កីឡាអន្តរជាតិ
អន្តរជាតិ
ក្រូ​អាស៊ី​ទៅ​ជួប​ម្ចាស់ផ្ទះ​រុស្ស៊ី ក្រោយ​ទម្លាក់​ដា​ណឺ​ម៉ា​កដោយ​បាល់​ប៉េ​ណា​ល់​ទី​
02, Jul 2018 , 9:37 am        
រូបភាព
ពលរដ្ឋក្រូអាស៊ី នៅក្រុង Zagreb អបអរជ័យ​ជម្នះក្រុមខ្លួន​លើ​ដាណឺម៉ាក។ រូបថត AFP
ពលរដ្ឋក្រូអាស៊ី នៅក្រុង Zagreb អបអរជ័យ​ជម្នះក្រុមខ្លួន​លើ​ដាណឺម៉ាក។ រូបថត AFP
ដោយ: រួបរួម
​ក្រូ​អាស៊ី បាន​ឈានទៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ FIFA World Cup 2018 ដោយសារ​ឈ្នះ​ដា​ណឺ​ម៉ាក ក្នុងការ​ប្រកួត​ដែល​សម្រេច​ដោយ​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​។ ជំនួប​នៅលើ​ទីលាន Nizhny Novgorod Stadium បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ ក្រោយ​ដំណើរការ​អស់​១២០​នាទី ទីបំផុត​ក្រូ​អាស៊ី ជា​អ្នក​កក់​កៅអី​ទៅ​វគ្គ​បន្ត​ជាមួយនឹង​លទ្ធផល ៣-២ នៃ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​។​



អត្ថបទទាក់ទង
 
​ការ​ស៊ីសង​គ្នា ១-១ កើតឡើង​តែ​ក្នុងអំឡុង​៤​នាទី​ដំបូង​ប៉ុណ្ណោះ​។ កែ​បាល់​ចាប់ផ្តើម​ការប្រកួត​ភ្លាម ពោលគឺ​មិន​ដល់​១​នាទី​ស្រួលបួល​ផង Mithias Joergensen រកបាន​គ្រាប់​បាល់​នាំមុខ​សម្រាប់​ដា​ណឺ​ម៉ាក ហើយ​៣​នាទី​ក្រោយមក Mario Mandzukic វាយបក​តាម​ស្មើ​វិញ​។​
 
​លទ្ធផល​ត្រូវបាន​រក្សា​រហូតដល់​៩០​នាទី​។ ឈានដល់​នាទី​១១៥ Mithias Joergensen បានធ្វើ​ឲ្យ Ante Rebic ដួល​ក្នុង​ប្រអប់​គ្រោះថ្នាក់ ប៉ុន្តែ​ឱកាស​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​របស់ Luka Modric ដើម្បី​នាំមុខ ២-១ សម្រាប់​ក្រូ​អាស៊ី ត្រូវបាន​រារាំង​ដោយ​អ្នកចាំទី​ដា​ណឺ​ម៉ាក Kasper Schmeichel​។​
 
​ឈានដល់​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​កំណត់​ឈ្នះ​-​ចាញ់ ក្រូ​អាស៊ី ឈ្នះ ៣-២ ដោយ Andrej Kramaric, Luka Modric និង Ivan Rakitic ធ្វើបាន​សម្រេច​សម្រាប់​ក្រូ​អាស៊ី បើទោះបីជា Milan Badelj និង Josip Pivaric  ធ្វើ​មិន​សម្រេច​ក៏ដោយ​។ សម្រាប់​ដា​ណឺ​ម៉ាក មានតែ Simon Kjaer និង Michael Krohn-Dehli ប៉ុណ្ណោះ​ដែល​សម្រេច​ផល ខណៈ Christian Eriksen, Lasse Schoene និង Nicolai Joergensen រង​នូវ​ការខកចិត្ត​។​
 
​ជ័យជម្នះ​ក្នុងជំនួប​ដ៏​តឹងតែង​នេះ នាំ​ឲ្យ​ក្រូ​អាស៊ី ឡើងទៅ​ជួប​ម្ចាស់ផ្ទះ​រុស្ស៊ី នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​។ រុស្ស៊ី ក៏​ទទួលបាន​កៅអី​ដោយសារ​ការ​ឈ្នះ​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​លើ​អេ​ស្ប៉ា​ញ​ផងដែរ​៕

Tag:
 FIFA World Cup
 
© រក្សាសិទ្ធិដោយ thmeythmey.com