ពីនេះ ពីនោះ
ត្រី​ក្របី​ធំ​មាន​ដើមកំណើត​នៅ​ទន្លេ មូ​ថា មូ​ឡា ឥណ្ឌា
30, Jun 2018 , 1:39 pm        
រូបភាព
ដោយ: ថ្មីៗ
គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) សូម​ណែនាំ​ត្រី​ឥត​ស្រកា​មួយ​ប្រភេទ ដែលជា​ប្រភេទ​ត្រី​ទឹកសាប រស់នៅ​តាម​បាត​ទន្លេធំៗ ដែលមាន​ទឹកថ្លា និង​ចរន្តទឹក​ហូរ​ខ្លាំង​តាម​ជ្រលង​ផ្ទាំង​ថ្ម​ធំៗ​។​

 
​ត្រី​ក្របី​ធំ ឈ្មោះ​វិទ្យាសាស្ត្រ (Bagarius yarrelli)  ត្រូវបាន​គេ​ពិពណ៌នា​ថា មាន​ដើមកំណើត​ពី​ទន្លេ មូ​ថា មូ​ឡា (Mutha Mula River) ក្នុងប្រទេស​ឥណ្ឌា​។ ត្រី​ប្រភេទ​នេះ អាចមាន​ប្រវែង​ដងខ្លួន​អតិបរមា​ដល់​ទៅ ២០០ ស​.​ម​។ ត្រី​ក្របី​ធំ ធ្វើចរាចរ​ផ្លាស់​ទី​ជា​ហ្វូង តាម​ពពួកសត្វ​ផ្សេងៗ ដែល​វា​អាច​ចាប់​ធ្វើជា​ចំណី​បាន​ដូចជា កំពឹស ត្រី​តូចៗ និង​ពពួក​សត្វល្អិត​ដែល​រស់ក្នុង​ទឹក​។

ប៉ុន្តែ មាន​មួយចំនួន បានធ្វើ​ចរាចរ​ផ្លាស់​ទី​ទៅ​ខ្សែទឹក​ខាងលើ​ជាមួយ​ត្រី​គល់រាំង (Catlocarpio siamensis) ផងដែរ​។ ត្រី​ក្របី​ធំ ពង​-​កូន​ក្នុង​ទន្លេ ទី​ដែល​វា​រស់នៅ​។ វា​ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម IUCN Red List (Near Threatend) ក្នុង​ឆ្នាំ ២០០៩ ជា​ប្រភេទ​ត្រី​ដែល​ងាយ​រងគ្រោះ ដែល​នឹង​អាច​ឈានទៅ​ការ​ផុត​ពូជ​។ ការបំផ្លាញ​ទីជម្រក​ពី​សំណាក់​មនុស្ស បម្រែបម្រួល​អាកាសធាតុ និង​ការប្រកួតប្រជែង​ពី​ពពួក​មច្ឆជាតិ​ផ្សេងៗ ទៀត បានធ្វើ​ឲ្យ​ចំនួន​ត្រី​ក្របី​ធំ​ក្នុង​ទន្លេ មានការ​ធ្លាក់ចុះ​យ៉ាងខ្លាំង​។​
 
​មិនតែប៉ុណ្ណោះ ការប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ដោយ​ប្រើ​ចរន្តអគ្គិសនី​ឆក់ ដែល​គេ​និយម​ហៅថា ឆក់​ក្តៅ ឆក់​ត្រជាក់ វា​ជា​ឧបករណ៍​នេសាទ​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​មច្ឆជាតិ ការប្រើប្រាស់​រំសេវ​ផ្ទុះ ឬ​ថ្នាំពុល​ក្នុង​ជម្រក​ត្រី សុទ្ធតែជា​បញ្ហា​ប្រឈម​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវិត​មច្ឆជាតិ​ទូទៅ​។ ទៅ​ថ្ងៃ​អនាគត ត្រី​មួយចំនួនធំ​នៅក្នុង​ប្រទេស​កម្ពុជា នឹង​បាត់​រូបរាង សល់​តែ​ឈ្មោះ​សម្រាប់​ក្មេងជំនាន់ក្រោយ​ហៅ​ប៉ុណ្ណោះ បើ​ពុំមាន​ការចូលរួម​ពី​មជ្ឈដ្ឋាន​ទូទៅ ដើម្បី​ថែរក្សា​ការពារ​ធនធាន​មច្ឆជាតិ​ទាំងអស់គ្នា​នោះទេ​។​

​ត្រី​ក្របី​ធំ​។ រូបភាព​៖ អ៊ឹម សេដ្ឋា​
 
​ដោយ​៖ Chhut Chheana / USAID Wonders of the Mekong
 
 

© រក្សាសិទ្ធិដោយ thmeythmey.com