ជាតិ
សេដ្ឋកិច្ច
នយោបាយអន្តរជាតិ
លោក ឈាង វណ្ណារិទ្ធិ៖ ការផ្លាស់ប្ដូរអំណាចពិភពលោក អាចបង្កឲ្យមានសង្គ្រាមលោកជាថ្មី រូបពីហ្វេសប៊ុកលោក ឈាង វណ្ណារិទ្ធិ
× ភ្នំពេញ៖ បរិបទពិភពលោក ដែលផ្លាស់ប្ដូរមហាអំណាចខាងមុខ នឹងអាចកើតមានសង្គ្រាមលោកសារជាថ្មី។ នេះជាការយល់ឃើញរបស់អ្នកជំនាញទំនាក់ទំនងអន្តរជាតិ ដែលពន្យល់ថា បរិបទសង្គ្រាមពិភពលោក នឹងកើតចេញពីបញ្ហាសេដ្ឋកិច្ច។
ទីប្រឹក្សាវិទ្យាស្ថានជាតិ ការទូតទំនាក់ទំនងអន្តរជាតិ និងអ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានកម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការ និងសន្តិភាព លោក ឈាង វណ្ណារិទ្ធិ បានបញ្ជាក់ថា ការប្រែប្រួលអំណាចពិភពលោក ដែលកើតចេញពីការប្រកួតប្រជែងសេដ្ឋកិច្ចនេះ នឹងអាចធ្វើឲ្យពិភពលោក ប្រឈមបញ្ហាគ្រោះថ្នាក់ នៃការផ្ទុះសង្គ្រាម។ មូលហេតុដែលនាំឲ្យមានសង្គ្រាម ដោយសារតែបណ្ដាប្រទេសមហាអំណាចកំពុងប្រទាញប្រទង់គ្នា លើការពង្រីកឥទ្ធិពលខ្លួន ដោយគ្មានគោលជំហរច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាតំបន់ និងពិភពលោក។ បើតាមលោក ឈាង វណ្ណារិទ្ធ ប្រទេសធំៗដែលនឹងទាញឲ្យពិភពលោក ធ្លាក់ចូលទៅក្នុងសង្គ្រាមជាថ្មីនេះ មានប្រទេសចិន រុស្ស៊ី និងអាមេរិក ជាដើម។
ថ្លែងនៅក្នុងសិក្ខាសាលាស្តីពីគំនិតផ្ដួចផ្ដើមផ្លូវមួយ ខ្សែក្រវាត់មួយ និងការអភិវឌ្ឍប្រទេសកម្ពុជា កាលថ្ងៃទី២ កក្កដា ទីប្រឹក្សាវិទ្យាស្ថានជាតិ ការទូតទំនាក់ទំនងអន្តរជាតិរូបនេះ បានបញ្ជាក់ដូច្នេះថា៖«ពិភពលោកបច្ចុប្បន្ននេះ កំពុងតែបែកបាក់ ហើយគ្មានប្រទេសណាមួយ ដែលក្រោកឈរដោះស្រាយបញ្ហាទេ ដូច្នេះយើងស្ថិតនៅក្នុងកាលៈទេសៈមួយពិបាក។ កាលៈទេសៈនេះ ជាកាលៈទេសៈមួយគ្រោះថ្នាក់ជាងគេ នៅក្នុងពិភពលោក ។ ហេតុផលដែលនាំឲ្យមានគ្រោះថ្នាក់នៅក្នុងពិភពលោក គឺមានការប្រកួតប្រជែងអំណាច រវាងប្រទេសមហាអំណាចចាស់ និងមហាអំណាចកើតថ្មី ។ ប្រទេសមហាអំណាចចាស់ខ្ញុំសំដៅលើសហរដ្ឋអាមេរិក ដែលកំពុងធ្លាក់ឥទ្ធិពលខ្លួន ហើយមហាអំណាចថ្មី ប្រទេសចិន កំពុងកើនឡើង និងប្រទេសរុស្ស៊ីកំពុងតែងើបឡើងដែរ…។ វាជារបត់មួយ ដែលក្នុងប្រវត្តិសាស្ត្រ នៅពេលប្រទេសមហាចាស់ធ្លាក់ ប្រទេសមហាអំណាចថ្មីកើតឡើង វានឹងឈានទៅរកសង្គ្រាមពិភពលោក»។
សូមស្ដាប់សំឡេងលោកបណ្ឌិត ឈាង វណ្ណារិទ្ធិ៖
បន្ថែមពីនេះអគ្គលេខាធិការរង នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល លោក អេង កុកថាយ បាននិយាយថា បើសិនជាមានបញ្ហាសង្គ្រាមលោកកើតឡើងមែន កម្ពុជាត្រូវរៀបចំខ្លួនឲ្យបានល្អ ដើម្បីបញ្ចៀសការរងគ្រោះ កុំឲ្យដូចសម័យសង្គ្រាមលោកលើកទី២ ពោលគឺកម្ពុជា ត្រូវរៀនសូត្រពីប្រទេសថៃ ក្នុងការសម្របខ្លួន គេចចេញពីវិបត្តិសង្គ្រាមនេះ។
សូមស្ដាប់សំឡេងលោកបណ្ឌិត អេង កុកថាយ៖
បច្ចុប្បន្ននេះអាមេរិក កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ១ ដែលជាប្រទេសមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេ ខណៈប្រទេសចិន និងជប៉ុន ឈរនៅចំណាត់ថ្នាក់លេខ២ និងលេខ៣ កំពុងតាមពីក្រោយ។ តែយ៉ាងណាមហាអំណាចសេដ្ឋកិច្ច ដែលអាមេរិកបានឈរជើងលេខ១ ចាប់តាំងពីក្រោយសង្គ្រាមលោកលើកទី២នេះ នឹងមានការផ្លាស់ប្ដូរវិញ ដោយសារកំណើនសេដ្ឋកិច្ចរបស់មហាយក្សចិន ដែលកំពុងមានសន្ទុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ចិនត្រូវបានគេព្យាករថា នឹងក្លាយជាមហាអំណាចសេដ្ឋកិច្ច ឈរចំណាត់ថ្នាក់លេខ១ នៅឆ្នាំ២០៣០ ។ ចំណែកអាមេរិក នឹងធ្លាក់ទៅចំណាត់ថ្នាក់លេខ២ ហើយឥណ្ឌា នឹងឈរនៅចំណាត់ថ្នាក់លេខ៣។ នេះបើតាមការចុះផ្សាយរបស់ Business Inside កន្លងមក៕
Tag:
ឈាង វណ្ណារិទ្ធ
ចិន
រុស្ស៊ី
អាមេរិក
សង្គ្រាមលោក
© រក្សាសិទ្ធិដោយ thmeythmey.com