ធិមនុស្ស​និង​នីតិរដ្ឋ​នៅ​កម្ពុជា បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការបោះឆ្នោត ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨»​។ សារ​ចុងក្រោយ​របស់​គណៈកម្មកា​រ​នៃក្រុមអ្នកច្បាប់​អន្តរជាតិ គឺ​ស្នើ​ឲ្យ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ឆ្លើយតប​ឲ្យ​មាន​ប្រសិទ្ធិភាព ចំពោះ​វិបត្តិ ដែល​កំពុង​កើត​មាននៅ​កម្ពុជា ជាពិសេស​រយៈពេល​ប៉ុន្មាន​សប្តាហ៍ មុន​ការបោះឆ្នោត​មកដល់​។​

​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ប្រតិកម្ម​ថា ការលើកឡើង​របស់​គ​ណៈ​កម្ម​ការនៃក្រុមអ្នកច្បាប់​អន្តរជាតិ មិន​ឆ្លើយតប​នឹង​ភាពជាក់ស្តែង​នៅ​កម្ពុជា​នោះទេ​។ លោក យល់ថា ការចោទប្រកាន់​របស់​គណៈកម្មការ​នេះ គឺធ្វើឡើង​តាម​និន្នាការ​នយោបាយ ដែល​បណ្តា​ប្រទេស​មួយចំនួន ធ្លាប់ធ្វើ​ដាក់​កម្ពុជា​កន្លងមក​។ 

​អ្នកនាំពាក្យ​រូបនេះ ចោទប្រកាន់​ទៅវិញ​ថា គោលបំណង​របស់​គណៈ​កម្ម​ការ​ខាងលើ គឺ​ដើម្បី​ប្រឆាំងនឹង​លទ្ធផល​បោះឆ្នោត​នៅ​កម្ពុជា នាពេលខាងមុខ​។ លោក សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖«​អ្វីដែល​គណៈកម្មការ​នេះ លើកឡើង គឺជា​ការ​ប្រឌិត ឬ​មិន​យល់ច្បាស់ អំពី​អ្វីដែល​កើតឡើង​នៅ​កម្ពុជា​»​។

​ក្រៅពី​អង្គការ​អន្តរជាតិ តំណាង​ប្រទេស​មួយចំនួន ដូចជា នូ​វែ​ល​សេ​ឡង់ សហភាព​អឺ​រុ​ប ប៊ែ​ល​ហ្សិ​ក ហ្វាំ​ង​ឡង់ និង​អៀរឡង់ ជាដើម ក៏បាន​ធ្វើ​សេចក្តីថ្លែងការណ៍​ស្តីពី​បញ្ហា​កម្ពុជា​ដែរ ពេល​ចូលរួម​ប្រជុំ​ក្នុង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហ​ប្រជា​តិ ដែល​ដំណើរការ​ពីថ្ងៃ​ទី​១៨ ខែមិថុនា ដល់​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៨​។ ជាទូទៅ តំណាង​ប្រទេស​ទាំងនោះ ទិតៀន​ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា ថា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធយុត្តិធម៌ សារព័ត៌មាន និង​សិទ្ធិមនុស្ស​។ 

​គ្រាន់តែ​តំណាង​ប្រទេស​ទាំងនោះ​ចេញ​សេចក្តីថ្លែងការណ៍​រួច តំណាង​កម្ពុជា​ប្រចាំ​នៅ​អង្គការ​សហ​ប្រជា​តិ ក៏បាន​ឆ្លើយតប​ទៅវិញ ដោយ​មិន​បង្អង់​យូរ​។ តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន លោក ណី សំអុល ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​នៅ​មន្ទីរ​អង្គការ​សហ​ប្រជា​តិ បានចាត់ទុក​ការលើកឡើង​របស់​បណ្តា​ប្រទេស​ទាំងនោះ​ថា ជាការ​ជ្រៀត​ជ្រែ​ត​ចូល​ផ្ទៃក្នុង​កម្ពុជា​។

​បន្ទាប់មក លោក ក៏​បកស្រាយ​ក្នុងន័យ​ការពារ​រដ្ឋាភិបាល​កម្ពុ​ជា​ថា ចំណាត់ការ​លើ​គណបក្ស​ប្រឆាំង ឬ​ក្រុម​ណាមួយ គឺធ្វើឡើង​តាមច្បាប់​។ តំណាង​កម្ពុជា​រូបនេះ បាន​សង្កត់ធ្ងន់​ក្នុង​សេចក្តីថ្លែងការណ៍ ដែល​ធ្វើឡើង​កាលពី​ថ្ងៃ​២៧ ខែមិថុនា ឆ្នាំ​២០១៨ យ៉ាង​ដូច្នេះ​ថា​៖«​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​នីតិរដ្ឋ ត្រូវ​ពឹងផ្អែក​គ្នា​ទៅវិញទៅមក​។ ដូច្នេះ ការផ្តន្ទាទោស និង​ការវិនិច្ឆ័យ​ទោស​លើ​ជនល្មើស ដើម្បី​ការពារ​ច្បាប់ សណ្តាប់ធ្នាប់ និង​លើកកម្ពស់​ប្រយោជន៍​សាធារណៈ គឺជា​កាតព្វកិច្ច​របស់​អាជ្ញាធរ​ស្របច្បាប់ ដែល​ត្រូវតែ​បំពេញ​»​។

​គេ​សង្កេតឃើញថា រយៈកាល​ចុងក្រោយ​នេះ ជាពិសេស​ខណៈ​ការបោះឆ្នោត កាន់តែ​ជិត​ឈាន​មកដល់ ការរិះគន់​និង​សម្ពាធ​របស់​សហគមន៍​អន្តរជាតិ មកលើ​រដ្ឋាភិបាល​កម្ពុ​ជា កាន់តែ​កើត​ឡើងជា​បន្តបន្ទាប់​។ ថ្មីៗ​នេះ សហរដ្ឋអាមេរិក បាន​បង្កក​ទ្រព្យសម្បត្តិ​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង មេ​អង្គរក្ស​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។

​វិធានការ​លើ​លោក ហ៊ីង ប៊ុន​ហៀ​ង មិនទាន់បាន​ប៉ុន្មាន​ផង ស្រាប់តែ​មន្ត្រី​ប្រដាប់អាវុធ​ជាន់ខ្ពស់​១២​រូប​ទៀត​របស់​កម្ពុជា ក៏​រង​ការចោទប្រកាន់​យ៉ាងធ្ងន់ធ្ងរ​ពី​សំណាក់​អង្គការ​ឃ្លាំមើល​សិទ្ធិ (Human Rights Watch) ថា​ជា​ជន​បាតដៃ​កខ្វក់ ក្នុង​ការរំលោភ​សិទ្ធិមនុស្ស​។ អង្គការ​នេះ បាន​សរសេរ​របាយរ​ណ៍​ដល់​ទៅ​២១៣​ទំព័រ​ឯណោះ ដើម្បី​បរិយាយ​ពី​រឿងរ៉ាវ​របស់​អ្នក​ទាំង​១២​រូប ដែល​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស​។

​ម្យ៉ាងវិញទៀត បណ្តា​ប្រទេស និង​អង្គការ​អន្តរជាតិ​មួយចំនួន បានចាត់ទុក​ការបោះឆ្នោត ដែល​គ្មាន​គណបក្សប្រឆាំង ថា​ជាការ​បោះឆ្នោត​មិន​ពិតប្រាកដ​។ ពួកគេ នៅតែ​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​អនុញ្ញាត​ឲ្យ​គណបក្ស​របស់លោក ធ្វើ​សកម្មភាព​ឡើងវិញ ដើម្បី​បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​។

​យ៉ាងណា​ក៏​ដោយ​ចុះ ការ​ឈឺឆ្អាល​របស់​សហ​គម​ន៍​អន្តរជាតិ​ទាំង​អម្បាលម៉ាន ហាក់​គ្មាន​ប្រសិទ្ធភាព​ នោះទេ​។ មកដល់ពេលនេះ រដ្ឋាភិបាល​កម្ពុជា មិន​ព្រម​សម្របសម្រួល​តាម​ការអំពាវនាវ​របស់​សហគមន៍​អន្តរជាតិ​។

​រដ្ឋាភិបាល​កម្ពុជា នៅតែ​ប្រកាស​ជំហរ​រៀបចំ​ការបោះឆ្នោត ទៅតាម​ការគ្រោងទុក ដោយ​ឥត​កែប្រែ​ឬ​ពន្យារពេល​អ្វី​ឡើយ​។ ចំណែក អវត្តមាន​គណបក្សប្រឆាំង ក្នុងការ​បោះឆ្នោត ត្រូវបាន​រដ្ឋាភិបាល ក៏ដូចជា​គណបក្សកាន់អំណាច បកស្រាយ​ថា មិនបាន​ធ្វើ​ឲ្យ​បាត់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះទេ​៕   

អត្ថបទទាក់ទង


Tag:
 ​បោះឆ្នោត​
  អន្តរជាតិ​
  សម្ពាធ​
  ផៃ ស៊ី​ផាន
© រក្សាសិទ្ធិដោយ thmeythmey.com