ជាតិ
បោះឆ្នោត
លោក សៅ សុខា និងលោក ហ៊ុន ម៉ាណែត កាន់តំណែងស្តីទីជាមេដឹកនាំទ័ពចាប់ពីថ្ងៃស្អែក ពីឆ្វេងទៅស្តាំ៖ លោក សៅ សុខា, លោក ប៉ុល សារឿន, លោក ហ៊ុន ម៉ាណែត, លោក គន់ គីម, លោក មាស សុភា
× លោក សៅ សុខា ដែលបច្ចុប្បន្នជាមេបញ្ជាការនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវឡើងទៅកាន់តំណែងជាអគ្គមេបញ្ជាការស្តីទីជំនួសលោក ប៉ុល សារឿន។ ចំណែកលោក ហ៊ុន ម៉ាណែត ត្រូវទទួលតំណែងជានាយសេនាធិការចម្រុះស្តីទីនៃកងយោធពលខេមរភូមិន្ទជំនួសលោក គន់ គីម និងតំណែងជាមេបញ្ជាការស្តីទីនៃកងទ័ពជើងគោកជំនួសលោក មាស សុភា។
លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រាប់សារព័ត៌មាន ThmeyThmey តាមទូរសព្ទថា លោក បានទទួលលិខិតអញ្ជើញ ឲ្យចូលរួមក្នុងពិធីផ្ទេរតំណែងស្តីទីនេះ ដែលធ្វើឡើងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ នៅក្រសួងការពារជាតិ។ ប៉ុន្តែ អ្នកនាំពាក្យរូបនេះ នៅមិនទាន់បានឃើញលិខិតផ្ទេរតំណែងនោះទេ ហេតុដូច្នេះ លោក មិនទាន់អាចនិយាយឲ្យចំឡើយថា កម្មវិធីនៅថ្ងៃស្អែក នឹងត្រូវផ្ទេរតំណែងជូនអ្នកណាខ្លះ។ លោក បញ្ជាក់ថា សម្តេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងចូលរួមធ្វើជាអធិបតី ក្នុងវិធីផ្ទេរតំណែងនេះ។
ការប្រគល់តំណែងខាងលើឲ្យលោក សៅ សុខា និងលោក ហ៊ុន ម៉ាណែត គឺដោយសារតែមេយោធាកំពូលទាំងបី ទៅឈរឈ្មោះជាតំណាងរាស្ត្រ សម្រាប់ការបោះឆ្នោតនីតិកាលទី៦នេះ។ តាមច្បាប់បោះឆ្នោត ពួកគាត់ មិនអាចឈរឈ្មោះជាតំណាងរាស្ត្រ ទាំងនៅតំណែងយោធានោះទេ។ ដើម្បីអាចទៅឈរឈ្មោះជាតំណាងរាស្ត្របាន ច្បាប់តម្រូវឲ្យពួកគាត់ ព្យួរតំណែងជាមុនសិន។ លោក ឈុំ សុជាតិ បញ្ជាក់ត្រង់ចំណុចនេះ យ៉ាងដូច្នេះថា៖«ពួកគាត់ ធ្វើតាមច្បាប់រួចអស់ហើយ»។
ក្រៅពីតំណែងជាមេបញ្ជាការនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា ថែមទាំងមានឋានៈជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទផងដែរ។ ឯលោក ហ៊ុន ម៉ាណែត កំពុងតែកាន់តំណែងចំនួន៤ នាពេលបបច្ចុប្បន្ននេះ គឺតំណែងជាមេបញ្ជាការរងកងទ័ពជើងគោក, ជាមេបញ្ជាការរងនៃកងអង្គរក្ស, ជាមេបញ្ជាការនៃកងកម្លាំងពិសេសប្រឆាំងភេរវកម្ម, និងជានាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ។
សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ ប៉ុល សារឿន ឈរលេខរៀងទី១ នៅខេត្តព្រះសីហនុ នាយឧត្តមសេនីយ៍ គន់ គីម ឈរនៅខេត្តឧត្តរមានជ័យ ហើយនាយឧត្តមសេនីយ៍ មាស សុភា ឈរនៅខេត្តព្រះវិហារ សម្រាប់ការបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។ អាសនៈរដ្ឋសភា សម្រាប់ខេត្តឧត្តរមានជ័យ មានតែ១ប៉ុណ្ណោះ ហើយនៅខេត្តព្រះវិហារ ក៏មានតែ១ដែរ៕
Tag:
បោះឆ្នោត
ទ័ព
ឈុំ សុជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com