ជាតិ
​​​ន​យោ​បាយ​ជាតិ​
គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ទទួលស្គាល់​ស្នាដៃ​សម្ដេច ហ៊ុន សែន ប៉ុន្តែ​មិន​ពេញចិត្ត​របៀប​ដឹកនាំ​
30, Jun 2018 , 6:05 pm        
រូបភាព
 ​ភ្នំពេញ​៖ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ប្រកាស​ទទួលស្គាល់​ស្នាដៃ​របស់​សម្ដេច ហ៊ុន សែន ដែល​បាន​រំដោះប្រទេស​ចេញពី​ភ្លើងសង្គ្រាម ប៉ុន្តែ​មិន​ពេញចិត្ត​ចំពោះ​របៀប​ដឹកនាំ​របស់​រដ្ឋាភិបាល​ស​ព្វ​ថ្ងៃនេះ​។ សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា ចាត់ទុក​ការលើកឡើង​របស់​គណ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គ្រាន់តែ​ជាការ​រិះគន់​រដ្ឋាភិបាល ដោយ​មិនទាន់​ដឹង​ពី​គោលនយោបាយ​ដឹកនាំ​ប្រទេស​ច្បាស់លាស់​ប៉ុណ្ណោះ​។​

 
​ស្នាដៃ​ពន្លត់​សង្គ្រាម ការកសាង​សន្តិភាព និង​បង្កើត​ការអភិវឌ្ឍ​មួយចំនួន​នៅ​កម្ពុជា រួមទាំង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ស្ពាន​ថ្នល់ ក៏ដូចជា​បញ្ជូន​និស្សិត​ទៅ​សិក្សា​នៅក្រៅ​ប្រទេស គឺជា​សម្មិទ្ធផល​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​ដឹកនាំ​ប្រទេស​រយៈពេល​ជាង​៣០​ឆ្នាំ​មកនេះ​។ វា​ជា​ស្នាដៃ​ល្អ​មួយ​របស់​រដ្ឋាភិបាល ដែល​មិនអាច​មើលរំលង​បាន​។ នេះ​ជា​ទស្សនៈ​ផ្ទាល់ខ្លួន​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​។​
 
​ប៉ុន្តែ​របៀប​ដឹកនាំ​ប្រទេស​របស់​រដ្ឋាភិបាល​សព្វ​ថ្ងៃ មិនទាន់​ផ្ដល់​ផលប្រយោជន​ច្រើន ចាក់​ដល់​ប្រជាពលរដ្ឋ​ផ្ទាល់​នៅ​ថ្នាក់មូលដ្ឋាន​នៅឡើយ​ទេ​។ វា​នៅមាន​បញ្ហា​ច្រើន ដែល​គណបក្ស​ប្រជាធិបតេយ្យ មើលឃើញ​អំពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច ការអភិវឌ្ឍ​ធនធានមនុស្ស អភិបាលកិច្ច​ល្អ និង​ការចូលរួម​របស់​ប្រជាពលរដ្ឋ ដែល​មិនទាន់មាន​ភាព​ស៊ីជម្រៅ​។​
 
​អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក សាម អ៊ី​ន បាន​និយាយថា ការដឹកនាំ​របស់​រដ្ឋា​ភិ​បាល​បច្ចុប្បន្ន ហាក់​នៅ​ភាព​ចាស់គំរិល ដូច​អំឡុង​ឆ្នាំ​១៩៨០ ដែល​មិនមាន​អ្វី​ផ្លាស់ប្ដូរ​ច្រើន​ឡើយ​។ បើតាម​ការសង្កេតមើល​របស់លោក សាម អ៊ី​ន មនុស្ស​ដែល​ទទួលបាន​ផលប្រយោជន៍​ច្រើន​ពី​ការដឹកនាំ​របស់​រដ្ឋាភិបាល​នោះ គឺមាន​តែម​ន្ត្រី និង​អ្នក​ដែល​ស្និទ្ធ​មន្ត្រី នៅក្នុង​ជួរ​រដ្ឋាភិបាល មួយក្រុម​តូច​ប៉ុណ្ណោះ ពោលគឺ​មិនមាន​ផល​ច្រើន​ដល់​ពលរដ្ឋ​ក្រីក្រ​ឡើយ​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អគ្គលេខាធិការ​បក្ស​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​គិតថា​ទទួលស្គាល់​ស្នាដៃ​គាត់ ប៉ុន្តែ​យើង​គិតថា វា​ត្រូវ​ដល់ពេល​វេលា​មួយ ដែល​ត្រូវការ​របៀប​ដឹកនាំ​ថ្មី ដែល​ត្រូវមាន​ការយល់ដឹង​ស៊ីជម្រៅ​ពី​របៀប​ចាត់ចែង​ដឹកនាំ​សេដ្ឋកិច្ច​ឲ្យ​មានការ​រីកលូតលាស់​ខ្លាំង ហើយ​ឲ្យ​វា​មានការ​ចែករំលែក​ផល​រីកលូតលាស់​នេះ ដោយ​សមធម៌ កុំ​ឲ្យ​មួយក្រុម​តូច​មាន​ខ្លាំង ហើយ​ប្រជាពលរដ្ឋ​ភាគច្រើន​រងគ្រោះ​។ ឧទាហរណ៍​វិស័យ​សុខាភិបាល​ត្រូវធ្វើ​យ៉ាងម៉េច​ឲ្យ​ពលរដ្ឋ​គ្រប់រូប​អាច​ទទួលបាន សេវា​សុខាភិបាល សេវា​ព្យាបាល សេវា​ពិគ្រោះ​យោបល់ ដោយ​មិន​គិតថ្លៃ ព្រោះ​យើង​មិនអាច​ទុក​ឲ្យ​សង្គម​មួយ ដែល​អ្នកមាន​លុយ គាត់​អាច​ទៅ​ពេទ្យ​ល្អៗ ដល់ពេល​អ្នកក្រ គាត់​ឈឺ​គាត់​ស្លាប់ សង្គម​មួយ​ហ្នឹង​វា​អយុត្តិធម៌​…»​។​
 
​បន្ទាប់ពី​លើក​បញ្ហា​នេះហើយ លោក សាម អ៊ី​ន បានផ្ដល់​ជា​ដំណោះស្រាយ​ថា បើសិនជា​រដ្ឋាភិបាល​ច​ង់​ឲ្យ​សេដ្ឋកិច្ច​កាន់តែ​រីកចម្រើន តាមរបៀប​ដឹកនាំ​ថ្មី​នោះ គឺ​ត្រូវ​យកចិត្តទុកដាក់​លើ​បញ្ហា​កសិករ ដោយ​ត្រូវបញ្ជូន​អ្នកជំនាញ​ចូលទៅ​បង្រៀន​ពួកគេ ហើយនឹង​បង្កើត​គោលនយោបាយ​ជំរុញ ឲ្យ​មានការ​លូតលាស់​នៃ​សហគ្រាស​ខ្នាតតូច​និង​មធ្យម ដែល​ស្នូល​សេដ្ឋកិច្ចជាតិ​ផងដែរ​។​
 
«​ប្រសិនបើ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ដឹកនាំ​រដ្ឋាភិបាល ហើយ​ទទួលបន្ទុក​ក្រសួងកសិកម្ម គឺ​យើង​អាចធ្វើ​រឿងនេះ​បាន ធ្វើ​ម៉េច​ឲ្យ​កសិករ​យើង យល់ដឹង​ពី​បញ្ហា​ទឹក បញ្ហា​ទុន ត្រូវ​ដឹង​ពី​របៀប​ខ្ចី​ទុន បង្កើតជា​សហ​ករ​ដើម្បី​ឲ្យ​ពួកគាត់​មាន​ទុន​កម្ចី​ទាប​ហើយ​យកទៅ​វិនិយោគ​លើ​វិស័យ​កសិកម្ម​។ យល់ដឹង​ពី​ទីផ្សារ ដែល​ឲ្យ​ពួកគាត់​ដឹង​ពី​បន្លែ​ណា​ដែល​ត្រូវ​នឹង​ទីផ្សារ​។ តួនាទី​រដ្ឋាភិបាល​ត្រូវមាន​កាតព្វកិច្ច​ជួយ​ជំរុញ​ឲ្យ​មានការ​រីកលូតលាស់​ខ្នាតតូច​និង​ខ្នាត​មធ្យម (SME) ។ ដូច្នេះ​យើង​ធ្វើយ៉ាងណា​ឲ្យ​សេដ្ឋកិច្ច​ស្រុក​ខ្មែរ វា​ត្រូវ​រីកលូតលាស់​ដោយ​ខ្នាតតូច និង​ខ្នាត​មធ្យម ដែល​ដឹកនាំ​ដោយ​យុវជន​ខ្មែរ ។ ព្រោះ​រដ្ឋាភិបាល​បច្ចុប្បន្ន​ជួយ​តែ​ក្រុមហ៊ុន​ធំៗ​…»​។​នេះ​ជាការ​បញ្ជាក់​របស់លោក សាម អ៊ី​ន​។​
 
​ជាការ​ឆ្លើយតប​គណបក្ស​ប្រជាជន​កម្ពុជា ចាត់ទុក​ការលើកឡើង​របស់​គណ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គ្រាន់តែ​ជាការ​រិះគន់​រដ្ឋាភិបាល ដោយ​មិនទាន់​ដឹង​ពី​គោលនយោបាយ​ដឹកនាំ​ប្រទេស​ច្បាស់លាស់​ប៉ុណ្ណោះ​។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន លោក សុខ ឥសាន បកស្រាយ​ថា រាល់​ការដឹកនាំ​របស់​រដ្ឋាភិបាល​កន្លងមក គឺ​ស្របទៅនឹង​គោលការណ៍​នយោបាយ ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​ជាតិ​ច្បាស់លាស់ ដោយ​មិនមែន​ប្រកាន់បក្ស​ពួកនិយម​នោះទេ​។ 
 
​លោក សុខ ឥសាន ពន្យល់​ដូច្នេះ​ថា​៖«​កម្មវិធី​នយោបាយ​ដែល​អនុម័ត ដោយ​មហាសន្និបាត​តំណាង​ទូទាំងប្រទេស​វិសមញ្ញ គឺជា​អង្គការ​ចាត់តាំង​កំពូល​របស់​គណបក្ស ដែល​ចាត់ទុកជា​កម្មវិធី​នយោបាយ​ត្រឹមត្រូវ​។ បើ​គណបក្ស​ណា​ផ្សេង​ជា​គូប្រកួត​ជាមួយ​គណបក្ស​ប្រជាជន យល់ថា​មិន​ត្រឹមត្រូវ​ទេ គាត់​គួរតែ​ធ្វើ​គោលនយោបាយ​របស់គាត់​ឲ្យ​ត្រឹមត្រូវ ហើយ​យកឈ្នះ​ក្នុងការ​បោះឆ្នោត​ទៅ វា​ជាការ​ស្រេច​ទៅហើយ ហើយ​មិនចាំបាច់​រិះគន់​មកលើ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​»​។​
 
​កន្លងមក​អ្នកតាមដាន​ស្ថានការណ៍​សង្គម និង​អ្នកវិភាគ ក៏​ធ្លាប់​រិះគន់​ការដឹកនាំ​របស់​រដ្ឋាភិបាល ដែល​ផ្ដល់​ផលប្រយោជន៍​តែម​នុស្ស​មួយក្រុម​តូច​នៅ​ជុំវិញខ្លួន ខណៈដែល​ពលរដ្ឋ​រង​គ្រោះ មិនមាន​ដំណោះស្រាយ​ត្រឹមត្រូវ​ពី​រដ្ឋាភិបាល​។ លើសពីនេះ​ទៀត មន្ត្រី​រដ្ឋាភិបាល​មួយចំនួន អនុវត្ត​ច្បាប់​ផ្ទុយ​ពី​គោលនយោបាយ​រដ្ឋាភិបាល មក​កៀបសង្កត់​ពលរដ្ឋ​ទន់ខ្សោយ ហើយ​បែរជា​ចោទ​ពលរដ្ឋ​ថា ជា​ក្រុមប្រឆាំង​ទៅវិញ​។​
 
​ប៉ុន្តែ​បញ្ហា​ខាងលើនេះ​រដ្ឋាភិបាល ក៏​ធ្លាប់​បានដឹង​ដែរ​។ កាលពីពេល​ថ្មីៗ​នេះ សម្ដេច ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​ឲ្យ​ទាន់ពេលវេលា និង​ព្រមាន​ដក​មន្ត្រី​ណា ដែល​មិន​ព្រម​ដោះស្រាយ​បញ្ហា​ពលរដ្ឋ ហើយ​លាប​ព័ណ៌​ពលរដ្ឋ​ជា​ក្រុមប្រឆាំង​ទៀតផង​។ ចំណែក​បញ្ហា​សុខ​ភិ​បាល ប្រមុខ​រដ្ឋាភិបាល ក៏បាន​បញ្ជា​គ្រូពេទ្យ ពង្រឹង​ការយកចិត្តទុកដាក់​លើ​បញ្ហា​ពលរដ្ឋ ព្យាបាល​ដោយ​ពុំ​គិតពី​និន្នាការ​នយោបាយ​។ រដ្ឋាភិបាល ធ្លាប់បាន​សារភាពថា ខ្លួន​មិនអាច​ដោះស្រាយ​ឲ្យ​ពលរដ្ឋ ក្លាយជា​អ្នកមាន​ទាំងអស់គ្នា​បានទេ ប៉ុន្តែ​អាច​កាត់បន្ថយ​គម្លាតរ​វាង​អ្នកមាន និង​អ្នកក្រ​។ បើតាម​គោលនយោបាយ​រដ្ឋាភិបាល កម្ពុជា​នឹង​ក្លាយខ្លួន​ទៅជា​ប្រទេស ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០​ខាងមុខ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com