ជាតិ
សេដ្ឋកិច្ច
លោក ស៊ុន ចាន់ថុល សន្យា​ស្វែងរក​ផលិតផល​កង់​បី​ធូរ​ថ្លៃ ជំនួស​រ៉ឺម៉ក​ខ្មែរ ដើម្បី​ប្រជែង​កង់​បី​ឥណ្ឌា​
29, Jun 2018 , 8:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អ្នករត់​រ៉ឺម៉ក​កង់​បី​ខ្មែរ​សព្វថ្ងៃនេះ កំពុងស្ថិត​ក្នុងស្ថានភាព​លំបាក​មួយ ក្នុងការ​ប្រកួតប្រជែង​ជាមួយ​កង់​បី​ឥណ្ឌា ។ អ្នករត់​រ៉ឺម៉ក​កង់​បី​ខ្មែរ​ខ្លះ ចង់​ប្ដូរ​ទៅប្រើ​កង់​បី​ឥណ្ឌា តែ​ខ្វះ​លទ្ធភាព ខណៈ​ការប្រើ​រ៉ឺម៉ក​កង់​បី​ខ្មែរ ខ្វះ​អ្នកជិះ​។  ឆ្លើយតប​នឹង​បញ្ហា​នេះ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ឲ្យ​ដឹងថា ក្រសួង​នឹង​សហការ​ជាមួយ​ក្រុមហ៊ុន Grab ដើម្បី​ស្វែងរក​ទីផ្សារ​ណា ដែលមាន​លក់​កង់​បី​ធូរ​ថ្លៃ ហើយ​មាន​គុណភាព​ប្រហែល​កង់​បី​ឥណ្ឌា​ដែរ និង​នាំ​ចូលមក​សម្រាប់​ឲ្យ​ពលរដ្ឋ​ខ្មែរ អាចមាន​លទ្ធភាព​ប្រើប្រាស់​តាម​តម្រូវការ​របស់ខ្លួន​។



​សូម​ស្ដាប់​ប្រសាសន៍​លោក ស៊ុន ចាន់ថុល ខាងក្រោម​នេះ​៖




​ការលើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ​រូបនេះ បានធ្វើ​ឡើង​ក្នុង​កម្មវិធី​រួមគ្នា​ដើម្បី​លើកកម្ពស់​ជីវភាព​អ្នក​ដឹកជញ្ជូន​ក្រៅ​ប្រព័ន្ធ នៅ​ថ្ងៃទី​២៧​ខែមិថុនា​។ នៅក្នុង​កម្មវិធី​នេះ ក្រុមហ៊ុន Grab បានប្រកាស​សម្ពោធ​សេវាកម្ម​ហៅ​រ៉ឺម៉ក​កង់​បី​ខ្មែរ​ជិះ​តាម​អ៊ែ​ប ដើម្បី​កៀងគរ​អ្នករត់​រ៉ឺម៉ក​កង់​បី​ខ្មែរ​ចូលក្នុង​សេវាកម្ម​របស់ខ្លួន​។​

អត្ថបទទាក់ទង


​កង់​បី​ឥណ្ឌា​ដែល​កំពុង​ចរាចរ​នៅ​កម្ពុជា កំពុង​ទទួល​ការពេញនិយម​ពី​សាធារណជន​។ ទោះ​ពេញនិយម តែ​ប្រជាពលរដ្ឋ​មួយចំនួន​ពិបាក​រក​លទ្ធភាព​ទិញ​កង់​បី​ប្រភេទ​នេះ​។ បើតាម​អ្នក​ដែល​បាន​ទិញ​កង់​បី​ប្រភេទ​នេះ​យកទៅ​ប្រកប​របរ​រកស៊ី​ឲ្យ​ដឹងថា កង់​បី​នេះ​មានតម្លៃ ៣៨០០​ដុល្លារ​ក្នុង​មួយគ្រឿង ដែល​ថ្លៃ​ជាង​រ៉ឺម៉ក​កង់​បី​ខ្មែរ​ដល់​ទៅ​បី​បួន​ដង​ឯណោះ​។

​កង់​បី​ឥណ្ឌា ប្រើប្រាស់​ហ្គាស ដែល​ចំណាយ​ថ្លៃដើម​ដឹកជញ្ជូន​តិចជាង​រ៉ឺម៉ក​កង់​បី​ខ្មែរ និង​មាន​ភាព​ប្រកួតប្រជែង​ជាង​។ ក្រៅពី​កង់​បី​ឥណ្ឌា កង់​បី​ប្រទេស​ផ្សេង​ក៏​កំពុង​ចូល​ផ្សារ​កម្ពុជា​ផងដែរ​។ មុននេះ​ក្រុមហ៊ុន​មួយ​បានប្រកាស​នាំចូល​កង់​បី​ពី​ប្រទេស​អ៊ីតាលី​ផងដែរ​៕


Tag:
 ស៊ុន ចាន់ថុល​
  កង់​បី​
© រក្សាសិទ្ធិដោយ thmeythmey.com