អភិបាលខេត្ត​សៀមរាប អំពាវនាវ​ឲ្យ​អ្នកជំនួញ​ព្រៃឈើ​ខុសច្បាប់​បញ្ឈប់​សកម្មភាព ដើម្បី​ថែរក្សា​ព្រៃឈើ​
ជាតិ
សង្គមជាតិ
អភិបាលខេត្ត​សៀមរាប អំពាវនាវ​ឲ្យ​អ្នកជំនួញ​ព្រៃឈើ​ខុសច្បាប់​បញ្ឈប់​សកម្មភាព ដើម្បី​ថែរក្សា​ព្រៃឈើ​
01, Jul 2018 , 9:45 am        
រូបភាព
លោក ឃឹម ប៊ុនសុង នាពិធីដាំកូនឈើរុក្ខទិវា ៩កក្កដា នៅស្រុកបន្ទាយស្រី ថ្ងៃទី២៩ មិថុនា ២០១៨។
លោក ឃឹម ប៊ុនសុង នាពិធីដាំកូនឈើរុក្ខទិវា ៩កក្កដា នៅស្រុកបន្ទាយស្រី ថ្ងៃទី២៩ មិថុនា ២០១៨។
​សៀមរាប​៖ អភិបាលខេត្ត​សៀមរាប លោក ឃឹម ប៊ុន​សុង បាន​លើក​ពី​អត្ថប្រយោជន៍​នានា​របស់​ព្រៃឈើ តួយ៉ាង អាច​ទប់ស្កាត់​គ្រោះមហន្ដរាយ ទឹកជំនន់ និង​គ្រោះរាំងស្ងួត​ជាដើម​។ ដោយសារ​មើលឃើញ​ពី​អត្ថប្រយោជន៍​ទាំងនេះហើយ ទើប​លោក​អភិបាលខេត្ត​ចង់ឃើញ​ប្រជាពលរដ្ឋ​មានគំនិត​ចេះ​ស្រឡាញ់​ព្រៃឈើ ចេះ​ការពារ ហើយ​ត្រូវ​ប្រើប្រាស់​ធនធាន​នេះ​ដោយ​សន្សំសំចៃ​ផង​។​

 
​នា​ពិធី​រុក្ខទិវា​ជាតិ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា ដែល​ធ្វើឡើង​ក្នុង​បរិវេណ​ដីចម្ការ​គ្រញូង ស្រុក​បន្ទាយស្រី លោក ឃឹម ប៊ុន​សុង ប្រាប់​ដល់​ពលរដ្ឋ ពិសេស​អ្នក​កំពុង​បន្ត​អាជីវកម្ម​ព្រៃឈើ និង​ជំនួញ​ដីព្រៃ​ខុសច្បាប់ ត្រូវ​បញ្ឈប់​ជាបន្ទាន់ ព្រោះ​វា​ជា​បទល្មើស​ដ៏​ធ្ងន់​បង្ក​ជា​គ្រោះមហន្ដរាយ​ដល់​បរិស្ថាន​ធម្មជាតិ​។ អ្វីដែល​លោក​អភិបាលខេត្ត​ចង់ឃើញ​នោះ គឺ​ប្រជាពលរដ្ឋ​ត្រូវ​ចេះ​ស្រឡាញ់ ការពារ និង​ត្រូវ​ប្រើប្រាស់​ព្រៃឈើ​ដោយ​សន្សំសំចៃ​។​
 
​តាម​ការលើកឡើង​រប​ស់លោក​អភិបាលខេត្ត រូបភាព​នៃ​ការចូលរួម​ដាំ​កូនឈើ​ឡើងវិញ​នេះហើយ​ដែល​បង្ហាញ​ពី​ការស្រឡាញ់ និង​ការការពារ​របស់​ប្រជាពលរដ្ឋ​។ លោក​បន្ថែមថា​៖« ព្រឹត្តិការណ៍​រុក្ខទិវា​នា​ថ្ងៃនេះ ឆ្លុះបញ្ចាំង​សារជាថ្មី​ម្តងទៀត​នូវ​ការ​ភ្ញាក់រឭក​របស់​ប្រជាជាតិ​យើង​ទាំងមូល ក្នុងការ​ប្រឈមមុខ​ដោះស្រាយ​គ្រោះមហន្ដរាយ​បាត់បង់​ព្រៃឈើ និង​ស្មារតី​ម្ចាស់ការ​ទទួលខុសត្រូវ​លើ​ជោគវាសនា​អនាគត​មាតុភូមិ​យើង​...»​។​
 
​នា​ពិធី​នោះដែរ លោក ម៉ុង ប៊ុន​លីម នាយ​រដ្ឋបាល​ព្រៃឈើ​សៀមរាប បាន​អាន​របាយការណ៍​ទាក់ទង​នឹង​ការងារ​ដាំ​កូនឈើ​នាពេល​កន្លងមក​។ លោក ប៊ុន​លីម ឱ្យដឹងថា រដ្ឋបាល​ព្រៃឈើ​សៀមរាប​មាន​ថ្នាល​បណ្ដុះ​កូនឈើ​ចំនួន ១៧ ដែលមាន​លទ្ធភាព​បណ្ដុះ​កូនឈើ​ប្រមាណ ៥០​ម៉ឺន​ដើម​ក្នុង​មួយឆ្នាំៗ ហើយ​កូនឈើ​ទាំងនោះ ត្រូវបាន​បែងចែក​ទៅតាម​ស្ថាប័ន​នានា ដើម្បី​ដាំ​ដុះ​ឡើងវិញ​។ លោក​បញ្ជាក់ថា ខណ្ឌ​រដ្ឋបាល​របស់លោក ក៏បាន​រៀបចំ​ចម្ការ​ពូជឈើ​គ្រញូង និង​ធ្នង់​ដើម្បី​ថែរក្សា​គ្រាប់​ពូជឈើ​កម្រ និង​ជា​ធនធាន​សេនេទិច​នេះ​ផងដែរ​។​
 
​គួរ​បញ្ជាក់ថា កូនឈើ​ចំនួន ២៥០០​ដើម ត្រូវបាន​ដាំ​នា​ពិធី​រុក្ខទិវា នៅលើ​ផ្ទៃដី​ជាង ២​ហិកតា ស្ថិតនៅ​ភូមិ​កំ​ព្រហ្ម ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ដែល​រួមមាន​កូនឈើ​គគីរ ឈើទាល និង​គ្រញូង​។ រុក្ខទិវា​ឆ្នាំនេះ​មានការ​ចូលរួម​ពី​មន្ត្រីរាជការ អង្គការ និង​ប្រជាពលរដ្ឋ​សរុប​ប្រមាណ​២០០​នាក់​៕
 
 
 

Tag:
 ព្រៃឈើ
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 66373 [1] => 9,16 [2] => អភិបាលខេត្ត​សៀមរាប អំពាវនាវ​ឲ្យ​អ្នកជំនួញ​ព្រៃឈើ​ខុសច្បាប់​បញ្ឈប់​សកម្មភាព ដើម្បី​ថែរក្សា​ព្រៃឈើ​ [3] => content [4] => [5] => ព្រៃឈើ [6] => 24 [7] => 0 [8] => )