ជាតិ
សង្គមជាតិ
មាន់​អាំង​ផ្សារ​ពួក​ល្បី​ថា​ឆ្ងាញ់ ផ្ដល់​ចំណូល​ដល់​អ្នកលក់​១០​ម៉ឺន​រៀល​ក្នុង​ថ្ងៃ​
30, Jun 2018 , 7:59 pm        
រូបភាព
 សៀមរាប​៖ និយាយ​ពី​មាន់​អាំង គឺមាន​កន្លែង​ជាច្រើន​ដែល​ហាក់​មានឈ្មោះ​បោះ​សំឡេង និង​ល្បី​ថា​មាន​រសជាតិ​ឆ្ងាញ់​ជាប់មាត់​អ្នកទិញ​។ នៅ​សៀមរាប ខ្លះ​ល្បី​មាន់​អាំង​ប្រឡាក់​គ្រឿង​នៅមុខ​អង្គរវត្ត ខ្លះ​នៅ​ទី​រមណីយដ្ឋាន​បែប​ស្រុកស្រែ​ផ្សេងៗ និង​ខ្លះទៀត និយម​មាន់​អាំង​ផ្សារ​ពួក​។

 
​និយាយ​ដល់​មាន់​អាំង​ផ្សារ​ពួក អ្នកលក់​មាន​មិន​ច្រើន​ទេ​។ អ្នកលក់​មាន​ត្រឹម​៨​នាក់ និង​មាន​៤​តូប​ប៉ុណ្ណោះ ពួកគេ​បាន​លក់​ឆ្លាស់គ្នា​ម្នាក់​មួយថ្ងៃ ហើយ​អ្នកលក់​គឺ​អ្នកស្រុក​រស់នៅ​ភូមិ​គោក​ថ្មី ឃុំ​គោក​ថ្មី ស្រុក​ពួក ខេត្តសៀមរាប ដែល​ប្រក​បរបរ​នេះ​ត​ពី​គ្រួសារ​ពួកគេ​។​
 
​ក្រៅពី​រសជាតិ​គេ​ទទួលស្គាល់​ហើយ​នោះ មាន់​អាំង​ផ្សារ​ពួក ដែល​ភ្ញៀវ​ជិត​ឆ្ងាយ​មិនសូវ​រំលង​នោះ លក់​ក្នុងតម្លៃ​មាន​ចាប់​ពីមួយ​ម៉ឺន​រៀល ទៅ​ពីរម៉ឺន​រៀល គឺ​ទៅតាម​ទំហំ​មាន់​តូចធំ​។ តាមរយៈ​តម្លៃ​នេះ អ្នកលក់​បង្ហើប​ថា ពួកគាត់​លក់​ចំណេញ​ក្នុង​មាន់​មួយ​ក្បាល​ត្រឹម​មួយ​ពាន់​រៀល​ប៉ុណ្ណោះ ដើម្បី​ទាក់ទាញ​អ្នកទិញ​។​
 
 
​អ្នកលក់​មាន់​អាំង អ្នកស្រី ធី បាន​ឲ្យ​ដឹងថា អ្នកស្រី​ប្រក​បរបរ​នេះ​ជាង​១០​ឆ្នាំ​មកហើយ វា​ជារ​បរតពី​ម្តាយ​អ្នកស្រី​។ អ្នកស្រី​ថា ហេតុផល​ដែល​ធ្វើ​ឲ្យ​មាន់​អាំង​ផ្សារ​ពួក​ល្បី​ថា​ឆ្ងាញ់​នោះ គឺមាន់​ស្រស់ៗ ដែល​មិនមែន​ជាមាន់​ក្លាស្សេ ជាមាន់​ខ្មែរ​ពិតប្រាកដ និង​ការ​ប្រឡាក់​គ្រឿង​ត្រឹមត្រូវ​។ អ្នកស្រី​បន្ថែមថា មាន់​ផ្សារ​ពួក​ពិតប្រាកដ​ដែល​ល្បី​ជា​យូរ​មកហើយ​នោះ មានតែ​៤​តូប​ប៉ុណ្ណោះ ដែលមាន​អ្នកលក់​៨​នាក់ ហើយ​ពួកគេ​បាន​ឆ្លាស់គ្នា​លក់​ម្នាក់​មួយថ្ងៃ ដើម្បី​មាន​ពេល​សម្រាក និង​រក​ទិញ​មាន់​សម្រាប់ធ្វើ​លក់​។ ក្នុង​មួយថ្ងៃ​អ្នកលក់​ម្នាក់ អាច​លក់​មាន់​ចន្លោះ​ពី​៦០ ទៅ​៧០​ក្បាល ចំណែក​ថ្ងៃ​សៅរ៍ អាទិត្យ និង​ពេល​បុណ្យទាន ចំនួន​នេះ​កើន​ជាង​រយ​ក្បាល ដែល​អាច​ចំណេញ​ក្នុង​មួយថ្ងៃ​ប្រមាណ ១០​ម៉ឺន​រៀល​។​
 
​ចំណែក​អ្នកស្រី ថាច ឯណោះ​វិញ បាន​បញ្ជាក់ថា អ្នកស្រី​លក់​យកចំណេញ​តិច គឺ​ក្នុង​មាន់​មួយ​ក្បាល​យកចំណេញ​ត្រឹម​មួយ​ពាន់​រៀល​ប៉ុណ្ណោះ​។ អ្នកស្រី​ពន្យល់ថា​៖« តម្លៃ​នេះ​គឺ​លក់​តាំងពីដើម​មក បើ​ទិញ​មាន់បាន​ថោក លក់​ក៏​ថោក​ដែរ បើ​មាន់​មួយ​គីឡូ​១៦០០០ លក់​១៧០០០»​។​
 
 
​ទាំង​អ្នកស្រី ធី និង​អ្នកស្រី ថាច សុទ្ធតែ​មិន​ចង់​បោះបង់ចោល​របរ​លក់​មាន់​អាំង ដែល​បាន​ជួយ​ជ្រោង​ជីវភាព​របស់ខ្លួន​កន្ល​ង​មកនេះ​ទេ​។ សូម្បីតែ​ទៅ​ថ្ងៃមុខ អា​ជីក​រល​ក់មាន់​អាំង​ទាំងពីរ​នាក់​នេះ គឺមាន​បំណង​ចង់​ឲ្យ​កូនៗ​ខ្លួន បន្ត​មុខរបរ​លក់​មាន់​អាំង​បន្ទាប់ពី​ខ្លួន​ផងដែរ ដើម្បី​ដោះស្រាយ​បញ្ហា​ជីវភាព​៕
 
 

 

 

Tag:
 ​មាន់​ផ្សារ​ពួក
© រក្សាសិទ្ធិដោយ thmeythmey.com