អន្តរជាតិ
ម៉ិកស៊ិកបោះឆ្នោតរើសបានប្រធានាធិបតីថ្មី ឯលោក ត្រាំ ទំនងចង់ទារលុយថ្លៃជញ្ជាំងព្រំដែនជាថ្មីទៀត
× អ្នកនយោបាយឆ្វេងនិយមនិងជាអភិបាលក្រុងម៉ិកស៊ិកលោក Andres Manuel Lopez Obrador ជាប់ឆ្នោតជាប្រធានាធិបតីម៉ិកស៊ិក ក្រោយការបោះឆ្នោតនៅចុងសប្តាហ៍កន្លងទៅនេះ។ សេតវិមានអាមេរិកប្រធានាធិបតីលោក ដូណាល់ ត្រាំ ខ្លួនត្រៀមជួប និងស្វាគមន៍មេដឹកនាំម៉ិកស៊ិកថ្មីហើយ។ មេដឹកនាំអាមេរិកនេះត្រៀមទារលុយថ្លៃសង់ជញ្ជាំងតាមព្រំដែនផងក៏ថាបាន។
ថ្ងៃអាទិត្យទី ១ ខែកក្កដា ប្រជាជនម៉ិកស៊ិកនាំគ្នាបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងតំណាងរាស្ត្រថ្នាក់តំបន់និងថ្នាក់ជាតិផង។ តាមលទ្ធផលបណ្តោះអាសន្នលោក Andres Manuel Lopez Obrador ដែលជាអ្នកនយោបាយបក្សឆ្វេងនិយមចលនាផ្លាស់ប្តូរជាតិឡើងវិញ (National Regeneration Movement) នោះឈ្នះឆ្នោតជាប្រធានាធិបតី។
លទ្ធផលបណ្តោះអាសន្នចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP បង្ហាញថា លោក Lopez Obrador ទទួលបានសំឡេងគាំទ្រប្រហែល ៤៩ ភាគរយ ខណៈគូប្រជែងលោកពីរនាក់ផ្សេងទៀតដូចជាលោកRicardo Anaya មកពីបក្សសកម្មភាពជាតិ (National Action Party)បានទទួលសំឡេង ២៧ ភាគរយ និងលោក José Antonio Meade បេក្ខជនបក្សកាន់អំណាច បដិវត្តន៍ស្ថាប័ន (Institutional Revolutionary ) ទទួលបានត្រឹម ១៨ ភាគរយប៉ុណ្ណោះ។
តាមពិតទៅ លោក Lopez Obrador មានគោលនយោបាយតឹងរ៉ឹងលើការប្រឆាំងអំពើពុករលួយដែលកំពុងរីកដុះដាលខ្លាំងក្នុងសង្គមម៉ិកស៊ិកដែលជាប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទីពីរនៅអាមេរិកឡាទីនផងដែរបច្ចុប្បន្ន។ ក្រៅពីពុករលួយ បញ្ហាគ្រឿងញៀន និងបទឧក្រិដ្ឋក៏ជាបញ្ហាធំសម្រាប់អ្នកនយោបាយនេះដោះស្រាយដែរ។
ចំណែកពាក់ព័ន្ធនឹងគោលនយោបាយការបរទេសនិងសេដ្ឋកិច្ចវិញ ក្នុងការឃោសនាបោះឆ្នោតកន្លងមកបេក្ខជនប្រធានាធិបតីទាំងអស់រួមទាំងលោក Lopez Obrador សុទ្ធតែគាំទ្រកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង(NAFTA) ព្រោះគេរំពឹងថា វានឹងជួយជំរុញការលូតលាស់នៃសេដ្ឋកិច្ច។ ប៉ុន្តែកិច្ចព្រមព្រៀងនេះស្ថិតក្នុងការចរចាយ៉ាងតឹងតែងដោយសាររដ្ឋបាលអាមេរិកបច្ចុប្បន្នមិនពេញចិត្ត។
លោក Lopez Obrador ក៏រំពឹងចង់ពង្រឹងទំនាក់ទំនងជាមិត្តជិតខាងខ្លួនសហរដ្ឋអាមេរិកដែរ។ ប៉ុន្តែទោះជាបែបនេះក្តីលោកមិនពេញចិត្តប្រធានាធិបតី ដូណាល់ ត្រាំឡើយ។ លោកធ្លាប់បានបញ្ជក់ហើយថា ម៉ិកស៊ិកនៅតែបន្តប្រឆាំងនឹងនយោបាយសំឡុតគំរាមរបស់អាមេរិកដាក់ប្រទេសជិតខាងដូចគ្នា។
លោក ត្រាំ ត្រៀមទារលុយថៃ្លសង់ជញ្ជាំងព្រំដែន?
ថ្ងៃអាទិត្យម្សិលមិញ ទីប្រឹក្សាសន្តិសុខអាមេរិកលោក ចន បុលតុន បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ប្រធានាធិបតី ត្រាំ រង់ចាំជួប និងស្វាគមន៍សមភាគីម៉ិកស៊ិក ហើយលោកក៏រំពឹងទទួលបានលទ្ធផលផ្លែផ្កាច្រើនក្នុងជំនួបពិភាក្សានេះដែរ។
ចំណែកលោក ត្រាំ ក៏បានបង្ហោសារអបអរសាទរលោក Lopez Obrador តាមគណនី twitter ផ្លូវការបស់ខ្លួនដែរនៅថ្ងៃអាទិត្យ ក្រោយលទ្ធផលបោះឆ្នោតបង្ហាញថាលោក Lopez Obrador ឈ្នះឆ្នោតនិងឈានទៅកាន់តំណែងជាប្រធានាធិបតីថ្មីនោះ។ លោក ត្រាំ រំពឹងសហការជាមួយមេដឹកនាំថ្មីរបស់ម៉ិកស៊ិក និងសម្រេចប្រយោជន៍រួមគ្នាកាន់តែច្រើនផងដែរ។
លោកបាននិយាយដូច្នេះ៖« សូមអបអរសាទរលោក Lopez Obrador ដែលបានក្លាយជាប្រធានាធិបតីថ្មីរបស់ម៉ិកស៊ិក។ ខ្ញុំទន្ទឹងរង់ចាំធ្វើការងារជាមួយលោកផង។ វាមានរឿងច្រើនដែលត្រូវសម្រេចដើម្បីប្រយោជន៍ប្រជាជនយើងទាំងពីរអាមេរិក និងម៉ិកស៊ិក»។
វាមិនទាន់មានព័ត៌មានណាមួយបញ្ជាក់ពីជំនួបនៅពេលខាងមុខរវាងមេដឹកនាំប្រទេសជិតខាងទាំងពីរឡើយ ប៉ុន្តែគេរំពឹងថាវានឹងកើតឡើងឆាប់ៗ។ យ៉ាងណាក៏ដោយ គេដឹងច្បាស់ថា លោក ត្រាំ ទំនងចង់ជួបមេដឹកនាំថ្មីរបស់ម៉ិកស៊ិកដើម្បីជជែករឿងឱនភាពពាណិជ្ជកម្ម និងបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់ដែលឆ្លងដែនចូលអាមេរិកតាមប្រទេសម៉ិកស៊ិក។
លោក ត្រាំ នៅតែចិញ្ចឹមចិត្តចង់សង់ជញ្ជាំងតាមព្រំដែនដើម្បីដោះស្រាយបញ្ហានេះ និងចង់ទាមទារឲ្យម៉ិកស៊ិកបង់លុយលើការចំណាយសាងសង់ថែមទៀតផង។ ប៉ុន្តែតាំងពីឡើងកាន់តំណែងរហូតមកដល់បច្ចុប្បន្ន លោក ត្រាំ មិនដែលបានចម្លើយវិជ្ជមានពីភាគីម៉ិកស៊ិកឡើយ ព្រោះប្រធានាធិបតីផុតអាណត្តិលោក Enrique Peña Nieto បានប្រកាសច្បាស់លាស់ថា ទោះបែបណាក៏ដោយ ម៉ិកស៊ិកមិនបង់លុយជាដាច់ខាត៕
Tag:
ម៉ិកស៊ិក
អាមេរិក
Andres Manuel Lopez Obrador
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com