មេ​ប៉ូលិស​៖ ត្រូវ​ចាត់វិធានការ លើ​ក្រុមហ៊ុន​សន្ដិសុខ​ឯកជន ដែល​គ្មាន​ច្បាប់​អនុញ្ញាត​
ជាតិ
សង្គមជាតិ
មេ​ប៉ូលិស​៖ ត្រូវ​ចាត់វិធានការ លើ​ក្រុមហ៊ុន​សន្ដិសុខ​ឯកជន ដែល​គ្មាន​ច្បាប់​អនុញ្ញាត​
01, Jul 2018 , 7:59 pm        
រូបភាព
 ភ្នំពេញ​៖ លោក ឌី វិជ្ជា អគ្គស្នងការ​រង​នៃ​អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្ដាល​សន្ដិសុខ បាន​ព្រមាន​ថា នឹង​ចាត់វិធានការ ចំពោះ​ក្រុមហ៊ុន​ឯកជន​ណា ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងមហាផ្ទៃ ហើយ​នៅតែ​បន្តធ្វើ​សកម្មភាព ជ្រើសរើស​ប្រមូលផ្ដុំ​កម្លាំង​ដោយ​ខុសច្បាប់​។ អគ្គ​ស្នងការរង​រូបនេះ ប្រាប់​ទៅ​សហគ្រាស និង​គ្រឹះស្ថាន ដែល​ជ្រើសរើស​ភ្នាក់ងារ​សន្ដិសុខ​ឯកជន ត្រូវតែ​ប្រញាប់ប្រញាល់​សុំច្បាប់​អនុញ្ញាត​ឲ្យ​បាន​ឆាប់​បំផុត​។ នេះ​បើតាម​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​


​អគ្គស្នងការ​នគរបាល​ជាតិ បាន​ស្រង់​សម្តី​របស់លោក ឌី វិជ្ជា ទៅ​ចុះផ្សាយ​ថា ភ្នាក់ងារ​សន្ដិសុខ​ឯកជន ជា​កម្លាំង​ជំនួយ​ដល់​សមត្ថកិច្ច តែ​មិនមែនជា​អាជ្ញា​ធរមាន​សមត្ថកិច្ច​នោះទេ ដូច្នេះ​មិនត្រូវ​ធ្វើ​អ្វី​ឲ្យ​លើសពី​ព្រំដែន​នៃ​តួនាទី​របស់ខ្លួន​ឡើយ ហើយ​ដាច់ខាត​ត្រូវតែ​សម្រួល និង​សហការ​ជាមួយ​សមត្ថកិច្ច​គ្រប់កា​លៈ​ទេសៈ​ទាំងអស់​។ បើតាម​ប្រភព​ដដែល ប្រធាន​នាយកដ្ឋាន​កណ្ដាល​សន្ដិសុខ បាន​បញ្ជាក់ថា ការរារាំង​ឬ​ការបង្ក​ជា​ឧបសគ្គ​ណាមួយ ដល់​ការអនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច​អាចជា​បទល្មើស​ផ្សេង​មួយទៀត ដែល​ត្រូវ​ផ្ដន្ទាទោស ព្រោះ​តួនាទី​ភារកិច្ច និង​ដែន​សមត្ថកិច្ច​នៃ​ភ្នាក់ងារ​សន្ដិសុខ​ឯកជន​ត្រូវ​ស្ថិតក្នុង​ក្របខណ្ឌ​ច្បាប់​ជាដាច់ខាត​។​
 
​ការលើកឡើង​របស់ លោក ឌី វិជ្ជា ធ្វើឡើង​នៅក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​ជំនាញ​ភ្នាក់ងារ​សន្ដិសុខ​ឯកជន លើក​ទី​៥ នៅ​ថ្ងៃទី​២៨ ខែមិថុនា​។ ក្នុង​ពិធី​នេះ លោក បាន​ណែ​នាំទៅ​ក្រុមហ៊ុន​សន្ដិសុខ​ឯកជន ឲ្យ​ចាត់​បញ្ជូន​ភ្នាក់ងារ​សន្ដិសុខ​ឯកជន​របស់ខ្លួន ទៅ​ទទួល​ការបណ្ដុះបណ្ដាល​តាម​ការ​ស្នើសុំ​របស់​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន ដែល​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ជា​អ្នក​បណ្ដុះបណ្ដាល​៕
 
 
 

Tag:
 ក្រុមហ៊ុន​សន្តិសុខ​
 ​ឌី វិជ្ជា​
 ​ច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 66387 [1] => 9,16 [2] => មេ​ប៉ូលិស​៖ ត្រូវ​ចាត់វិធានការ លើ​ក្រុមហ៊ុន​សន្ដិសុខ​ឯកជន ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ [3] => content [4] => [5] => ក្រុមហ៊ុន​សន្តិសុខ​,​ឌី វិជ្ជា​,​ច្បាប់ [6] => 111 [7] => 0 [8] => )