សុខ​ផេង រកបាន​គ្រាប់​បាល់​ឲ្យ​ក្លិប​ថ្មី ខណៈ​មុន្នី​ឧ​ត្ត​ម និង​វឌ្ឍនាកា បង្ហាញខ្លួន​ឡើងវិញ​ឲ្យ​ក្លិប​ចាស់​

កីឡាជាតិ
ជាតិ
សុខ​ផេង រកបាន​គ្រាប់​បាល់​ឲ្យ​ក្លិប​ថ្មី ខណៈ​មុន្នី​ឧ​ត្ត​ម និង​វឌ្ឍនាកា បង្ហាញខ្លួន​ឡើងវិញ​ឲ្យ​ក្លិប​ចាស់​
03, Jul 2018 , 6:59 am         640
រូបភាព
រូបភាពពីហ្វេសប៊ុក CNCC
រូបភាពពីហ្វេសប៊ុក CNCC
​ខ្សែប្រយុទ្ធ​ឆ្នើម ចាន់ វឌ្ឍនាកា​, កែវ សុខ​ផេង និង​ខ្សែបម្រើ ប្រាក់ មុន្នី​ឧ​ត្ត​ម សុទ្ធតែ​បានបង្ហាញ​ខ្លួន​ជាមួយ​ក្លិប​រៀងៗ​ខ្លួន សម្រាប់​ការប្រកួត​បើកឆាក​ជើង​ទី​២​នៃ​ពានរង្វាន់​បាល់ទាត់​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គ​ក្នុង​សប្តាហ៍​ទី​១២​។ ប៉ុន្តែ​ក្នុងចំណោម​ពួកគេ មានតែ​កែវ សុខ​ផេង ប៉ុណ្ណោះ ដែល​បាន​រក​គ្រាប់​បាល់​ជូន​ក្លិប​សម្រាប់​ការបង្ហាញ​ខ្លួន​លើកដំបូង​នេះ​។ បឹងកេត​បាន​បន្ត​ឈរ​កំពូល​តារាង ក្រោយ​យកឈ្នះ​អាស៊ី​អឺរ៉ុប ៤-០ ខណៈ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​របស់ ប្រាក់ មុន្នី​ឧ​ត្ត​ម ចាញ់​ណាហ្គា​វើ​ល ៤-០​។



​កីឡាករ​ឆ្នើម​៣​រូប​រួមមាន កែវ សុខ​ផេង​, ចាន់ វឌ្ឍនាកា និង ប្រាក់ មុន្នី​ឧ​ត្ត​ម ដែល​បាន​ចុះកិច្ចសន្យា​លេង​ឲ្យ​ក្លិប​ក្នុង​ក្របខណ្ឌ​កំពូល​កម្ពុជា ក្រោយ​ចាក​ចេញពី​ក្លិប​កំពូល​ម៉ាឡេស៊ី សុទ្ធតែ​បានបង្ហាញ​ខ្លួន​លើ​ទីលាន​ជាមួយ​ក្លិប​រៀងៗ​ខ្លួន សម្រាប់​ការប្រកួត​ពានរង្វាន់​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គ​សប្តាហ៍​ទី​១២​។ មានតែ​ខ្សែប្រយុទ្ធ កែវ សុខ​ផេង ប៉ុណ្ណោះ ដែល​បានសម្រេច​គ្រាប់​បាល់​ជូន​ក្រុម​សម្រាប់​ការបង្ហាញ​ខ្លួន​លើកដំបូង​នេះ ខណៈ វឌ្ឍនាកា និង មុន្នី​ឧ​ត្ត​ម បាន​ត្រឹម​ផ្គាប់ចិត្ត​អ្នកគាំទ្រ ដែល​ទន្ទឹងរង់ចាំ​ចង់ឃើញ​ការបង្ហាញ​ខ្លួន​របស់​ពួកគេ​តែប៉ុណ្ណោះ​។​

​ក្រុម​បឹងកេត​បាន​បន្ត​ឈរ​កំពូល​តារាង​បណ្តោះអាសន្ន​ជាមួយ​៣០​ពិន្ទុ ក្រោយ​យកឈ្នះ​ក្រុម​អាស៊ី​អឺរ៉ុប​ក្នុង​លទ្ធផល ៤-០ នា​ការប្រកួត​បើក​ជើង​ទី​២​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ទី​៣០ មិថុនា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ប៉ុន្តែ​ជ័យជម្នះ​នេះ មិនមាន​ការរួមចំណែក​ពី​ខ្សែប្រយុទ្ធ​ឆ្នើម ចាន់ វឌ្ឍនាកា ដែល​ដូរ​ចូល​ជំនួស​កីឡាករ ម៉ាត់ យ៉ា​មីន នៅ​នាទី​ទី​៦៣​នោះទេ​។

​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Julius Oiboh បា​នរក​គ្រាប់​បាល់​នាំមុខ សម្រាប់​បឹងកេត​នៅ​នាទី​ទី​២៦ ក្រោយ​ការបញ្ជូន​របស់​មិត្ត​រួម​ជាតិ Samuel Gbenga Ajayi​។ នៅ​ចុង​តង់​ទី​១ ខ្សែប្រយុទ្ធ​រូប​បានសម្រេច​១​គ្រាប់​បន្ថែម ឲ្យ​បឹងកេត​នៅ​នាទី​ទី​៤៤​។ នៅ​នាទី​ទី​៥៧ កីឡាករ លី មី​ហ្សា​ន បាន​លើក​បាល់​យ៉ាង​ល្អ ឲ្យ Maycon តែ​ត​បញ្ជូន​ទី​សម្រេច​គ្រាប់​ទី​៣​សម្រាប់​បឹងកេត​។ បន្ទាប់មក​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល​រូបនេះ សម្រេចបាន​១​គ្រាប់​បន្ថែម​ដោយ​ការទា​ត់បាល់ Free Kick ក្រោយ​ខ្សែការពារ​ធ្វើ​ឲ្យ​កីឡាករ ចាន់ វឌ្ឍនាកា ដួល ដើម្បី​នាំ​ជ័យជម្នះ ៤-០ សម្រាប់​បឹងកេត​។  

​សម្រាប់​ការប្រកួត​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ដែលមាន​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម ស្ថិតក្នុង​ជម្រើស​១១​នាក់​ដំបូង ត្រូវបាន​ក្រុម​ភ្ញៀវ​ណាហ្គា​វើ​ល​លត់​ក្នុង​លទ្ធផល ៤-០ ដោយ​គ្រាប់​បាល់​ជ័យជម្នះ​របស់​ណាហ្គា​វើ​ល​មានការ​រួមចំណែក​ម្នាក់​ពីរ​គ្រាប់​របស់​កីឡាករ Bisan George និង Sung Chi-hoon​។ ជ័យជម្នះ​បាន​ជួយ​ឲ្យ​ណាហ្គា​វើ​ល​បន្ត​ឈរ​លេខ​រៀង​ទី​២​ជាមួយ​២៨​ពិន្ទុ​។

​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប ក្រុម​ភ្ញៀវ​ភ្នំពេញ​ក្រោ​ន​បាន​យកឈ្នះ​ក្រុម​សូល​ទី​ឡូ​អង្គរ​ក្នុង​លទ្ធផល ២-១ ដើម្បី​បន្ត​ឈរ​លេខ​រៀង​ទី​៥​មាន​២១​ពិន្ទុ​។ កីឡាករ Valci Junior បានសម្រេច​គ្រាប់​បាល់​នាំមុខ​សម្រាប់​ភ្នំពេញ​ក្រោ​ន​នៅ​នាទី​ទី​៦៧ មុន​កីឡាករ Debiro Dzarma Bata សម្រេច​គ្រាប់​បាល់​តាម​ស្មើ ១-១ នៅ​នាទី​ទី​៨១ ដោយ​បាល់​ពិន័យ​១១​ម៉ែត្រ​។ នៅ​នាទី​បន្ថែ​មតង់​ទី​២​កីឡាករ យ៉ើ ម៉ូ​ស្លី​ម សម្រេច​គ្រាប់​ជ័យជម្នះ ២-១ សម្រាប់​ភ្នំពេញ​ក្រោ​ន​។

​សម្រាប់​ការប្រកួត​នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា​កាលពី​ថ្ងៃអាទិត្យ​ទី​១ កក្កដា ក្រុម​ចំណូល​ថ្មី​វិសាខា​បាន​យកឈ្នះ​ម្ចាស់ផ្ទះ​អគ្គិសនី​កម្ពុជា ៤-០ ដើម្បី​បន្ត​ឈរ​លេខ​រៀង​ទី​៣​ជាមួយ​២៦​ពិន្ទុ​។ ជ័យជម្នះ​របស់​វិសាខា ពីរ​គ្រាប់​សម្រេច​ដោយ​កីឡាករ​របស់​អគ្គិសនី​តាមរយៈ​ការធ្វើ​ឲ្យ​ចូល​ទី​ខ្លួនឯង​របស់​កីឡាករ រី ភា​រុន និង មូល ដា​រ៉ា​វ័​ន្ត នៅ​នាទី​ទី​៤​និង​១៨​។ ក្រោយមក​នៅ​នាទី​ទី​៣៧ ខ្សែប្រយុទ្ធ កែវ សុខ​ផេង បានសម្រេច​គ្រាប់​ទី​៣ មុន​ខ្សែប្រយុទ្ធ Cheo Myong-ho សម្រេច​គ្រាប់​ចុងក្រោយ​នៅ​នាទី​ទី​៧៩​។

​ក្រុម​ក្រសួងការពារជាតិ​បាន​បន្ត​ឈរ​លេខ​រៀង​ទី​៤​មាន​២៤​ពិន្ទុ ក្រោយ​យកឈ្នះ​អង្គ​រថា​យ​ហ្គឺ​រ​ក្នុង​លទ្ធផល ២-០ នា​ការប្រកួត​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​។ ដោយ​ពីរ​គ្រាប់​នេះ សម្រេច​ដោយ​ប្រធាន​ក្រុម រ៉ឹង ប៊ុន​ហៀ​ង នៅ​នាទី​ទី​៩ និង​៨៧​។ ចំណែក​ការប្រកួត​នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន​ភ្នំពេញ ក្រុម​ភ្ញៀវ​អគ្គស្នងការ​នគរបាល​ជាតិ បានធ្វើ​ម្ចាស់ផ្ទះ​វេ​ស្ទើ​ន​ភ្នំពេញ រង​ការខកចិត្ត​ជា​លើក​ទី​១២ តាមរយៈ​ការយក​ឈ្នះ​ក្នុង​លទ្ធផល ៤-០​។ ជ័យជម្នះ​នេះ សម្រេចបាន​ពីរ​គ្រាប់​ម្នាក់ឯង​ដោយ នួន បូរី និង​រួមចំណែក​ម្នាក់​១​គ្រាប់​ពី​កីឡាករ Kim Dongyoo និង Oladipupo Abidun Michael៕   


Tag:
 Cambodian League 2018
  ចាន់ វឌ្ឍនាកា​
  ប្រាក់ មុន្នី​ឧ​ត្ត​ម​
  កែវ សុខ​ផេង
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...1920next