អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ត្រាំ ត្រៀម​ពិភាក្សា​ជាមួយ ពូ​ទីន នៅ​ហ្វាំ​ង​ឡង់ តែ​ទំនង​ឈប់​រករឿង​រុស្ស៊ី​រឿង​ត្របាក់​យក​គ្រី​មៀ
01, Jul 2018 , 11:33 am        
រូបភាព
ដោយ: ថ្មីៗ
 ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាថ្មីទៀត​ជាមួយ​សម​ភាគី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នៅ​ខែកក្កដា​នេះ​នៅ​ប្រទេស​ហ្វាំ​ង​ឡង់​។ ជំនួប​លោក​នេះ​មេដឹកនាំ​អាមេរិក​នឹង​លើកយក​បញ្ហា​ជាច្រើន​ទៅ​ជជែក​ជាមួយ​មេដឹកនាំ​រុស្សី ប៉ុន្តែ​ជំហរ​រឹងត្អឹង​របស់​អាមេរិក​លើ​ទឹកដី​គ្រី​មៀ​ដែល​រុស្ស៊ី​ត្របាក់​យក​តាំងពី​ឆ្នាំ ២០១៤​នោះ ប្រហែល​មិនមាន​ឡើយ​។​



​បើ​គ្មានអ្វី​ប្រែប្រួល​អ្វី​ទេ ដូ​ណា​ល់ ត្រាំ នឹង​អង្គុយ​ពិភាក្សា​ទល់មុខ​ជាមួយ វ៉ា្ល​ឌី​មៀ ពូ​ទីន ជា​លើកដំបូង​នៅក្នុង​ទីក្រុង ហេ​ល​ស៊ីន​គី ប្រទេស​ហ្វាំ​ង​ឡង់ ប្រាំ​ថ្ងៃក្រោយ​បិទ​បញ្ចប់​កិច្ចប្រជុំ​កំពូល​ណា​តូ​នៅ​ព្រុ​ច​សែ​ល​ថ្ងៃ ១០​ដល់​ថ្ងៃ​១១ ខែកក្កដា​។​
 
​ទីភ្នាក់ងារ​ព័ត៌មាន​ចុះផ្សាយ​ថា ក្នុងជំនួប​ពិសេស​ខាងលើ​ទឹកដី​ប្រទេស​ទី​បី​ខាងមុខនេះ ប្រមុខរដ្ឋ​អាមេរិក​ដែលមាន​ទំនោរ​ចង់​បង្កើត​ទំនាក់ទំនង​ល្អជា​មួយ​រុស្ស៊ី​នោះ ត្រៀម​លើកយក​ប្រធានបទ​ជាច្រើន​ទៅ​ដា​ក់លើ​តុ​ពិភាក្សា​។ បញ្ហា​ទំនាក់​នង​ទ្វេភាគី ជម្លោះ​ស៊ី​រី អ៊ុយ​ក្រែ​ន និង​រឿងអាស្រូវ​រុស្ស៊ី​លូកលាន់​ក្នុងការ​បោះឆ្នោត​អាមេរិក​ផង​នោះ​ស្ថិត​ក្នុងចំណោម​ប្រធានបទ​ទាំងនោះ​ផង​។​
 
​យ៉ាងណាមិញ នៅ​ថ្ងៃ​សុក្រ​ទី ២៩ ខែមិថុនា លោក ត្រាំ បាន​និយាយ​បែប​ស្រពេចស្រពិល​ពេល​អ្នកកាសែត​សាកសួរ​ថា តើ​អាមេរិក​ពិតជា​នឹង​បោះបង់​បង់​ជំហរ​រឹងត្អឹង​របស់ខ្លួន​ក្នុងការ​ប្រឆាំង​រុស្ស៊ី​ដែល​ហ៊ាន​ក្រសោប​យក​ទឹកដី​គ្រី​មៀ​មិន​ញរ​ញើ​ត​ច្បាប់​អន្តរជាតិ​នោះ​។ ខុសពី​លោក អូ​បា​ម៉ា ដែល​ប្រឆាំង​ដាច់ខាត​នឹង​សកម្មភាព​រុស្ស៊ី​ដែល​ឈ្លានពាន​អ៊ុយ​ក្រែ​ន មេដឹកនាំ​អាមេរិក​រូបនេះ​គ្រាន់​ត្រឹម និយាយថា ៖«​យើង​ត្រូវ​រង់ចាំ​មើល​សិន​»​។ 
 
​ការទទួលស្គាល់​ទឹកដី​គ្រី​មៀ​ជា​របស់​រុស្ស៊ី​នោះ​នឹង​ក្លាយជា​សម្បទាន​ដ៏​ធំ​សម្បើម​មួយ​របស់​ក្រុង​វ៉ាស៊ីនតោន​ចំពោះ​ក្រុង​ម៉ូស្គូ ហើយ​វា​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ទំនាក់ទំនង​រវាង​អាមេរិក​និង​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​អឺរ៉ុប​ដែល​កំពុង​ពិបាក​មើលមុខ​គ្នា​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​ដែរ​។ 
 
​សូមរ​ម្លឹ​កបន្តិច​ដែរ រុស្ស៊ី​បាន​ឈ្លានពាន និង​លេប​យក​ទឹកដី​គ្រី​មៀ​ពី​អ៊ុយ​ក្រែ​នៅក្នុង​ឆ្នាំ ២០១៤ ក្រោយ​ពេលដែល​របប​ដឹកនាំ​ក្រុង​គៀវរ​បស់​អ្នកនយោបាយ​ស្និទ្ធ​របប​ក្រេ​ម​ឡាំង​លោក វ៉ិ​កទ័រ យ៉ា​ណូ​កូ​វ៉ិ​ច (Viktor Yanukovych) ត្រូវបាន​ក្រុមបាតុករ​បណ្តេញ​ចេញពី​អំណាច​នោះ​។  
 
​ការ​លេប​យក​ទឹកដី​គ្រី​មៀ​នេះ​ធ្វើឡើង​ដោយមាន​ប្រជាមតិ​មួយ​ដែរ​នៅក្នុង​ទឹកដី​ស្វយ័ត​នេះ ហើយ​ជា​លទ្ធផល​ប្រជាជន​លើស ៩០​ភាគរយ​បោះឆ្នោត​គាំទ្រ​ការ​ចូលមក​រួមរស់​ជាមួយ​រុស្ស៊ី​ដែរ​។ ខែមីនា ឆ្នាំ ២០១៤ រុស្ស៊ី​សម្រេច​ដាក់បញ្ចូល​ទឹកដី​គ្រី​មៀ​ក្រោម​ឧបសម្ព័ន្ធ​របស់ខ្លួន​ជា​ផ្លូវការ​។ ចំណែក​ទឹកដី​ភាគ​ខាងកើត​ជាពិសេស​តំបន់ Donbas នៅ​បន្ត​ប្រឈមមុខ​នឹង​ការ​ងើប​បះបោរ​របស់​បណ្តា​ក្រុម​ឧទ្ទាម​ដែលមាន​ទំនោរ​ទៅរក​រុស្ស៊ី​ថែមទៀត​រហូតមកដល់​បច្ចុប្បន្ន ហើយ​រុស្ស៊ី​រង​ការចោទប្រកាន់ថា បាន​បន្ត​ជួយ​ផ្គត់ផ្គង់​ក្រុម​នេះ​ឲ្យ​បន្ត​ប្រឆាំង​របប​ដឹកនាំ​អ៊ុយ​ក្រែ​ន​របស់លោក​ប្រធានាធិបតី ប៉េ​ត្រូ ប៉ូ​រ៉ូ​ឆិ​ន​កូ (Petro Poroshenko) ​ត្រឡប់មកវិញ វា​មិនមែនជា​រឿង​គួរ​ឲ្យ​ភ្ងា​ក់​ផ្អើល​ទេ បើសិនជា​លោក ត្រាំ នឹង​ឈប់​លូកលាន់​បញ្ហា​គ្រី​មៀ​ទៀត​នោះ​។  កន្លងមក​លោក​បានសម្រេច​ចិត្ត​ទាំង​ស្ទាក់ស្ទើរ​ក្នុងការ​បញ្ជូន​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ​ឲ្យ​កងទ័ព​អ៊ុយ​ក្រែ​ន​នោះ ហើយ​លោក​ក៏​មិន​សប្បាយចិត្ត​អ្នកនយោបាយ​ជាន់ខ្ពស់​អាមេរិក​ដែល​បាន​តស៊ូ​មតិ​ឲ្យ​រក្សា​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ដែរ​។​
 
​រឿង​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នៅក្នុង​កិច្ចប្រជុំ​ប្រទេស​ប្រាំពីរ (G7) នៅ​កាណាដា​កាលពីដើម​ខែមិថុនា​នោះ លោក ត្រា​ម ថែមទាំង​ហ៊ាន​ស្នើ​ឲ្យ​ប្រទេស​សមាជិក​ប្រាំមួយ​ផ្សេងទៀត​បញ្ចប់​ការព្យួរ​សមាជិកភាពរ​បស់​រុស្ស៊ី​ក្នុង​ក្រុម​ទៀតផង​។ រុស្ស៊ី​ត្រូវបាន​គេ​បណ្តេញ​ចេញពី​ក្រុម​ក្នុង​ឆ្នាំ ២០១៤ ពោលគឺ​ក្រោយ​ការឈ្លានពាន​អ៊ុយ​ក្រែ​ន​និង​ក្រសោប​យក​ទឹកដី​គ្រី​មៀ​នេះ​៕ 
 

Tag:
 ដូ​ណា​ល់ ត្រាំ​
  ហ្វាំ​ង​ឡង់​
  វ៉ា្ល​ឌី​មៀ ពូ​ទីន​
  រុស្ស៊ី​
  គ្រី​មៀ
© រក្សាសិទ្ធិដោយ thmeythmey.com