ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ហ៊ុន ម៉ា​នី​៖ «​ជឿថា​ខ្មែរ​អាច​ធើ្វ​បាន​» ជា​ស្មារតី​បន្ត​ពី​ព្រះ​បរម​រតន​កោដ្ឋ និង​សម្តេច ហ៊ុន សែន​
03, Jul 2018 , 11:22 am        
រូបភាព
​ភ្នំពេញ​៖ ទស្សនៈ​«​ជឿថា​ខ្មែរ​ធើ្វ​បាន​» មិនមែន​ថ្មី​ទេ​។ តែ​គឺជា​អ្វីដែល​មេដឹកនាំ​ខ្មែរ​ល្បីៗ​ជំនាន់​មុន និង​ជំនាន់​បច្ចុប្បន្ន​បន្សល់ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​អនុវត្តតាម​។ ក្នុងនាម​ជា​យុវជន​ជំនាន់​ក្រោយ លោក ហ៊ុន ម៉ា​នី ដែល​បច្ចុប្បន្ន​មាន​តួនាទី​ជា​តំណាងរាស្ត្រ​ប្រចាំ​មណ្ឌល​កំពង់ស្ពឺ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​បញ្ជាក់ថា លោក​ត្រូវតែ​បន្ត​ជំរុញ​ទស្សនៈ «​ជឿថា​ខ្មែរ​ធ្វើបាន​» ឲ្យ​ស្ថិតនៅក្នុង​ដួងចិត្ត​យុវជន​ខ្មែរ​ជា​រៀង​ដរាបនា​ពេលអនាគត​។



ការ​ថ្លែង​របស់លោក គឺជា​ការឆ្លើយតប​ទៅនឹង​សំណួរ​របស់លោក គី សុខ​លីម អ្នកសារព័ត៌មាន​អេឡេចត្រូនិក​ថ្មីៗ ក្រោយ​ពេលដែល​ក្រមា​ខ្មែរក្រោម​ការរៀបចំ​ដោយ​កម្មវិធី GoGo Cambodia បាន​បំបែក​ឯតទគ្គ​កម្ម​ការ​ត្បាញ​ក្រមា​ដ៏​វែង​ជាងគេ​លើ​ពិភពលោក​កាលពី​ថ្ងៃអាទិត្យ​ទី​១​កក្កដា​នាពេល​កន្លងមក​។ ខាងក្រោម​នេះ គឺជា​បទ​សម្ភាស​រវាង​លោក គី សុខ​លីម និង​លោក ហ៊ុន ម៉ា​នី កាលពី​ថ្ងៃ​ចន្ទ​ទី​២​ខែកក្កដា​ឆ្នាំ​២០១៨​កន្លងមក​។

​សំឡេង​បទ​សម្ភាស




​ឆ្នាំ​២០១៨​នេះ គឺជា​ខួប​លើក​ទី​៦៥​នៃ​ការទទួល​ឯករាជ្យ​ពី​អាណានិគម​បារាំង​ដោយ​ស្នា​ព្រះ​ហ​ស្ថ របស់​សម្តេច​ព្រះវររាជ​បិតា ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ​។ ប្រទេស​កម្ពុជា​ស្ថិតនៅក្រោម​អាណាព្យាបាល​បារាំង​ពី​ឆ្នាំ​១៨៦៣​ដល់​ឆ្នាំ​១៩៥៣ ពោលគឺ​៩០​ឆ្នាំ​។ ឆ្នាំ​២០១៨ ដដែល​នេះ គឺជា​ខួប​លើក​ទី​២០​ឆ្នាំ​នៃ​ការ​បង្រួម​បង្រួម​ជាតិ​តែមួយ ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច ហ៊ុន សែន ក្នុងការ​កំទេច​អង្គការ​ចាត់តាំង​ខ្មែរក្រហម​ទាំងស្រុង​នៅ​ឆ្នាំ​១៩៩៨​។



​លើសពីនេះទៅទៀត លោក ហ៊ុន ម៉ា​នី ធ្លាប់បាន​លើកយក​តារាង​នៃ​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​របស់​យុវជន​ជំនាន់​មុន​មក​បង្ហាញ​ថែមទៀត ដូចជា​៖ ការបង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុ​កាលពី​៤០​ឆ្នាំមុន ដោយ​យុវជន​មួយក្រុម​ដើម្បី​ផ្តួលរំលំ​របប​វាលពិឃាដ​ប៉ុលពត និង​ជ័យជម្នះ​នៃ​ការចុះឈ្មោះ​ប្រសាទ​ព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​កាលពី​១០​ឆ្នាំមុន​ជាដើម​។

​នៅ​ក្នុងន័យ​ខាងលើនេះ​, ជាពិសេស​ក្រោយ​ពេលដែល​ក្រមា​នៃ​ប្រទេស​កម្ពុជា​បាន​បំបែក​កំណត់ត្រា​ពិភពលោក (World Guinness Record) កាលពី​ថ្ងៃអាទិត្យ​កន្លងមក​, លោក ហ៊ុន ម៉ា​នី ដែល​បច្ចុប្បន្ន​មាន​តួនាទី​ជា​តំណាងរាស្ត្រ​ប្រចាំ​មណ្ឌល​កំពង់ស្ពឺ និង​ជា​ប្រធាន​សហភាព​សហជីព​យុវជន​កម្ពុជា​ផង​នោះ បាន​បញ្ជាក់ថា​៖«​ស្មារតី​ជឿថា​ខ្មែរ​ធ្វើបាន​មិនមែន​ថ្មី​ទេ​។ តែ​ស្មារតី​នេះ បាន​ឆ្លុះបញ្ចាំង​តាំងពី​យូរណាស់​មកហើយ ហើយ​យើង​គ្រាន់តែ​បន្តធ្វើ​»​។ លោក ម៉ា​នី បន្តទៀតថា ការផលិត​ក្រមា​វែង​ជាងគេ​ដែល​ទើប​បំបែក​កំណត់ត្រា​ពិភពលោក​នេះ​បានបញ្ចប់​ទៅ​មែន​។ តែ​«​ស្មារតី​ជឿថា​ខ្មែរ​ធ្វើបាន​»​នឹង​នៅតែ​បន្តទៅ​មុខជា​និច្ច​។ យុវជន​ខ្មែរ​គ្រប់រូប​ត្រូវតែ​បង្ហាញ​សមត្ថភាព បង្ហាញ​ទេពកោសល្យ​ដោយ​ប្រកាន់ខ្ជាប់​នូវ​ទស្សនៈ​«​ស្មារតី​ជឿថា​ខ្មែរ​ធ្វើបាន​»​។



​ជាការ​ឆ្លើយតប​ទៅនឹង​ការរិះគន់​មួយចំនួន​ដែល​លើកឡើងថា យុវជន​គួរ​ចំណាយពេល​គិត ឬ​ធ្វើ​កិច្ចការ​ធំៗ​ជាង​ការផលិត​ក្រមា​នេះ លោក ហ៊ុន ម៉ា​នី បាន​អត្ថាធិប្បាយ​ថា​៖«​កិច្ច​ការមិន​ថា តូច ឬ​ធំ​ទេ ត្រូវតែ​ធ្វើ​ដើម្បី​ជូន​ជាតិ​បន្ថែមទៀត​។ ធ្វើ​គ្រាន់បើ​ជាង​មិន​ធ្វើ​»​។ តំណាងរាស្ត្រ​រូបនេះ បាន​បន្ថែមទៀតថា ការផលិត​ក្រមា​មិនមែន​គ្មាន​ប្រយោជន៍​នោះទេ​។ តែ​ការផលិត​ក្រមា​វែង​ជាងគេ​នេះ​បង្ហាញ​ពី​ការលើកតម្កើង​តម្លៃ​ជាតិខ្មែរ​ទៅកាន់​ឆាក​អន្តរជាតិ​តាមរយៈ​ការ​បំបែក​កំណត់ត្រា​ពិភពលោក​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ សកម្មភាព​នេះ គឺ​វា​បានបង្ហាញ​ពី​ការថែរក្សា​ប្រពៃណី​វប្បធម៌​ខ្មែរ បង្ហាញ​ពី​ការ​សាមគ្គី​រវាង​ខ្មែរ​និង​ខ្មែរ និង​ជាការ​លើកស្ទួយ​សិប្បកម្ម​ក្រមា​ខ្មែរ​។

​នៅ​ទីបញ្ចប់​លោក ម៉ា​នី បាន​បន្ថែមទៀតថា កូន​ខ្មែរ​គ្រប់រូប​ត្រូវតែ​ប្រឹងប្រែង​ធ្វើ​គ្រប់​កិច្ចការ​ទាំងអស់ មិន​ថា តូច ឬ​ធំ​ទេ ហើយ​រដ្ឋាភិបាល ក៏បាន និង​កំពុង​ធ្វើ​កិច្ចការ​ចម្បង​ធំៗ​ដែរ ដូចជា​៖​ការកសាង​ផ្លូវជាតិ អគារ​គ្រប់​ប្រភេទ ហេដ្ឋារចនាសម្ព័ន្ធ​ដទៃទៀត និង​ការកសាង​មូលដ្ឋានគ្រឹះ​សេដ្ឋកិច្ច​ផងដែរ​៕






Tag:
 នយោបាយ​
  ​ក្រមា​
  ​ហ៊ុន ម៉ា​នី
© រក្សាសិទ្ធិដោយ thmeythmey.com