ជាតិ
នយោបាយជាតិ
សម្ដេច ទៀ បាញ់៖ ក្រោយកាន់តំណែងសំខាន់ក្រសួងការពារជាតិ លោក ហ៊ុន ម៉ាណែត នឹងឡើងឋានន្តរស័ក្តផ្កាយ៤
× ភ្នំពេញ៖ ក្រោយចូលកាន់តំណែងសំខាន់នៅក្នុងក្រសួងការពារជាតិ លោក ហ៊ុន ម៉ាណែត ក៏នឹងត្រូវដំឡើងឋានន្តរស័ក្តផ្កាយ៤ផងដែរ។ នេះជាការបញ្ជាក់របស់សម្ដេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ។
ដំណឹងដែលសម្ដេច ទៀ បាញ់ លើកឡើងនេះ គឺនៅក្នុងពិធីប្រគល់តំណែងលោក សៅ សុខា ដែលបច្ចុប្បន្នជាមេបញ្ជាការនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវឡើងទៅកាន់តំណែងជាអគ្គមេបញ្ជាការស្តីទីជំនួសលោក ប៉ុល សារឿន។ ចំណែកលោក ហ៊ុន ម៉ាណែត ត្រូវទទួលតំណែងជានាយសេនាធិការចម្រុះស្តីទីនៃកងយោធពលខេមរភូមិន្ទជំនួសលោក គន់ គីម និងតំណែងជាមេបញ្ជាការស្តីទីនៃកងទ័ពជើងគោកជំនួសលោក មាស សុភា។
តាមរយៈហ្វេសប៊ុកលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ ដែលបានស្រង់សម្ដីសម្ដេច ទៀ បាញ់ បានសរសេរដូច្នេះថា៖«ឯកឧត្តម ហ៊ុន ម៉ាណែត អាចនឹងទទួលបានការដំឡើងឋានន្តរស័ក្តជា នាយឧត្តមសេនីយ៍ (ផ្កាយមាស៤) ក្នុងពេលឆាប់ៗខាងមុខនេះ ដោយសារតែឯកឧត្តម ជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ជានាយសេនាធិការចម្រុះស្តីទី និងជាមេបញ្ជាការស្តីទីកងទ័ពជើងគោក»។
ការប្រគល់តំណែងស្តីទីសំខាន់ៗជូនដល់លោក សៅ សុខា និងលោក ហ៊ុន ម៉ាណែត នេះ ដោយសារតែលោក ប៉ុល សារឿន,លោក គន់ គីម និងលោក មាស សុភា ជាប់កាតព្វកិច្ចឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី០៦នេះ។
ក្រៅពីតំណែងជាមេបញ្ជាការនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា ថែមទាំងមានឋានៈជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទផងដែរ។ ឯលោក ហ៊ុន ម៉ាណែត កំពុងតែកាន់តំណែងចំនួន៤ នាពេលបបច្ចុប្បន្ននេះ គឺតំណែងជាមេបញ្ជាការរងកងទ័ពជើងគោក, ជាមេបញ្ជាការរងនៃកងអង្គរក្ស, ជាមេបញ្ជាការនៃកងកម្លាំងពិសេសប្រឆាំងភេរវកម្ម, និងជានាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ៕
Tag:
ទៀ បាញ់
ហ៊ុន ម៉ាណែត
សៅ សុខា
មាស សុភា
គន់ គីម
ប៉ុល សារឿន
ឈុំ សុជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com