ជាតិ
សង្គមជាតិ
ក្រមា​ខ្មែរ​ប្រវែង​ជាង​១០០០​ម៉ែត្រ បាន​ជាប់​កំណត់ត្រា​ពិភពលោក​
01, Jul 2018 , 12:40 pm        
រូបភាព
ភ្នំពេញ​៖ ដូច​ការគ្រោងទុក ក្រមា​ខ្មែរ ដែលមាន​ប្រវែង​វែង​ជាង​១០០០​ម៉ែត្រ បាន​បំបែក​ឯតទគ្គ​កម្ម ជាប់​កំណត់ត្រា​ពិភពលោក​។ ក្រមា​ខ្មែរ ដែលមាន​ប្រវែង​វែង​នេះ បាន​ចំណាយពេល​ត្បាញ​ជាង​៥​ខែ ដោយមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​រាប់ពាន់នាក់​។




​ស្ថាប័ន​កំណត់ត្រា​ពិភពលោក (Guinness World Record) បានសម្រេច​ប្រគល់​បណ្ណ​កំណត់ត្រា ឲ្យ​ក្រុមការងារ GOGO Cambodia ដែល​បាន​បំបែក​ឯតទគ្គ​កម្ម ត្បាញ​ក្រមា​ខ្មែរ​វែង​ជាងគេ​។ តាមរយៈ​ការប្រគល់​បណ្ណ​ទទួលស្គាល់​ជា​ផ្លូវការ​នេះ ស្ថាប័ន​កំណត់ត្រា​ពិភពលោក បាន​វាយតម្លៃ​យ៉ាង​លម្អិត ចំនួន​ពីរ​ចំណុច​ទៅលើ​ក្រមា​ខ្មែរ គឺ​គុណភាព និង​ប្រវែង​។ 
 
​ថ្លែង​នៅក្នុង​ពិធី​ប្រគល់​បានកំណត់​ត្រា​ដល់​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​១ កក្កដា​នេះ លោក Dangarikar Swapnel Mahesh តំណាង​ស្ថាប័ន​កំណត់ត្រា​ពិភពលោក បាន​បញ្ជាក់ថា លក្ខខណ្ឌ​ដែល​ស្ថាប័ន​លោក ដាក់ពិន្ទុ​លើ​ក្រមា​ខ្មែរ​នេះ គឺ​ផ្ដោតទៅលើ​ភាព​តឹង​ណែន​នៃ​គុណភាព​សរសៃអំបោះ ដែល​បានកំណត់​។ ហើយ​លក្ខណៈ​ដែល​ស្ថាប័ន​កំណត់ត្រា​ពិភពលោក ទទួលស្គាល់​នោះ គឺ​ប្រវែង​ក្រមា​មាន​បណ្ដោយ​៨៨​សង់ទីម៉ែត្រ ហើយ​មាន​ប្រវែង​លើសពី​១០០០​ម៉ែត្រ ។​
 
​ជាមួយគ្នា​លោក ហ៊ុន ម៉ា​នី ដែល​ប្រធាន​សហព័ន្ធ​សហភាព​យុវជន​កម្ពុជា បាន​បញ្ជាក់ថា គោលបំណង​នៃ​ការ​ត្បាញ​ក្រមា​វែង​ជាងគេ​នេះ គឺ​ដើម្បី​លើកកម្ពស់​មោទនភាព​ជាតិ និង​បង្កើត​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​រួមគ្នា​ថែរក្សា លើកស្ទួយ មរតក​វប្បធម៌​ប្រពៃណី​ខ្មែរ ។ ជាពិសេស​ការជំរុញ​សាមគ្គីភាព និង​ឯកភាព​ជាតិ ។ 
 
​យុទ្ធនាការ​ក្រមា​នេះ បានចាប់ផ្ដើម​បើក​ត្បាញ​សរសៃ​ដំបូង នៅ​ថ្ងៃទី​១៤​ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ទីតាំង វាល​ព្រះមេរុ​។ ការ​ត្បាញ​ក្រមា​វែង​ជាងគេ​លើ​ពិភពលោក​នេះ បានផ្ដល់​ឱកាស​ឲ្យ​សាធារណជន​ទូទៅ ចូលរួម​ត្បាញ​ដោយ​ផ្ទាល់ដៃ ដោយមាន​ការសម្រួល​ពី​ក្រុមការងារ​ផ្នែក​បច្ចេកទេស និង​អ្នក​តម្បាញ​ជំនាញ​នៅ​ទីតាំង​កម្មវិធី​ផ្ទាល់​តែម្ដង ។​
 
សូមបញ្ជាក់ថា GoGo Cambodia គឺជា​ចលនា​ថ្នាក់ជាតិ​មួយ ដែល​កើតចេញពី​ឆន្ទៈ​កូន​ខ្មែរ ធ្វើឡើង​ក្នុង​គោលបំណង​លើកតម្កើង​មោទនភាព​ជាតិ បង្ហាញ​ពី​សក្តានុពល​របស់​កម្ពុ​ជា​នៅ​គ្រប់​វិស័យ និង​ជា​វេទិកា​សម្រាប់​យុវជន​ខ្មែរ​គ្រប់រូប អាច​បង្ហាញ​នូវ​មោទនភាព​របស់ខ្លួន ក្នុងនាម​ជា​កូន​ខ្មែរ ទៅដល់​សហគមន៍​អន្តរជាតិ​៕

Tag:
 ក្រមា​ខ្មែរ​
  GOGO Cambodia
© រក្សាសិទ្ធិដោយ thmeythmey.com