រថយន្ត
អន្តរជាតិ
ការសិក្សា​៖ រថយន្ត​អគ្គិសនី​២១​លាន​គ្រឿង​នឹង​លក់ដាច់​នៅលើ​ទីផ្សារ​គិត​ត្រឹម​ឆ្នាំ​២០៣០
02, Jul 2018 , 8:39 pm        
រូបភាព
ដោយ: ធីតា
​ការសិក្សា​មួយ​របស់​ក្រុមហ៊ុន​សវនកម្ម​បារាំង Mazars ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ HIS Markit បានបង្ហាញ​ឲ្យ​ឃើញ​ពី​និន្នាការ​ផ្សេងៗ​គ្នា​លើ​ដំណើរការ​យានយន្ត​អគ្គិសនី​ជាស​កល​នាពេល​អនាគត​។ តួលេខ​ដ៏​វិជ្ជមាន​មួយ បង្ហាញថា ពីនេះ​រហូតដល់​ឆ្នាំ​២០៣០ រថយន្ត​អគ្គិសនី​ចំនួន​២១​លាន​គ្រឿង នឹងត្រូវ​បាន​លក់​ចេញ​នៅលើ​ទីផ្សារ​ទូទាំង​ពិភពលោក​។​



«​បច្ចុប្បន្ន រថយន្ត​អគ្គិសនី​ត្រូវបាន​លក់​ចេញ​នៅ​ប្រទេស​ចំនួន​១០​ប៉ុណ្ណោះ​លើ​ពិភពលោក ពោលគឺ​៩៥​ភាគរយ ដែលមាន​វត្ត​មាននៅ​ចិន សហរដ្ឋអាមេរិក ជប៉ុន កាណាដា ន័​រវេ​ស ចក្រភព​អង់គ្លេស បារាំង អាល្លឺម៉ង់ ហូ​ឡង់ និង​ស៊ុយអែត​»​។ នេះ​បើតាម​ការគូសបញ្ជាក់​ក្នុង​របាយការណ៍​សិក្សា​ដែលមាន​ឈ្មោះថា «Sustainable Mobility: Navigating the Land of Disruption»​។​

​លោក Gregory Derouet អ្នកដឹកនាំ​ម្នាក់​របស់​ក្រុមហ៊ុន Mazars បាន​គូសបញ្ជាក់ថា វិស័យ​យានយន្ត​បច្ចុប្បន្ន ទទួលបាន​នូវ​ការយកចិត្តទុកដាក់​ខ្លាំង​លើ​ការច្នៃប្រឌិត និង​ប្រព័ន្ធ​សុវត្ថិភាព ដូច្នេះ​ទីផ្សារ​រថយន្ត​អគ្គិសនី​ច្បាស់​ជា​ត្រូវប៉ាន់ បើទោះបី​បណ្តា​ប្រទេសមួយ​ចំនួន​មិន​ឆ្លើយតប​ទៅនឹង​លក្ខខណ្ឌ​ជាក់ស្តែង​ក៏ដោយ​។​



​នៅ​បារាំង រថយន្ត​អគ្គិសនី ៣៦ ៨៣៥​គ្រឿង​ត្រូវបាន​លក់​ចេញ​នៅ​ឆ្នាំ​២០១៧ ដោយ​កើនឡើង​២៦.២​ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៦ ។ ក្នុង​តំបន់​អឺរ៉ុប បារាំង​ស្ថិតនៅ​ចំណាត់ថ្នាក់​បន្ទាប់ពី​ន័​រវេ​ស អាល្លឺម៉ង់ និង​អង់គ្លេស ដែល​រដ្ឋាភិបាល​មាន​គោលការណ៍​ជុំរុញ​ការច្នៃប្រឌិត​ថ្មី​។​

​ការសិក្សា «Sustainable Mobility: Navigating the Land of Disruption» ក៏បាន​ផ្តោត​លម្អិត​លើ​ការវិវត្ត​ចុងក្រោយ​របស់​ប្រទេស​មួយចំនួន​ក្នុងការ​ប្រើប្រាស់​យានយន្ត​អគ្គិសនី​ផងដែរ ដែល​ក្នុងនោះ​មាន​ចក្រភព​អង់គ្លេស ចិន បណ្តា​ប្រទេស​នៅ​អាមេរិក​ខាងជើង បារាំង អាល្លឺម៉ង់ ឥណ្ឌា និង​ប៉ូឡូញ ជាដើម​៕







© រក្សាសិទ្ធិដោយ thmeythmey.com