ជាតិ
បាក់ឌុប
អ្នកអង្កេតការណ៍បាក់ឌុបពីACU មានជាង៦ពាន់នាក់
× អ្នកអង្កេតការណ៍ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៧-២០១៨ មានជាង ៦ពាន់នាក់ មកពីអង្គភាពប្រឆាំងអំពើពុករលួយ(ACU)។ សម្រាប់បាក់ឌុបឆ្នាំនេះ ក្រសួងអប់រំ មានគណៈមេប្រយោគជាង ៣ម៉ឺននាក់។ នេះបើតាមលោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអបរំ យុវជន និងកីឡា។
ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២ ខែកក្កដា លោក ហង់ ជួន ណារ៉ុន បញ្ជាក់ថា ក្រសួងអប់រំ នៅតែបន្តឹងការប្រឡងឲ្យខ្លាំងដូចឆ្នាំកន្លងទៅ ដោយបន្តឹងចាប់ពីក្រៅមណ្ឌលប្រឡង ដល់ក្នុងមណ្ឌលប្រឡង គឺមិនអនុញ្ញាតឲ្យបេក្ខជនយកឯកសារ ទូរស័ព្ទ និងឧបករណ៍អេឡិចត្រូនិកមួយចំនួន ចូលក្នុងមណ្ឌលប្រឡងឡើយ។ បើតាមរដ្ឋមន្ត្រីក្រសួងអប់រំ បេក្ខជនរូបណា ដែលបានពិន្ទុសូន្យលើវិញ្ញាសារណាមួយ នឹងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ។
លោក ហង់ ជួន ណារ៉ុន បាននិយាយដូច្នេះថា៖« ចំនួនអ្នកអង្កេតការណ៍ នៅសម័យប្រឡងបាក់ឌុប ថ្ងៃទី២០-២១ ខែសីហាខាងមុខ មានជាង ៦ពាន់នាក់ដែលជ្រើសរើស និងគ្រប់គ្រងដោយអង្គភាពប្រឆាំងអំពើពុករលួយតែម្តង ដើម្បីជួយពង្រឹង និងអនុវត្តន៍ច្បាប់ក្នុងការប្រឡងឲ្យមានប្រសិទ្ធភាព»។
ទោះបីជាមានការរឹតបន្តឹងក្តី ប៉ុន្តែអត្រាសិស្សដែលប្រឡងជាប់មានការកើតឡើង ពី៤០ភាគរយនៅឆ្នាំទី១ រហូតដល់ជាង៦០ភាគរយ នៅពេលបច្ចុប្បន្ន។ ដូច្នេះមានន័យថាសិស្សរៀនចេះជាងមុន។ នេះជាការកត់សម្គាល់របស់រដ្ឋមន្ត្រីអប់រំ។
សូមបញ្ជាក់ថា បេក្ខជនមានឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះដឹងទូទៅ និងបំពេញវិជ្ជា មានចំនួន ១១៧ ,០៦១ នាក់ ក្នុងសម័យប្រឡង ថ្ងៃទី ២០ សីហា ឆ្នាំ ២០១៨ នេះ ។ មណ្ឌលប្រឡងចំនួន១៩៥ មណ្ឌល ចែកចេញជា៤,៧១៦បន្ទប់ នៅរាជធានីខេត្ត ទាំង២៥ ទូទាំងប្រទេស៕
Tag:
អប់រំ
បាក់ឌុប
ហង់ ជួន ណារ៉ុន
ACU
© រក្សាសិទ្ធិដោយ thmeythmey.com