ពីនេះ ពីនោះ
តើ​គេ​អាចបង្កើត​«​កូន​ផ្សារ​»​នៅលើ​លូទឹកស្អុយ​ភ្នំពេញ ឬក៏​បង្កើត​ផ្លូវទឹក​កាណូត​រំដោះ​ចរាចរណ៍​បានដែរ​ឬទេ​?
02, Jul 2018 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ លូទឹកស្អុយ ជាពិសេស លូទឹកស្អុយ​បឹងត្របែក​ដែល​ភ្ជាប់​ពី​ផ្លូវ​២៧១ ទៅកាន់​សាលា​ព្រះ​យុគន្ធរ​(​តំបន់​ពេទ្យ​ចិន​ចាស់​) ត្រូវបាន​អ្នកខ្លះ​លើក​ជា​គំនិត​ឡើង​ថា តើ​គេ​អាចបង្កើត​ផ្សារ​រាត្រី ឬ​ផ្សារ​តូចតាច​នៅ​ពីលើ​លូទឹកស្អុយ​នេះ​បាន​ដែរឬទេ​? ប្រសិនបើ​គេ​អាចបង្កើត​កូន​ផ្សារ​នៅលើ​លូទឹកស្អុយ​នេះ​បាន សកម្មភាព​សេដ្ឋកិច្ច​តូចតាច​នៅលើ​នេះ ក៏​អាចបង្កើត​ការងារ និង​ជាការ​ទាក់ទាញ​ទេសចរ​ពេលយប់​បាន​ផងដែរ ព្រោះ​លូទឹកស្អុយ​នេះ​ស្ថិតនៅ​ចំ​កណ្តាល​ក្រុងភ្នំពេញ​។


​ការបង្កើត​ផ្សារលើ​តំបន់​លូទឹកស្អុយ​នេះ ក៏​អាច​អនុញ្ញាត​ឲ្យ​អ្នកលក់​តូចតាច​មួយចំនួន​ចូលមក​លក់​នៅ​តំបន់​នេះ​ដោយ​ចៀសវាង​ការបង្កើត​កន្លែង​លក់ដូរ​បែប​អនាធិបតេយ្យ​នៅលើ​ចិញ្ចឹម​ផ្លូវ​គ្រប់​ទីកន្លែង​។ ស្របពេល​ជាមួយគ្នា សាលា​រាជធានី​ភ្នំពេញ ក៏​អាច​រកចំណូលបាន​ខ្លះ​ពី​អាជីវកម្ម​ខាងលើ​នេះដែរ​សម្រាប់​ការអភិវឌ្ឍ​ក្រុងភ្នំពេញ​។ 
 
​គំនិត​មួយទៀត​ដែល​ត្រូវបាន​គេ​លើកឡើង​ផងដែរ​នោះ គឺថា បើ​មិនបង្កើត​ផ្សារ តើ​គេ​អាច​កែប្រែ​លូទឹកស្អុយ​ឲ្យ​ក្លាយទៅជា​ផ្លូវទឹក​សម្រាប់​កាណូត​តូចៗ​ក្នុងន័យ​រំដោះ​ចរាចរណ៍​ពី​តំបន់​សាលា​ព្រះ​យុគន្ធ​មក​ផ្លូវ​ទំនប់​២៧១​ដែរឬទេ​? គំនិត​ចុង​ក្រោយនេះ គឺជា​ទស្សនវិស័យ​វែងឆ្ងាយ​សម្រាប់​ដោះស្រាយ​ចរាចរណ៍​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​នាពេល​អនាគត​ដែល​ស្ថានភាព​ចរាចរណ៍​កាន់តែ​ស្មុគស្មាញ​ឡើងៗ​។ តែ​ទោះជា​យ៉ាងណាក៏ដោយ មុននឹង​បង្កើត​សកម្មភាព​ណាមួយ​នៅលើ​លូទឹកស្អុយ​នេះ​បាន លុះត្រាតែ​ក្រុម​ជំនាញ​ធ្វើ​យ៉ាង​ដូ​ម្តេច​កុំ​ឲ្យ​ទឹកលូ​នេះ​ធុំ​ក្លិនស្អុយ​៕ 
 
(​លិខិត​មិត្ត​អ្នកអាន​) (​លោក សួង សុភ​ក្តិ ពលរដ្ឋ​តំបន់​បឹងត្របែក​) 

© រក្សាសិទ្ធិដោយ thmeythmey.com