អន្តរជាតិ
កាណាដា​យកពន្ធ​សងសឹក​លើ​ទំនិញ​របស់​សហរដ្ឋអាមេរិក​
02, Jul 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​ការយកពន្ធ​សងសឹក​របស់​ប្រទេស​កាណាដា​លើ​ទំនិញ​របស់​សហរដ្ឋអាមេរិក​នឹង​ចាប់ផ្ដើម​ចូល​ជាធរ​មាននៅ​ថ្ងៃអាទិត្យ​ទី ១ ខែកក្កដា នេះ បន្ទាប់ពី​រដ្ឋបាល​រប​ស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​យក​ពន្ធគយ​ថ្មី​លើ​ទំនិញ​ដែកថែប និង​អាលុយមីញ៉ូម​របស់​កាណាដា​។​



​ការិយាល័យ​របស់​នាយ​ក​រដ្ឋមន្ត្រី​កាណាដា​លោក Justin Trudeau បានបញ្ជាក់​នៅក្នុង​សេចក្ដីប្រកាស​មួយ​ថា លោក Trudeau «​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការប្រកាស​ពី​វិធានការ​សងសឹក​ប្រឆាំង​តបត​វិញ​ចំពោះ​ការយក​ពន្ធគយ​ថ្មី​របស់​សហរដ្ឋអាមេរិក​លើ​ទំនិញ​ដែល​ថែប និង​អាលុយមីញ៉ូម ដែល​បានដាក់​លើ​កាណាដា​កាលពី​ថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០១៨ ន‍េះ​»​។​

​លោក Trudeau និង​លោក Trump បាន​ពិភាក្សា​ជាមួយគ្នា​តាម​ទូរ​សព្ទ​កាលពី​ថ្ងៃ​សុក្រ​អំពី​ពាណិជ្ជកម្ម និង​បញ្ហា​សេដ្ឋកិច្ច​ផ្សេងៗ​ទៀត​។ នេះ​បើតាម​ការបញ្ជាក់​របស់​សេត​វិមាន​ប្រធានាធិបតី​អាមេរិក​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​។​

​បើ​យោងតាម​ការិយាល័យ​រប​ស់លោក Trudeau «​មេដឹកនាំ​ទាំងពីរ​បាន​ឯកភាពគ្នា​នៅក្នុង​ការទាក់ទង​គ្នា​ឲ្យ​បាន​ជិតស្និទ្ធ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ន‍េះ​»​។​

​លោក Trudeau ក៏បាន​ពិភាក្សា​ផងដែរ​ជាមួយនឹង​ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​កលោក Enrique Pena Neito អំពី​ការឆ្លើយតប​របស់​ប្រទេស​កាណាដា​ចំពោះ​ការយក​ពន្ធគយ​ថ្មី​របស់​សហរដ្ឋអាមេរិក​។​

​ទំនិញ​របស់​សហរដ្ឋ​អាមេរិក​ដែល​កាណាដា​យកពន្ធ​គយ​ថ្មី​គឺ​ទំនិញ​ទឹក​ប៉េងប៉ោះ ម៉ាស៊ីន​កាត់​ស្មៅ និង​កាណូត​។​

​រដ្ឋមន្ត្រីការបរទេស​កាណាដា​លោកស្រី Chrystia Freeland បាន​និយាយថា ការយក​ពន្ធគយ​នេះ​គឺជា​រឿង​ដែល​គួរ​ឲ្យ​សោកស្ដាយ​។ ប៉ុន្តែ​លោកស្រី​បាន​បន្ថែមថា ប្រទេស​កាណាដា «​នឹងមិន​ពង្រីក​ការយក​ពន្ធគយ​ថ្មី​នេះ​បន្ថែមទៀត ក៏ដូចជា​មិន​ឈប់​យក​ពន្ធគយ​ថ្មី​ដែល​បានសម្រេច​រួចហើយ​នេះនោះ​ទ‍េ​»៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com