កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់ផ្ទះរុស្ស៊ី ទម្លាក់អេស្ប៉ាញ ដោយបាល់ប៉េណាល់ទីក្រោយជំនួប១២០នាទី កីឡាកររុស្ស៊ី អបអរជ័យជម្នះរបស់ខ្លួន។ រូបថត FIFA
× ម្ចាស់ផ្ទះរុស្ស៊ី បានយកឈ្នះជើងឯកឆ្នាំ២០១០ អេស្ប៉ាញ ដោយការទាត់បាល់ប៉េណាល់ទី ៤-៣ នាការប្រកួតវគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup នៅកីឡដ្ឋាន Luzhniki Stadium ក្នុងក្រុងមូស្គូ។ ការប្រកួតអស់១២០នាទី ក្រុមទាំងពីរបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ហើយឈានដល់ការទាត់បាល់ប៉េណាល់ទីកាត់ក្តី រុស្ស៊ីឈ្នះ ៤-៣ ។
Sergie Ignashevich បានធ្វើឲ្យបាល់ចូលទីខ្លួននៅនាទី១២ ក្រោយការព្យាយាមរារាំង Sergio Ramos នៅតំបន់គ្រោះថ្នាក់។ ប៉ុន្តែ៤នាទី មុនបញ្ចប់ការប្រកួតតង់ទីមួយ Artem Dzyuba បានទាត់បាល់ប៉េណាល់ទីតាមស្មើវិញ បន្ទាប់ពី Gerard Pique លើកដៃប៉ះបាល់នៅតំបន់គ្រោះថ្នាក់។
លទ្ធផលស្មើ ១-១ ត្រូវបានរក្សារហូតដល់៩០នាទី ហើយឈានដល់ការបន្ថែម១៥នាទីពីរដង។ ការប្រកួតនៅតែគ្មានការស៊ុតបាល់បញ្ចូលទី រហូតដល់មានការកាត់ក្តីដោយការទាត់បាល់ប៉េណាល់ទី។
Fedor Smolov, Sergie Ignshevich, Aleksandr Golovin និង Denis Cheryshev សុទ្ធតែធ្វើបានសម្រេចសម្រាប់ក្រុមម្ចាស់ផ្ទះ រីឯក្រុមអេស្ប៉ាញសម្រេចបាន៣គ្រាប់ ដោយ Andres Iniesta, Gerard Pique និង Sergio Ramos ខណៈ ការទាត់របស់ Koke ត្រូវបានសង្គ្រោះដោយអ្នកចាំទីរុស្ស៊ី Igor Akinfeev ហើយគ្រាប់បាល់ដែលជាឱកាសចុងក្រោយ Iago Aspas បានធ្វើឲ្យខកខាន តាមរយៈការទាត់ហើរលើរបាទី៕
© រក្សាសិទ្ធិដោយ thmeythmey.com