ជាតិ
សង្គមជាតិ
កូនត្រីជាង១លានក្បាលត្រូវបានព្រលែងក្នុងទិវាមច្ឆជាតិលើកទី១៦នៅសៀមរាប
× សៀមរាប៖ កូនត្រីតូចធំ និងប្រភេទសត្វកម្រ សរុបជាង១លានក្បាល ត្រូវបានព្រលែងក្នុងទិវាមច្ឆជាតិ លើកទី១៦ ដែលធ្វើឡើងនៅកសិន្ធុអង្គរវត្ត នាខេត្តសៀមរាប។ ការព្រលែងត្រីនៅក្នុងកសិន្ធុអង្គរវត្ត ត្រូវបានរំពឹងថា នឹងអាចលូតលាស់ និងរីកសាយភាយទៅតំបន់ផ្សេងទៀត សម្រាប់ប្រយោជន៍ដល់ប្រជាពលរដ្ឋនៅជុំវិញ។
កូនត្រីជាង១លានក្បាល ដែលត្រូវបានព្រលែងនៅពេលនេះមានដូចជា ត្រីឆ្ពិន ត្រីព្រលូង ត្រីកាហែ ត្រីប្រា ត្រីកន្ធរ និងត្រីគល់រាំង អណ្ដើក កន្ធាយ និងកង្កែប។ល។ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន មានសុទិដ្ឋិនិយមថា ត្រីទាំងនេះនឹងមានការលូតលាស់រីកសាយភាយទៅដល់តំបន់ផ្សេងៗទៀតតាមប្រព័ន្ធបារាយណ៍ក្នុងតំបន់អង្គរ និងអាចចរាចរចូលដល់ដែននេសាទដទៃទៀត ដែលអាចបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទូទៅ។
ក្នុងរបាយការណ៍របស់រដ្ឋមន្ដ្រី វេង សាខុន ទាក់ទងនឹងជលផល ក្នុងឆ្នាំ២០១៧កន្លងទៅ បទល្មើសជលផលមានចំនួន ៣,៩២៥ករណី ត្រូវបានបង្ក្រាប ក្នុងនោះបានបំផ្លាញចោលវត្ថុតាងចំនួន ជាង៣ពាន់ករណី ពិន័យអន្ដរការណ៍ជាងមួយរយករណី និងបញ្ជូនទៅតុលាការចំនួន ៨៦ករណី។ ចំណែកផលនេសាទវិញ ឆ្នាំ២០១៧ ផលនេសាទសរុបសម្រេចបានចំនួនជាង ជាង៨០០ពាន់តោន កើនជាង៦ភាគរយ ពិសេសកំណើនពីវារីវប្បកម្ម (ការចិញ្ចឹមត្រី)។ លោកបន្ថែមថា ផលនេសាទចាប់ពីធម្មជាតិសរុបទាំងទឹកសាប និងសមុទ្រសម្រេចបានប្រមាណ ជាង៦០០ពាន់តោន ក្នុងនោះផលទឹកសាបអនុវត្តបានចំនួនជាង ៥០០ពាន់តោន កើនឡើងប្រមាណជាង ៣ភាគរយ និងផលនេសាទសមុទ្រអនុវត្តបានជាង ១០០ពាន់តោន។
គួរបញ្ជាក់ថា ទិវាមច្ឆជាតិលើកទី១៦ ធ្វើឡើងនៅមុខប្រាសាទអង្គរវត្ត ក្រោមវត្តមានចូលរួមពី សម្តេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការ ប្រធានមន្ទីរ ប្រជាពលរដ្ឋ និងសិស្សានុសិស្សសរុបប្រមាណជាង ៥០០នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com