ជាតិ
សង្គមជាតិ
អភិបាលខេត្តសៀមរាប អំពាវនាវឲ្យអ្នកជំនួញព្រៃឈើខុសច្បាប់បញ្ឈប់សកម្មភាព ដើម្បីថែរក្សាព្រៃឈើ លោក ឃឹម ប៊ុនសុង នាពិធីដាំកូនឈើរុក្ខទិវា ៩កក្កដា នៅស្រុកបន្ទាយស្រី ថ្ងៃទី២៩ មិថុនា ២០១៨។
× សៀមរាប៖ អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង បានលើកពីអត្ថប្រយោជន៍នានារបស់ព្រៃឈើ តួយ៉ាង អាចទប់ស្កាត់គ្រោះមហន្ដរាយ ទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម។ ដោយសារមើលឃើញពីអត្ថប្រយោជន៍ទាំងនេះហើយ ទើបលោកអភិបាលខេត្តចង់ឃើញប្រជាពលរដ្ឋមានគំនិតចេះស្រឡាញ់ព្រៃឈើ ចេះការពារ ហើយត្រូវប្រើប្រាស់ធនធាននេះដោយសន្សំសំចៃផង។
នាពិធីរុក្ខទិវាជាតិ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ដែលធ្វើឡើងក្នុងបរិវេណដីចម្ការគ្រញូង ស្រុកបន្ទាយស្រី លោក ឃឹម ប៊ុនសុង ប្រាប់ដល់ពលរដ្ឋ ពិសេសអ្នកកំពុងបន្តអាជីវកម្មព្រៃឈើ និងជំនួញដីព្រៃខុសច្បាប់ ត្រូវបញ្ឈប់ជាបន្ទាន់ ព្រោះវាជាបទល្មើសដ៏ធ្ងន់បង្កជាគ្រោះមហន្ដរាយដល់បរិស្ថានធម្មជាតិ។ អ្វីដែលលោកអភិបាលខេត្តចង់ឃើញនោះ គឺប្រជាពលរដ្ឋត្រូវចេះស្រឡាញ់ ការពារ និងត្រូវប្រើប្រាស់ព្រៃឈើដោយសន្សំសំចៃ។
តាមការលើកឡើងរបស់លោកអភិបាលខេត្ត រូបភាពនៃការចូលរួមដាំកូនឈើឡើងវិញនេះហើយដែលបង្ហាញពីការស្រឡាញ់ និងការការពាររបស់ប្រជាពលរដ្ឋ។ លោកបន្ថែមថា៖« ព្រឹត្តិការណ៍រុក្ខទិវានាថ្ងៃនេះ ឆ្លុះបញ្ចាំងសារជាថ្មីម្តងទៀតនូវការភ្ញាក់រឭករបស់ប្រជាជាតិយើងទាំងមូល ក្នុងការប្រឈមមុខដោះស្រាយគ្រោះមហន្ដរាយបាត់បង់ព្រៃឈើ និងស្មារតីម្ចាស់ការទទួលខុសត្រូវលើជោគវាសនាអនាគតមាតុភូមិយើង...»។
នាពិធីនោះដែរ លោក ម៉ុង ប៊ុនលីម នាយរដ្ឋបាលព្រៃឈើសៀមរាប បានអានរបាយការណ៍ទាក់ទងនឹងការងារដាំកូនឈើនាពេលកន្លងមក។ លោក ប៊ុនលីម ឱ្យដឹងថា រដ្ឋបាលព្រៃឈើសៀមរាបមានថ្នាលបណ្ដុះកូនឈើចំនួន ១៧ ដែលមានលទ្ធភាពបណ្ដុះកូនឈើប្រមាណ ៥០ម៉ឺនដើមក្នុងមួយឆ្នាំៗ ហើយកូនឈើទាំងនោះ ត្រូវបានបែងចែកទៅតាមស្ថាប័ននានា ដើម្បីដាំដុះឡើងវិញ។ លោកបញ្ជាក់ថា ខណ្ឌរដ្ឋបាលរបស់លោក ក៏បានរៀបចំចម្ការពូជឈើគ្រញូង និងធ្នង់ដើម្បីថែរក្សាគ្រាប់ពូជឈើកម្រ និងជាធនធានសេនេទិចនេះផងដែរ។
គួរបញ្ជាក់ថា កូនឈើចំនួន ២៥០០ដើម ត្រូវបានដាំនាពិធីរុក្ខទិវា នៅលើផ្ទៃដីជាង ២ហិកតា ស្ថិតនៅភូមិកំព្រហ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ដែលរួមមានកូនឈើគគីរ ឈើទាល និងគ្រញូង។ រុក្ខទិវាឆ្នាំនេះមានការចូលរួមពីមន្ត្រីរាជការ អង្គការ និងប្រជាពលរដ្ឋសរុបប្រមាណ២០០នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com