ជាតិ
​​​ន​យោ​បាយ​ជាតិ​
បោះឆ្នោត៖ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដាក់​កសិករ​១០០​នាក់ ជា​បេក្ខជន​តំណាងរាស្ត្រ
30, Jun 2018 , 9:43 am        
រូបភាព
​ភ្នំពេញ​៖ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បានដាក់​កសិករ​១០០​នាក់ ជា​បេក្ខជន​ឈរឈ្មោះ​តំណាងរាស្ត្រ ដើម្បី​ប្រកួតប្រជែង​នយោបាយ​។ គណបក្ស​ដែល​កើតឡើង​តាំងពី​ឆ្នាំ​២០១៥​មួយ​នេះ រំពឹងថា បេក្ខភាព​កសិករ​ខ្មែរ​ទាំងនោះ នឹង​អាច​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ប្រជាពលរដ្ឋ​។​


 
​ខុសពី​គណបក្ស​ដទៃ ដែល​និយម​ដាក់​បញ្ញវ័ន្ត និង​បណ្ឌិត​មកពី​បរទេស ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​នោះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បែរជា​ផ្ដល់ឱកាស​ឲ្យ​កសិករ ឈរ​តួនាទី​នេះ​ទៅវិញ​។ វា​ហាក់ដូចជា​រឿង​ថ្មី​មួយ នៅក្នុង​ការប្រកួតប្រជែង​នយោបាយ ក្នុង​នីតិកាល​ទី​៦​នេះ​។​
 
​មន្រ្តីជាន់ខ្ពស់គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យ៉ង់ សាំង​កុមារ បាន​ពន្យល់ថា ការដាក់​កសិករ​ឈរឈ្មោះ​ជា​បេក្ខភាព​តំណាងរាស្ត្រ​នេះ គឺជា​ការ​អនុវត្តតាម​គោលការណ៍​រដ្ឋធម្មនុញ្ញ ដែល​ផ្ដល់ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ ចូលរួម​ប្រកួតប្រជែង​នយោបាយ ស្របតាម​ប្រទេស​លទ្ធិប្រជាធិបតេយ្យ​។ ផ្ទុយ​ពី​ការគិត​របស់​មជ្ឈដ្ឋាន​ទូទៅ ដែល​មើលរំលង​សមត្ថ​ភាព​កសិករ​នោះ លោក យ៉ង់ សាំង​កុមារ បែរជា​មើលឃើញថា បើ​កសិករ​អាច​អង្គុយ​នៅក្នុង​រដ្ឋសភា នោះ​ពួកគេ​នឹង​អាចជួយ​ការពារ​ផលប្រយោជន៍​កសិករ និង​វិស័យ​ផ្សេងៗ​របស់​កម្មករ ឬ​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ជាដើម​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ មន្រ្តីជាន់ខ្ពស់គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​ចង់ឃើញ​តំណាង​កសិករ​នៅក្នុង​រដ្ឋសភា ចូលរួម​តស៊ូ​មតិ​និង​គោលនយោបាយ តំណាង​ឲ្យ​កសិករ ដែល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​កសិករ​គ្នា​គាត់​។ យើង​ចង់ឃើញ​ពួកគាត់​ទាំងនោះ ជា​អ្នកតំណាងរាស្ត្រ​ឲ្យ​ពលរដ្ឋ​ពិតប្រាកដ​។ ណាមួយ​បើ​យើង​យក​សញ្ញាបត្រ​ជាធំ​នោះ វា​នឹង​មិនមែនជា​ប្រជាធិបតេយ្យ​ទេ វា​ទៅជា​សញ្ញាបត្រ​ធិបតេយ្យ ហើយ​បើ​យកលុយ​ជាធំ វា​នឹង​ក្លាយជា​លុយ​ធិបតេយ្យ​។ ដូច្នេះ​ការដាក់​ពួកគាត់​គឺ​យើង​យកតាម​បែប​ប្រជាធិបតេយ្យ ដោយ​ផ្អែកលើ​សមត្ថភាព និង​ប្រជាប្រិយភាព ព្រោះ​យើង​ជ្រើសរើស​តាម​ការបោះឆ្នោត​»​។​
 
​សម្រាប់​លោក យ៉ង់ សាំង​កុមារ ការដាក់​កសិករ​ឲ្យ​ឈរឈ្មោះ​តំណាងរាស្ត្រ​នេះ មិន​ប៉ះពាល់​ដល់​ប្រជាប្រិយភាព​គណបក្ស​នោះទេ ខណៈដែល​គណបក្ស​លោក មាន​សមាសភាព​ចម្រុះ​ចូលរួម​ឈរឈ្មោះបោះឆ្នោត​។​
 
​កសិករ​ដែល​កំពុង​ឈ្មោះ​តំណាងរាស្ត្រ​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​មាន​ចំនួន​១០០​នាក់ ក្នុងចំណោម​បេក្ខភាព​២៧៥​នាក់​។ ក្រៅពីនេះ​ក៏មាន​បេក្ខភាព​ពី​តំណាង​កម្មករ គ្រូបង្រៀន យុវជន និង​តំណាង​ស្ត្រី ឈរឈ្មោះ​តំណាងរាស្ត្រ​ផងដែរ​។ នេះ​ជាការ​បន្ថែម​របស់លោក សាម អ៊ី​ន អគ្គលេខាធិការ​បក្ស ដែលបាន​បញ្ជាក់ថា កសិករ និង​តំណាង​ស្ត្រី​ទាំងនោះ ភាគច្រើន​រៀន​បាន​ត្រឹម​ថ្នាក់​ទី​៩ និង​ទី​១០ ប៉ុន្តែ​ពួកគេ​ធ្លាប់មាន​បទពិសោធន៍​ជាក់ស្ដែង ក្នុងការ​អនុវត្ត​ការងារ​តាម​សមាគម​កន្លងមក ដែល​អាច​ផ្ដល់​សេចក្តីទុកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​បាន​។​
 
​លោក សាម អ៊ី​ន បានបញ្ជាក់​ដូច្នេះ​ថា​៖ «​យើង​យល់ថា វាជា​រឿង​មួយ​ល្អ ដែល​កសិករ​មាន​តំណាង​របស់គាត់​ផ្ទាល់ ដែល​យល់ដឹង​ពី​សុខទុក្ខ ពី​បញ្ហា​ប្រឈម​របស់​ពួកគាត់ អាចមក​ធ្វើការ​នៅ​រដ្ឋសភា ដើម្បី​ការពារ​ផល​ប្រ​យោ​ជ៍​កសិករ​។ ដូច្នេះ​យើង​ជឿជាក់ថា កសិករ​ប្រាកដជា​ផ្ដល់​ការគាំទ្រ​ដល់​កសិករ​គ្នា​គាត់​។ ព្រោះ​កន្លងមក​គណបក្ស​ដទៃ​មិនបាន​យកចិត្តទុកដាក់​ជ្រើសរើស​តំណាង​ផ្ទាល់​នោះទេ ដែល​ភាគច្រើន​សុទ្ធតែ​អ្នកមាន​លុយកាក់ មានមុខមាត់​»​។​
 
​ការដាក់​ប្រជាកសិករ ឈរឈ្មោះ​ជា​តំណាងរាស្ត្រ​នេះ ត្រូវបាន​គេ​មើលឃើញថា វា​គឺជា​រឿង​ល្អ សម្រាប់​ការប្រកួតប្រជែង​នយោបាយ តាមបែប​ប្រជាធិបតេយ្យ​។ ប៉ុន្តែ​សម្រាប់​អ្នកវិភាគ​វិញ មើលឃើញថា លទ្ធភាព​របស់​គណបក្ស​នយោបាយ​ថ្មីៗ ដែល​ចូលរួម​ប្រកួតប្រជែង​នយោបាយ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​នីតិកាល​ទី​៦​នេះ ហាក់​ឆ្ងាយ​ដូច​ជើងមេឃ​។ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ទទួលបាន​ជ័យជម្នះ​កៅអី​ទាំងស្រុង​ក្នុង​រដ្ឋសភា ដោយសារ​គ្មាន​ដៃគូ​ប្រកួតប្រជែង​ធំ ក្រៅពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​
 
​គួរ​បញ្ជាក់ថា គណបក្សនយោបាយ​ចំនួន​២០ នឹងត្រូវ​ប្រកួតប្រជែង​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​២៩ កក្កដា​ខាងមុខ​៕  

Tag:
 ​យ៉ង់ សាំង​កុមារ​
  សាម អ៊ី​ន​
  បោះឆ្នោត​
  នយោបាយ​
© រក្សាសិទ្ធិដោយ thmeythmey.com