ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកជំនាញ ពន្យល់​មូល​ហេតុដែល​ពលរដ្ឋ​ខ្មែរ​មាន​ជំនឿ ដាក់​ក្បាល​ដំណេក​ទៅ​ទិសខាងកើត​និង​ខាងត្បូង​
30, Jun 2018 , 10:39 pm        
រូបភាព
​ភ្នំពេញ​៖ ទំនៀមទម្លាប់​ខ្មែរ​តាំងពី​បុរាណ ចំណាំ​សម្រាន្ត​ដាក់​ក្បាល​ដំណេក​ទៅ​ទិសខាងកើត​និង​ទិស​ត្បូង ព្រោះ​ខ្មែរ​កំណត់ថា​ទិស​នេះ​តំណាង​ឲ្យ​អ្នកមានគុណ មាន​ម្ដាយ​ឪពុក និង​គ្រូឧបជ្ឈាយ៍​ជាដើម​។ បើតាម​អ្នកជំនាញ​ផ្នែក​ទំនៀមទម្លាប់ និង​សាសនា​លើកឡើងថា ខ្មែរ​កំណត់​តំណាង​ទិស​ទាំង​បួន ដោយ​យកតាម​សាសនា​ជី​(​ជំនឿ​លើ​ព្រលឹង​ដូនតា​)​សាសនាព្រះពុទ្ធ និង​សាសនា​ព្រា​ហ្ម​ញ្ញ​។​


​លោក សេង សុ​មុនី អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ធម្មការ​និង​សាសនា បាន​ពន្យល់ថា ខ្មែរ​មាន​ទំនៀម​ដាក់​ក្បាល​ដំណេក​ទៅ​ទិសខាងកើត​និង​ខាងត្បូង ដោយ​ជឿ​លើ​ជំនឿ​ដូនតា​ដើម តាម​ព្រហ្មញ្ញសាសនា និង​ព្រះពុទ្ធសាសនា​។ លោ​កថា​ខ្មែរ​និយម​ដាក់​ក្បាល​ទៅ​ទិសខាងកើត​និង​ខាងត្បូង ហើយ​ទិស​ខាងលិច និង​ខាងជើង​ខ្មែរ​មិន​និយម​ដាក់​ក្បាល​ដំណេក​ទៅ​ឡើយ​។ លោក សេង សុ​មុនី បញ្ជាក់​៖«​រឿង​ដាក់​ក្បាល​ដំណេក​នេះ បើតាម​ព្រះពុទ្ធសាសនា ទិសខាងកើត​ជា​ទិស​ម្ដាយ​ឪពុក ទិស​ខាងត្បូង​ជា​ទិស​គ្រូឧបជ្ឈាយ៍ ដូច្នេះ​ទើប​ខ្មែរ​ដាក់​ក្បាល​ទៅ​ទិស​ទាំងនោះ ហើយ​ទិស​ពីរ​ទៀត​គេ​មិន​ដាក់​ឡើយ​»​។ 

 
​ចំណែក​លោក វ៉ា​យ វិបុល ទីប្រឹក្សា​ក្រសួង​ធម្មការ និង​សាសនា បាន​ពន្យល់​និយមន័យ​ពាក្យ​«​ត្បូង​» ដែល​មានន័យថា​ក្បាល ដូច្នេះ​បានជា​គេ​ដាក់​ក្បាល​ដំណេក​ទៅ​ទិស​នេះ ហើយ​គេង​បែរមុខ​មក​ទិសខាងកើត ទើប​នាំ​រឿង​ល្អៗ​សម្រាប់​ខ្លួន​។ តាម​សាសនាព្រះពុទ្ធ​ទិសខាងកើត​ជា​ទិស​ម្ដាយ​ឪពុក ទិស​ខាងត្បូង​ជា​ទិស​គ្រូ​ឧ​ប​ជ្ឈ​យ៍ ទិស​ខាងលិច​ជា​ទិស​ញាតិ និង​ទិស​ខាងជើង​ជា​ទិស​បងប្អូន​។​
 
​ទីប្រឹក្សា​ក្រសួង​ធម្មការ និង​សាសនា និង​ជា​សមាជិក​គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង​ទំនៀមទម្លាប់​ខ្មែរ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ និង​អន្តរជាតិ​រូបនេះ បាន​បញ្ជាក់ថា ៖« គេ​មិនដែល​ដាក់​ក្បាល​ទៅ​ទិស​ខាងលិច​និង​ខាង​ជើងទេ ព្រោះ​បើ​ធ្វើបែបនេះ​ជើង​ប្រាកដជា​ដាក់​ទៅ​ទិស​អ្នកមានគុណ​និង​គ្រូឧបជ្ឈាយ៍​ហើយ វា​បង្ហាញ​ការមិន​គោរព​។ ទិស​ខាងលិច​ជា​ទិស​អពមង្គល គេ​ប្រៀប​ទៅ​និង​ដំណើរ​ព្រះអាទិត្យ​លិច​។ ចំណែក​ទិស​ខាងជើង​ជា​ទិស​កូនចៅ វា​ក៏​ស្មើរ​នឹង​ជើង​របស់​មនុស្ស​យើង​ដែរ គេ​មិន​ដាក់​ក្បាល​ទៅ​ឡើយ​»​។ 

 
​រីឯ​លោក ញ៉ឹក សុខ​ហេង អាចារ្យ​មង្គល បាន​លើកឡើងថា ពី​ដើម​ខ្មែរ​មាន​សាសនា​ជី​(​សាសនា​ដែល​ជឿ​លើ​ព្រលឹង​ជីដូន​ជីតា​)​ផ្ទាល់ខ្លួន​មួយ មុន​សាសនាព្រាហ្មណ៍ និង​សាសនាព្រះពុទ្ធ​មាន​ឥទ្ធិពល​លើ​។ បើតាម​លោក ញឹក សុខ​ហេង ខ្មែរ​មានជំនឿថា ក្រោយពី​មនុស្ស​ស្លាប់ទៅ និង​ទៅ​កើតជា​ព្រលឹង ហើយ​ព្រលឹង​នោះ​នឹង​នៅ​មើលថែរក្សា​កូនចៅ​ជំនាន់​ក្រោយ​។ សម្រាប់​ទិសខាងកើត​ជា​ទិស​ព្រះអាទិត្យ​រះ ខ្មែរ​ប្រៀប​ទៅនឹង​ការចាប់​កំណើត ដូច្នេះហើយ​សាសនា​ជី ដែលជា​សាសនា​គោរព​ព្រលឹង​ដូនតា បាន​ជ្រើស​យក​ទិសខាងកើត​ជា​តំណាង​ទិស​ម្ដាយ​ឪពុក​។
 
​លោក ញ៉ឹក សុខ​ហេង បញ្ជាក់​៖ «  តាម​ទំនៀមទម្លាប់​ពី​ដើម​ខ្មែរ​គោរព​ព្រលឹង ដូច្នេះ​ពេល​ដាក់​ក្បាល​ទៅ​ទិសខាងកើត​ទើប​ដូនតា​ថែរក្សា​បាន​។ រយៈកាល​យូរណាស់​ហើយ គេ​ពិបាក​បែងចែក​ជំនឿ​ដូនតា​ជាមួយ​សាសនាព្រាហ្មណ៍ ថា​ផ្នែក​ណាមួយ​ឲ្យ​ច្បាស់​ណាស់ តែ​ការប្រកាន់​ដំណេក​នេះ​ពិតជា​មាន​ឥទ្ធិពល​ពីសា​សនា​ទាំង​បីយ៉ាង​ប្រាកដ​»៕ 
 

 

 

Tag:
 ទំនៀមទម្លាប់​
  ជំនឿ​
  សាសនា​
© រក្សាសិទ្ធិដោយ thmeythmey.com