ជាតិ
សង្គមជាតិ
​គួរ​ហៅ​«​ខ្មែរ​មូស្លីម​» ជំនួស​ពាក្យ «​ខ្មែរឥស្លាម​»!
01, Jul 2018 , 6:59 pm        
រូបភាព
រូបភាពពីហ្វេសបុកលោក សុះ កុំរី ចាងហ្វាងនៃគណៈដឹកនាំជាន់សាសនាឥស្លាមកម្ពុជា
រូបភាពពីហ្វេសបុកលោក សុះ កុំរី ចាងហ្វាងនៃគណៈដឹកនាំជាន់សាសនាឥស្លាមកម្ពុជា
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មហាជន​ជាច្រើន​នៅក្នុង​សង្គម​កម្ពុជា​ហាក់​នៅមាន​ភាពស្រពិចស្រពិល​និង​វែកញែក​មិនទាន់​ច្បាស់លាស់​ក្នុងការ​ប្រើប្រាស់​ពាក្យ​«​ខ្មែរឥស្លាម​» នៅពេលដែល​ពួកគាត់​ចង់​សំដៅលើ​ជន​ដែល​កាន់សាសនា​ឥស្លាម​នៅ​កម្ពុជា​រាប់ទាំង​ជនជាតិ​ចាម និង​ជនជាតិខ្មែរ​។


​មាន​មនុស្ស​មិនតិច​ទេ​ក្នុងនោះ​រួមមាន​ស្ថាប័ន​ព័ត៌មាន អ្នកសារព័ត៌មាន អ្នកប្រើប្រាស់​បណ្តាញ​សង្គម និង​អ្នកមានចំណេះដឹង​មួយចំនួន បាននិងកំពុង​ប្រើប្រាស់​និង​យល់​ខុសពី​អត្ថន័យ​នៃ​ពាក្យ «​ខ្មែរឥស្លាម​» ដ្បិត​ប្រហែលជា​ពួកគាត់​មិនទាន់​ឃើញ​មាន​អ្នកបកស្រាយ​ទៅលើ​រឿងនេះ​ក៏​អាច​ថា​បាន​។ 
 
​បើ​និយាយ​ពី​ភាព​សត្យានុម័ត ការប្រើប្រាស់​ពាក្យ «​ខ្មែរឥស្លាម​» ហាក់​មិនទាន់មាន​ភាពត្រឹមត្រូវ​នោះទេ ដ្បិត ពាក្យ​ថា «​ខ្មែរ​» គឺ​សំដៅលើ​ជនជាតិ​មួយ ចំណែកឯ​ពាក្យ «​ឥស្លាម​» គឺ​សំដៅលើ​សាសនា​មួយ​។ អ៊ីចឹង គេ​មិនគួរ​ភ្ជាប់​ជនជាតិ​មួយ​ទៅនឹង​សា​សា​នា​មួយ​នោះទេ គ្រាន់​ចង់​សំដៅ​ដល់​បុគ្គល​ណា​ម្នាក់​ដែល​កាន់សាសនា​ជាក់លាក់​ណាមួយ​។​
 
​ឧទាហរណ៍​ថា មាន​បុគ្គល​ម្នាក់​ដែលជា​ជនជាតិខ្មែរ​ហើយ​គោរព​ព្រះពុទ្ធសាសនា ជា​សាសនា​របស់ខ្លួន​នោះ គេ​មិនគួរ​ហៅ​គាត់​ថា​ជា​«​ខ្មែរ​ព្រះពុទ្ធសាសនា​» នោះទេ នៅពេល​គេច​ង់​សំដៅ​ដល់​បុគ្គល​នោះ​ជា​អ្នក​គោរព​ព្រះពុទ្ធសាសនា​។​
 
​នៅ​ក្នុងន័យនេះ គេ​អាច​ហៅ​គាត់​ថា​«​ពុទ្ធសាសនិក (​ខ្មែរ​?)» ដ្បិតថា គេ​គ្រាន់តែ​ចង់​បញ្ជាក់ថា គាត់​ជា​ជន​ខ្មែរ​ហើយ​កាន​សនា​ព្រះពុទ្ធ​។ ដូចគ្នានេះដែរ គេ​អាច​ហៅ​ជនជាតិខ្មែរ​ដែល​កាន់សាសនា​ឥស្លាម​ថា ជា​«​ខ្មែរ​មូស្លីម​» ប៉ុន្តែ​មិនមែនជា​«​ខ្មែរឥស្លាម​»​ទេ បើ​គេ​ចង់​និយាយ​តែ​ពី​ជនជាតិខ្មែរ​-​ចាម​កាន់សាសនា​ឥស្លាម​។ នៅពេលដែល​គេ​ហៅ​អ្នក​កាន់សាសនា​ឥស្លាម​នៅ​កម្ពុជា​ទាំងអស់​ថា​ជា​«​ខ្មែរឥស្លាម​» វា​ហាក់​បង្ហាញថា គេ​ចង់​បំបាត់​ជនជាតិ​ចាម​ដែលជា​អ្នក​កាន់សាសនា​ឥស្លាម​មាន​ចំនួន​ភាគច្រើន​ចោល​។ ជំនួស​មកវិញ គេ​អាច​ហៅ​គាត់​ថា​ជា ចាម​មូស្លីម ឬ​ត្រឹមតែ​(​ជនជាតិ​)​ចាម​ក៏បាន​។ តែមាន​អ្នកខ្លះ​លើកឡើងថា តើ​គេ​អាច​ហៅ​ពួកគាត់​ថា ខ្មែរ​-​ចាម​មូស្លីម​បាន​ឬទេ​? 

អត្ថបទដោយ៖ Zahron Sokry
 

© រក្សាសិទ្ធិដោយ thmeythmey.com