ជាតិ
សង្គមជាតិ
ក្រមា​វែង​ជាងគេ​លើ​ពិភពលោក ដែល​ចំណាយ​ត្បាញ​ជាង​៥​ខែ លេចចេញ​ជា​រូបរាង​ហើយ​
01, Jul 2018 , 10:04 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រមា​ខ្មែរ ដែលមាន​ប្រវែង​វែង​ជាងគេ​លើ​ពិភពលោក បាន​លេចចេញ​ជា​រូបរាង​ហើយ នៅ​ថ្ងៃទី​១ កក្កដា ឆ្នាំ​២០១៨​។ ក្រមា​ខ្មែរ​មាន​ប្រវែង ​១១៤៩.៨​ ម៉ែត្រ​នេះ ត្រូវបាន​ចំណាយពេល​ត្បាញ​អស់​រយៈពេល​ជាង​៥​ខែ ដោយមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​។ ក្រុមការងារ GoGo Cambodia ជា​អ្នក​ផ្ដួច​ផ្ដើមធ្វើ​យុទ្ធនាការ​បំបែក​ឯតទគ្គ​កម្ម ក្រមា​ខ្មែរ​នេះ​ឡើង​។​

 
​យុទ្ធនាការ​ក្រមា​នេះ បានចាប់ផ្ដើម​បើក​ត្បាញ​សរសៃ​ដំបូង នៅ​ថ្ងៃទី​១៤​ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ទីតាំង វាល​ព្រះមេរុ​។ ការ​ត្បាញ​ក្រមា​វែង​ជាងគេ​លើ​ពិភពលោក​នេះ បានផ្ដល់​ឱកាស​ឲ្យ​សាធារណជន​ទូទៅ ចូលរួម​ត្បាញ​ដោយ​ផ្ទាល់ដៃ ដោយមាន​ការសម្រួល​ពី​ក្រុមការងារ​ផ្នែក​បច្ចេកទេស និង​អ្នក​តម្បាញ​ជំនាញ​នៅ​ទីតាំង​កម្មវិធី​ផ្ទាល់​តែម្ដង ​។​
 
​ក្រុមការងារ GoGo Cambodia ដែល​ប្រាប់​សារព័ត៌មាន​ថ្មីៗ​កន្លងមក​ថា គោលបំណង​នៃ​ការ​ត្បាញ​ក្រមា​វែង​ជាងគេ​នេះ គឺ​ដើម្បី​លើកកម្ពស់​មោទនភាព​ជាតិ និង​បង្កើត​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​រួមគ្នា​ថែរក្សា លើកស្ទួយ មរតក​វប្បធម៌​ប្រពៃណី​ខ្មែរ ។ ជាពិសេស​ការជំរុញ​សាមគ្គីភាព និង​ឯកភាព​ជាតិ ។ 
 
​សូមបញ្ជាក់ថា GoGo Cambodia គឺជា​ចលនា​ថ្នាក់ជាតិ​មួយ ដែល​កើតចេញពី​ឆន្ទៈ​កូន​ខ្មែរ ធ្វើឡើង​ក្នុង​គោលបំណង​លើកតម្កើង​មោទនភាព​ជាតិ បង្ហាញ​ពី​សក្តានុពល​របស់​កម្ពុ​ជា​នៅ​គ្រប់​វិស័យ និង​ជា​វេទិកា​សម្រាប់​យុវជន​ខ្មែរ​គ្រប់រូប អាច​បង្ហាញ​នូវ​មោទនភាព​របស់ខ្លួន ក្នុងនាម​ជា​កូន​ខ្មែរ ទៅដល់​សហគមន៍​អន្តរជាតិ​៕ 
 














Tag:
 ក្រមា​ខ្មែរ​
  GoGo Cambodia
© រក្សាសិទ្ធិដោយ thmeythmey.com