កំពង់ឆ្នាំង៖ តំបន់ព្រៃសឹករេចរិលមួយកន្លែងក្នុងឃុំពាម ដែលកន្លងទៅប្រជាពលរដ្ឋតែងតែខ្លាចរអាមិនហ៊ានចូលទៅជិតនោះ បច្ចុប្បន្នបានប្រែក្លាយជាដីសម្បទានសង្គមកិច្ច ដែលមានការអភិវឌ្ឍ មានសាលារៀន ប៉ុស្តិ៍សុខភាព ផ្លូវ ថ្នល់ និងប្រជាពលរដ្ឋរស់នៅយ៉ាងសុខសាន្ត។ បច្ចុប្បន្នតំបន់នេះ បានប្រែក្លាយជាភូមិថ្មីមួយដែលមានឈ្មោះថា ភូមិសុខសែនជ័យ ស្ថិតនៅក្នុងឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ហើយមានប្រជាពលរដ្ឋរស់នៅ ២៣៣គ្រួសារ និងមានផ្ទៃដីសរុបចំនួន ៤៦៨,៧៨ហិកតា។
នៅម៉ោងប្រមាណ១០ព្រឹកសំឡេងជួងបានបន្លឺឡើង កុមារា កុមារី ជាច្រើននាក់បានចេញពីថ្នាក់ដោយដៃមានកាន់ បង្គី ចប ប៉ែល ព្រមទាំងធុង ដើរសំដៅទៅដីទួលមួយកន្លែង ដែលនៅជិតថ្នាក់រៀន។ សំណើចក្អាកក្អាយរួមជាមួយនិងសកម្មភាពការងារ បានកើតមានឡើងចំពោះកុមារតូចៗទាំងនោះ នេះគឺជាម៉ោងពលកម្ម ដែលកុមារថ្នាក់ទី៥ ទី៦ ត្រូវកាប់ដី យកទៅចាក់នៅក្នុងសួនធ្វើពីស៊ីម៉ង់ នៅមុខថ្នាក់រៀន នៃសាលាបឋមសិក្សា «សុខសែនជ័យ»។ កុមារទាំងនោះសុទ្ធសឹងតែជាកូនពលរដ្ឋដែលមករស់នៅក្នុងភូមិសម្បទានសង្គមកិច្ចនេះតែម្ដង។
កុមារាសម្បុរស្រអែមម្នាក់ ហាក់មានភាពក្លាហានជាងក្មេងដទៃ នោះគឺកុមារា ណន ប៊ុនជីន។ ក្មេងម្នាក់នេះបានឲ្យដឹងថា មុនពេលដែលគេមករស់នៅទីនេះជាមួយឪពុក ម្ដាយ គេមិនសូវបានទៅរៀនជាប់លាប់នោះទេ ហើយក៏មិនសូវមានប្រាក់ទៅរៀនផងដែរ។ បច្ចុប្បន្នកុមារាវ័យ១៤ឆ្នាំរូបនេះ កំពុងរៀនថ្នាក់ទី៦ បន្ទាប់ពីប្ដូរមករស់នៅបាន៣ឆ្នាំ ។ រៀបរាប់ទាំងភ័យផង អៀនផង ប៊ុនជីន បានឲ្យដឹងថា ពេលរៀនចប់ថ្នាក់ទី៦ គេចង់បន្តការសិក្សានៅថ្នាក់វិទ្យាល័យទៀត ហើយគេចង់ក្លាយជាអ្នកធ្វើការអង្គការ ដើម្បីបង្រៀនប្រជាពលរដ្ឋនៅតាមសហគមន៍។
កុមារា ណន ប៊ុនជីន បញ្ជាក់ថា៖ «ពេលខ្ញុំមករស់នៅទីនេះ សប្បាយជាងនៅផ្ទះចាស់ ម៉ែឲ្យលុយខ្ញុំចាយច្រើនជាងមុន ហើយសាលារៀនក៏នៅជិត។ ខ្ញុំចង់រៀនតទៀត ចង់ធ្វើការអង្គការចុះបង្រៀនពលរដ្ឋ ដូចខ្ញុំបានឃើញបងៗអង្គការធ្វើដែរ»។
នេះគឺជាលទ្ធផលនៃសាលាបឋមសិក្សាដែលមានទីតាំងនៅក្បែរជើងភ្នំ ដែលជាទីតាំងមានតែព្រៃសឹករេចរិលកន្លងមក។ លោកគ្រូ អ៊ិន ចាន់អេង មកពីទីរួមខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា សាលារៀននេះកាលពី៣ឆ្នាំមុន គឺមានតែព្រៃរេចរិលនៅជុំវិញប៉ុណ្ណោះ។ ពេលមកដល់ដំបូងលោកគ្រូសម្បុរស វ័យជាង២០ឆ្នាំរូបនេះ ចង់ត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ព្រោះកាលពី ៣ឆ្នាំមុននោះតំបន់នេះមិនទាន់មានអ្វីឡើយ មានតែសាលារៀនមួយខ្នង ៥បន្ទប់ និងពលរដ្ឋដែលកំពុងចាប់ផ្ដើមកសាងជីវិតថ្មី។
លោកគ្រូ អ៊ិន ចាន់អេង បញ្ជាក់៖ «កាលខ្ញុំមកដល់ដំបូង គឺចង់ត្រឡប់ទៅផ្ទះវិញ ព្រោះឃើញសុទ្ធតែព្រៃគួរឲ្យខ្លាច។ តែក្រោយមកនៅមួយរយៈចូលចិត្តទីនេះ អាណិតក្មេងៗនៅទីនេះ ហើយចង់រស់នៅទីនេះបន្តទៀត។ ហើយសង្កេតឃើញថាពលរដ្ឋមានការអភិវឌ្ឍច្រើន»។
បើទោះជាតំបន់នេះកាលពីមុនមានតែគល់ឈើ និងព្រៃតិចតួចក៏ដោយ តែពលរដ្ឋមករស់នៅទីនេះគឺសុទ្ធតែពេញចិត្តនឹងការទទួលបានដីថ្មី ដែលដីភូមិក្នុងមួយគ្រួសារបានចំនួន ៣០គុណ៤០ម៉ែត្រ និងដីបង្កបង្កើនផលចំនួន១ហិកតា។ រៀបរាប់ទាំងអួលដើមក ស្ត្រីដែលមានស្បែកមុខជ្រៀវជ្រួញ សក់ស្កូវដុំៗ បានមានប្រសាសន៍ថា ទីនេះគឺជាពន្លឺនៃជីវិតថ្មីសម្រាប់អ្នកស្រី។ ពន្លឺថ្មីរបស់អ្នកស្រី សំ សារិ ព្រោះកាលពីនៅទីតាំងចាស់ស្ត្រីមានកូន៧នាក់ និងប្ដីជាកសិកររូបនេះ មានតែបំណុល ជំងឺ សូម្បីតែសម្លៀកបំពាក់ក៏សឹងតែមិនមានពាក់គ្រប់គ្រាន់។
អ្នកស្រី សំ សារិ បញ្ជាក់៖ «បានរដ្ឋាភិបាលផ្ដល់ដី ផ្ដល់កម្លាំងចិត្ត ជួយដល់ខ្ញុំនេះ គឺខ្ញុំត្រេកអរ ខ្លាំងមែនទែន។ មិនដូចជានៅផ្ទះចាស់ដែលសូម្បីតែសម្លៀបំពាក់គឺខ្ញុំលំបាកមែនទែន មកនៅទីនេះខ្ញុំបានសុខហើយ បានកូនៗខ្ញុំមានដី មានផ្ទះនៅហើយ ខ្ញុំសប្បាយមែនទែនរកអ្វីប្រៀបធៀបមិនបាន»។
វាជាជីវិតថ្មីមួយសម្រាប់ស្ត្រីវ័យ៦៧ឆ្នាំរូបនេះ បន្ទាប់ពីមានការយកចិត្តទុកពីរដ្ឋាភិបាល និងអង្គការជីវិតថ្លៃថ្នូរដែលជួយជ្រោមជ្រែងគ្រួសារអ្នកស្រី និងពលរដ្ឋផ្សេងទៀតឲ្យមានផ្ទះនៅ មានមុខរបរចិញ្ចឹមជីវិតបាន។
(photo 03)
ចំណែកលោក យី ផេង មេឃុំពាម បានឲ្យដឹងពលរដ្ឋដែលមកភូមិថ្មីមានចំងាយ ៩០គីឡូម៉ែត្រពីទីរួមខេត្តកំពង់ឆ្នាំង នៃឃុំពាមនេះ ។ ដំបូងពួកគាត់មិនមានសាច់ឈាមស្រស់ថ្លាសោះឡើយ ដែលអាចបញ្ជាក់បានថា កាលនៅតំបន់ចាស់ប្រហែលមានជីវភាពខ្វះខាតខ្លាំង។ តែក្រោយពេលមករស់នៅទីនេះមួយរយៈ លោកសង្កេតឃើញថាពលរដ្ឋហាក់មានភាពស្រស់ស្រាយ ហើយសាច់ឈាមក៏ស្រស់ថ្លាជាងមុន។ បើតាមលោក យី ផេង ភូមិសម្បទានសង្គមកិច្ចថ្មី មានការអភិវឌ្ឍបែបនេះ គឺត្រូវចំណាយពេលអស់ជិត៥ឆ្នាំហើយ។
លោកមេឃុំរូបនេះ បានបញ្ជាក់ដូច្នេះថា៖ «ទីនេះជាតំបន់ព្រៃរេចរិល ហើយការរៀបចំឲ្យមានស្ថានភាពបែបនេះ គឺអស់ពេល៥ឆ្នាំហើយ។ ដោយពីមុនមកមិនមានអ្នកហ៊ានមកនៅទីនេះទេ តែពេលនេះសប្បាយចិត្តណាស់ ដែលបានជួយពលរដ្ឋដែលខ្វះដីឲ្យមានដី និងមានជីវភាពល្អប្រសើរជាងមុនឆ្ងាយ»។
បន្ទាប់ពីបានផ្ដល់ដីសម្បទានសង្គមកិច្ចដល់ប្រជាពលរដ្ឋនៅក្នុងជំហានទី១ អនុវត្តដោយរបស់គម្រោង LASED ដែលមានការគាំទ្រពីរដ្ឋាភិបាលរួចមក នៅក្នុងគម្រោង LASED II នេះគឺជាជំហាននៃការជួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ដោយមានការបង្រៀនពីការដាំដុះ ការចិញ្ចឹមសត្វ បង្រៀនអំពីការប្រើប្រាស់លុយឲ្យមានប្រសិទ្ធិភាព និងបង្រៀនអំពីការគិតផងដែរ។ កិច្ចការទាំងអស់នេះ គឺធ្វើយ៉ាងណាដើម្បីឲ្យប្រជាពលរដ្ឋអាចរស់នៅដោយខ្លួនឯងបាន នៅពេលដែលគម្រោងដកដៃចេញពីតំបន់ដីសម្បទានសង្គមកិច្ចនេះ។ នេះបើតាមការបញ្ជាក់ពីលោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានគ្រប់គ្រងគម្រោង LASED II ថ្នាក់ខេត្ត។
បច្ចុប្បន្នភូមិសម្បទានសង្គមកិច្ច សុខសែនជ័យមានសាលារៀនមួយខ្នង៥បន្ទប់ ផ្ទះស្នាក់គ្រូបង្រៀនមួយខ្នងមាន២បន្ទប់ ប៉ុស្តិ៍សុខភាព ដែលមានគ្រូពេទ្យមកពិនិត្យមួយសប្ដាហ៍ម្ដង និងមានអណ្ដូងទឹករួមចំនួន១០គ្រួសារមួយកន្លែង។ តាមគម្រោងក្នុងឆ្នាំ២០១៨នេះ គម្រោង LASED II នឹងកែប្រែហេដ្ឋារចនាសម្ព័ន្ធពីផ្លូវដីស ទៅជាផ្លូវលំក្រាលក្រួសក្រហម ទាំង១២ខ្សែរដែលមានប្រវែងប្រមាណ៤០គីឡូម៉េត្រ៕