ជាតិ
សង្គមជាតិ
មាន់អាំងផ្សារពួកល្បីថាឆ្ងាញ់ ផ្ដល់ចំណូលដល់អ្នកលក់១០ម៉ឺនរៀលក្នុងថ្ងៃ
× សៀមរាប៖ និយាយពីមាន់អាំង គឺមានកន្លែងជាច្រើនដែលហាក់មានឈ្មោះបោះសំឡេង និងល្បីថាមានរសជាតិឆ្ងាញ់ជាប់មាត់អ្នកទិញ។ នៅសៀមរាប ខ្លះល្បីមាន់អាំងប្រឡាក់គ្រឿងនៅមុខអង្គរវត្ត ខ្លះនៅទីរមណីយដ្ឋានបែបស្រុកស្រែផ្សេងៗ និងខ្លះទៀត និយមមាន់អាំងផ្សារពួក។
និយាយដល់មាន់អាំងផ្សារពួក អ្នកលក់មានមិនច្រើនទេ។ អ្នកលក់មានត្រឹម៨នាក់ និងមាន៤តូបប៉ុណ្ណោះ ពួកគេបានលក់ឆ្លាស់គ្នាម្នាក់មួយថ្ងៃ ហើយអ្នកលក់គឺអ្នកស្រុករស់នៅភូមិគោកថ្មី ឃុំគោកថ្មី ស្រុកពួក ខេត្តសៀមរាប ដែលប្រកបរបរនេះតពីគ្រួសារពួកគេ។
ក្រៅពីរសជាតិគេទទួលស្គាល់ហើយនោះ មាន់អាំងផ្សារពួក ដែលភ្ញៀវជិតឆ្ងាយមិនសូវរំលងនោះ លក់ក្នុងតម្លៃមានចាប់ពីមួយម៉ឺនរៀល ទៅពីរម៉ឺនរៀល គឺទៅតាមទំហំមាន់តូចធំ។ តាមរយៈតម្លៃនេះ អ្នកលក់បង្ហើបថា ពួកគាត់លក់ចំណេញក្នុងមាន់មួយក្បាលត្រឹមមួយពាន់រៀលប៉ុណ្ណោះ ដើម្បីទាក់ទាញអ្នកទិញ។
អ្នកលក់មាន់អាំង អ្នកស្រី ធី បានឲ្យដឹងថា អ្នកស្រីប្រកបរបរនេះជាង១០ឆ្នាំមកហើយ វាជារបរតពីម្តាយអ្នកស្រី។ អ្នកស្រីថា ហេតុផលដែលធ្វើឲ្យមាន់អាំងផ្សារពួកល្បីថាឆ្ងាញ់នោះ គឺមាន់ស្រស់ៗ ដែលមិនមែនជាមាន់ក្លាស្សេ ជាមាន់ខ្មែរពិតប្រាកដ និងការប្រឡាក់គ្រឿងត្រឹមត្រូវ។ អ្នកស្រីបន្ថែមថា មាន់ផ្សារពួកពិតប្រាកដដែលល្បីជាយូរមកហើយនោះ មានតែ៤តូបប៉ុណ្ណោះ ដែលមានអ្នកលក់៨នាក់ ហើយពួកគេបានឆ្លាស់គ្នាលក់ម្នាក់មួយថ្ងៃ ដើម្បីមានពេលសម្រាក និងរកទិញមាន់សម្រាប់ធ្វើលក់។ ក្នុងមួយថ្ងៃអ្នកលក់ម្នាក់ អាចលក់មាន់ចន្លោះពី៦០ ទៅ៧០ក្បាល ចំណែកថ្ងៃសៅរ៍ អាទិត្យ និងពេលបុណ្យទាន ចំនួននេះកើនជាងរយក្បាល ដែលអាចចំណេញក្នុងមួយថ្ងៃប្រមាណ ១០ម៉ឺនរៀល។
ចំណែកអ្នកស្រី ថាច ឯណោះវិញ បានបញ្ជាក់ថា អ្នកស្រីលក់យកចំណេញតិច គឺក្នុងមាន់មួយក្បាលយកចំណេញត្រឹមមួយពាន់រៀលប៉ុណ្ណោះ។ អ្នកស្រីពន្យល់ថា៖« តម្លៃនេះគឺលក់តាំងពីដើមមក បើទិញមាន់បានថោក លក់ក៏ថោកដែរ បើមាន់មួយគីឡូ១៦០០០ លក់១៧០០០»។
ទាំងអ្នកស្រី ធី និងអ្នកស្រី ថាច សុទ្ធតែមិនចង់បោះបង់ចោលរបរលក់មាន់អាំង ដែលបានជួយជ្រោងជីវភាពរបស់ខ្លួនកន្លងមកនេះទេ។ សូម្បីតែទៅថ្ងៃមុខ អាជីករលក់មាន់អាំងទាំងពីរនាក់នេះ គឺមានបំណងចង់ឲ្យកូនៗខ្លួន បន្តមុខរបរលក់មាន់អាំងបន្ទាប់ពីខ្លួនផងដែរ ដើម្បីដោះស្រាយបញ្ហាជីវភាព៕
© រក្សាសិទ្ធិដោយ thmeythmey.com