ជាតិ
សេដ្ឋកិច្ច
កម្ចី​៖ សាធារណជន អាច​«​ផុងខ្លួន​» ជាមួយនឹង​ក្រុមហ៊ុន​ដែល​ឃោសនា​ក្នុងពេល​ថ្មីៗ​នេះ​
29, Jun 2018 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ធនាគារជាតិ​នៃ​កម្ពុជា (NBC) បាន​ព្រមាន​ពី​ផល​លំបាក​ផ្សេងៗ​ចំពោះ​សាធារណជន​ដែល​ខ្ចីប្រាក់​ពី​បុគ្គល ឬ​ក្រុមហ៊ុន​គ្មាន​ច្បាប់​អនុញ្ញាត ដែល​បាន​ផ្សព្វផ្សាយ​អូសទាញ​កន្លងមក​។



​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ធនាគារ​ជាតិ បាន​ឲ្យ​ដឹងថា ក្នុងពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​ឯកជន​មួយចំនួន​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​យ៉ាងសកម្ម តាមរយៈ​បណ្ដាញ​សង្គម ការចែក​នាម​បណ្ណ និង​ផ្ញើ​សារ​តាម​ទូរ​សព្ទ ជាដើម​។​

​សេចក្ដីប្រកាស​ព័ត៌មាន ដែល​ចុះ​ថ្ងៃទី​២៩​ខែមិថុនា​នេះ បាន​ព្រមាន​ពី​ផល​លំបាក​ផ្សេងៗ​មួយចំនួន ដែល​អាច​កើត​ឡើងដល់​ពលរដ្ឋ​ដែល​ខ្ចីប្រាក់​ពី​អ្នកផ្ដល់​កម្ចី​ខុសច្បាប់​ទាំងនោះ​។ សាធារណជន​ដែល​យក​កម្ចី​ពី​ក្រុមហ៊ុន​ទាំងនេះ អាច​ប្រឈម​បំណុល​វ័ណ្ឌក ដោយសារ​អត្រា​ការប្រាក់ និង​កម្រៃ​សេវា​ផ្សេងៗ​ខ្ពស់​យ៉ាងខ្លាំង​ជាង​គ្រឹះស្ថាន​ដែល​ស្របច្បាប់ និង​គណនា​ការប្រាក់​ពុំ​ត្រឹមត្រូវ​តាមច្បាប់​។

​សាធារណជន អាច​ប្រឈម​នឹង​ការគំរាមកំហែង កៀបសង្កត់ គ្រោះថ្នាក់ ឬ​រូបភាព​ផ្សេងៗ ដើម្បី​បង្ខំ​ឲ្យ​សង​ប្រាក់​ដើម ការប្រាក់ និង​ប្រាក់​ពិន័យ​ដែល​មិន​សម​ហេតុផល​ទៅ​ក្រុមហ៊ុន​វិញ​។ ទ្រព្យ​ធានា​របស់​អតិថិជន​អា​ចត​ត្រូវបាន​ក្រុមហ៊ុន​ឬ​អ្នកផ្ដល់​កម្ចី​ខុសច្បាប់ រឹបអូស​ដោយ​ពុំ​ឆ្លងកាត់​ការសម្រេច​ពី​តុលាការ ជាដើម​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​នេះ​។​

​ធនាគារជាតិ បាន​អំពាវនាវ​ឲ្យ​សាធារណជន​ប្រុងប្រយ័ត្ន និង​ចៀសវាង​ការប្រើប្រាស់​សេវាកម្ម​កម្ចី​ពី​ក្រុមហ៊ុន ឬ​អ្នកផ្ដល់​កម្ចី​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ទាំងនោះ​។ ស្ថាប័ន​មួយ​នេះ អះអាងថា​ខ្លួន​កំពុង​ស្នើសុំ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ទៅលើ​ក្រុមហ៊ុន ឬ​អ្នកផ្ដល់​កម្ចី​ខុសច្បាប់​គ្រប់​រូបភាព​៕


© រក្សាសិទ្ធិដោយ thmeythmey.com