អន្តរជាតិ
មេ​បាតុកម្ម​ថៃ​លោក ស៊ូ​ថេប ប្រកាស​ចូល​នយោបាយ​ជាថ្មី និង​ត្រៀម​គាំទ្រ​លោក ប្រា​យុទ្ធ​
02, Jul 2018 , 11:19 pm        
រូបភាព
​អ្នកនយោបាយ​ចាស់វស្សា និង​ជា​អ្នកគាំទ្រ​រាជ្យ​ប​ល្ល័​ង្គ ស៊ូ​ថេប ថង​ស៊ូ​បាន (Suthep Thaugsuban) បាន​បង្ហាញមុខ​ជាថ្មីទៀត​ហើយ​ក្នុង​ឆាកនយោបាយ​ថៃ​។ ចូល​ឆាកនយោបាយ​លើក​នេះ លោក ស៊ូ​ថេប បង្កើត​បក្សនយោបាយ​ថ្មី​មួយ​ដើម្បី​គាំទ្រ​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា​ជា​នាយករដ្ឋមន្ត្រី​រដ្ឋាភិបាល​ស៊ីវិល​ផង​។



​ក្រោយ​បញ្ចប់​អាជីព​នយោបាយ និង​សាង​ផ្នួស​នៅ​ឆ្នាំ ២០១៥ លោក ស៊ូ​ថេប មេដឹកនាំ​បាតុកម្ម​ថៃ​ដ៏​មាន​ឥទ្ធិពល​បានបង្ហាញ​មុខជា​ថ្មី​ដោយ​លោក​ប្រកាសថា លោក​ត្រឡប់​ចូល​ឆាកនយោបាយ​ថៃ​វិញ​ហើយ​នៅពេលនេះ​។​

​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ស៊ូ​ថេប អ្នកនយោបាយ​វ័យ ៦៨​ឆ្នាំ​បាន​អះអាងថា លោក​នឹងចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ដែល​នឹងត្រូវ​រៀបចំឡើង​ចន្លោះ​ពី​ខែកុម្ភៈ​ដល់​ខែឧសភា​ឆ្នាំក្រោយ​។ គណបក្សនយោបាយ​ថ្មី​មួយ​ត្រូវ​បង្កើតឡើង​ដែល​ជួយ​ឃោសនា​រក​សំឡេងគាំទ្រ​ឲ្យ​របប​សឹក​បច្ចុប្បន្ន​ដែលមាន​លោក ប្រា​យុទ្ធ ជា​មេដឹកនាំ​ផង​។​

​បក្ស​ថ្មី​ដែល​លោក ស៊ូ​ថេប ដឹក​នេះ​មាន​ឈ្មោះថា សម្ព័ន្ធ​សកម្មភាព​ដើម្បី​ប្រទេស​ថៃ (Action Coalition for Thailand)​។ បក្ស​នេះ​ទើបតែ​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ខែឧសភា​ឆ្នាំ ២០១៨ នេះ​ប៉ុណ្ណោះ ហើយ​បក្ស​នេះ​រំពឹង​ទទួលបាន​ការគាំទ្រ​ពីស​ត្រូវ​បក្ស​ភឿ​ថៃ និង​ប្រជាជន​វណ្ណៈ​កណ្តាល​នៅ​ក្រុង​បាងកក​ដូចគ្នា​។

​លោក ស៊ូ​ថេប និយាយ​បែបនេះ​៖« លោក​ប្រា​យុទ្ធ ជា​មនុស្ស​ល្អ មិន​ពុករលួយ ប្រឹងប្រែង ហើយ​គាត់​ក៏​ទទួលបាន​ការជឿទុកចិត្ត​ពី​ប្រជាជន និង​ស្មោះត្រង់​នឹង​រាជបល្ល័ង្គ​ទៀតផង​។ ដូច្នេះហើយ ខ្ញុំ​លើកទឹកចិត្ត​គាត់ បើ​គាត់​ជោគជ័យ​ច្រើន ប្រទេស​យើង​ក៏​ប្រសើរ​ដែរ​»​។

​ក្រៅពី​សរសើរ​លោក ប្រា​យុទ្ធ ស៊ូ​ថេប បា​នះ​អាង​ច្បាស់​ថា លោក​គ្មាន​មហិច្ឆតា​ចង់បាន​តំណែង​ណាមួយ​ក្នុង​រដ្ឋាភិបាល​ថ្មី​ឡើយ បើសិនជា​បក្ស​លោក​ជាប់ឆ្នោត​នោះ​។​
​តាមពិតទៅ​ការ​ត្រឡប់​ចូល​នយោបាយ និង​ចូល​ប្រកួត​ដើម្បី​របប​សឹក​របស់​អ្នកនយោបាយ​ចាស់វស្សា​រូបនេះ​ជា​ជំនួយ​ធំ​បំផុត​សម្រាប់​លោក ប្រា​យុទ្ធ ដែល​កំពុង​សំឡឹង​ឃើញ​តំណែង​នាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ស៊ីវិល​នោះ​។​

 ទាំង​លោក ស៊ូ​ថេប និង​របប​សឹក​ថៃ​បច្ចុប្បន្ន​មាន​គោលដៅ​តែមួយ គឺ​ធ្វើយ៉ាងណា​ជម្រះ​កម្អែល​និង​ឥទ្ធិពល​របស់​គ្រួសារ​ត្រកូល​ស៊ីណា​វ៉ា​ត់​ឲ្យ​អស់ពី​សង្គម​ថៃ ហើយ​ការ​ចាប់ដៃគ្នា​នេះ​នឹង​ជួយ​ទាញ​សន្លឹកឆ្នោត​បាន​ក្រាស់ក្រែល​ផង​ក៏​មិនដឹង​។ 

​សូម​រម្លឹក​បន្តិច​ថា លោក ស៊ូ​ថេប ធ្លាប់​ធ្វើជា​ឧបនាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ដឹកនាំ​ក្រោយ​រដ្ឋប្រហារ​ទម្លាក់​លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ ឆ្នាំ ២០០៦​។ លោក​ក៏​ជា​មនុស្ស​សំខាន់​ដែល​ទទួលខុសត្រូវ​លើ​ការបង្ក្រាប​យ៉ាង​សាហាវ​ឃោ​ឃៅ​លើ​ចលនា​បាតុកម្ម​ក្រុម​អាវ​ក្រហម​គាំទ្រ​លោក ថាក់ស៊ីន នៅក្នុង​ឆ្នាំ ២០១០​ផងដែរ​។  នៅក្នុង​ឆ្នាំ ២០១១ ទៀត​លោក ស៊ូ​ថេប លេចមុខ​ទៀត​ដោយ​ដឹកនាំ​ចលនា​បាតុកម្ម​ប្រឆាំង​របប​ដឹកនាំ​របស់លោក​ស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ និង​បង្ក​ភាពចលាចល​នៅក្នុង​ប្រទេស​រហូត​មាន​រដ្ឋប្រហារ​យោធា​ដឹកនាំ​ដោយ​លោក ប្រយុទ្ធ​ក្នុង​ឆ្នាំ ២០១៤ នេះ​ទៀតផង​៕



Tag:
 ​ប្រា​យុទ្ធ ចន្ទ​អូ​ចា​
 ​ស៊ូ​ថេប ថង​ស៊ូ​បាន​
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com